+855 16 757 168     samnob@keiladaily.com
KD Logo

ឡៅ ចិត្រា ទុកការប្រកួតដណ្ដើមខ្សែក្រវាត់នៅ PNN ជាការត្រៀមសម្រាប់ស៊ីហ្កេមចុងឆ្នាំ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 156

អ្នកលេងគុនខ្មែរជើងខ្លាំង ឡៅ ចិត្រា មក មកពីក្លិបកងទ័ពឆត្រយោង៩១១ ត្រូវឈមនឹង ឡុង ជិន មកពីក្លិប ខ្លារខិនមានរិទ្ធ នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងកម្មវិធីប្រដាល់អធិរាជគុនខ្មែរ ISI PALM របស់ PNN នៅថ្ងៃទី ១៥ ខែ កញ្ញា ចុងសប្ដាហ៍នេះ មុនពេល សុខ វិន ជួប លន បញ្ញា នា ថ្ងៃទី ២២ ខែកញ្ញា នាសប្ដាហ៍ក្រោយ។ អ្នកឈ្នះនឹងឡើងទៅជួបគ្នាដើម្បីដណ្ដើមខ្សែក្រវាត់ មាសនៅវគ្គផ្ដាច់ព្រ័ត្រអមដោយប្រាក់ រង្វាន់ ៤០លានរៀល។


ឡៅ ចិត្រា ដែលចាញ់ពិន្ទុ Superlek Kiatmoo9 កាលពាក់កណ្ដាលខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅនៅសង្វៀនកម្រិតអន្តរជាតិ One Championship នាប្រទេសថៃបានថ្លែងនាពេលកន្លងទៅថ្មីៗថា រូបគេយកការហ្វឹកហាត់ត្រៀមប្រកួតដណ្ដើមខ្សែក្រវាត់ នៅភីអិនអិន និង ការប្រកួតអន្តរជាតិនានានៅក្នុងស្រុកជាទុនសម្រាប់ទៅប្រកួតស៊ីហ្គេមឆ្នាំ ២០១៩។ ក្នុងដំណាក់កាលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃកម្មវិធីអធិរាជគុនខ្មែរ បន្ទាប់ពី ឡៅ ចិត្រា វាយកីឡាករប្រដាល់ កងស្យាម របស់ថៃឲ្យសន្លប់ត្រឹមទឹកទី២។

ឡៅ ចិត្រា ដែលជាប្អូនបង្កើតរបស់ ឡៅ ស៊ីណាត និង ឡៅ ចន្ទ្រា បានដាក់គោលដៅដើរតាមគន្លងរបស់ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ ២០១៧ ដើម្បីដណ្ដើមមេដាយមាសជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ចុងឆ្នាំនេះនៅប្រទេសហ្វីលីពីន។ ការតាំងចិត្តនេះបន្ទាប់ពីរូបគេទទួលមេដាយសំរឹទ្ធរួចមកហើយនៅស៊ីហ្គេមឆ្នាំ ២០១៧ ហើយ គេក៏បានរៀនសូត្រជាច្រើនពីជ័យជម្នះ និង បរាជ័យកន្លងមកដែរ។

កូនសិស្សក្លិបឆត្រយោង៩១១ បានបង្ហើបរឿងសោកស្ដាយថា ៖« ខ្ញុំបានមេដាយសំរឹទ្ធកាលស៊ីហ្គេមកន្លងទៅ និង មិនគួរចាញ់កីឡាករម្ចាស់ផ្ទះម៉ាឡេស៊ីទេ។ ខ្ញុំស្ដាយណាស់»។

ក្រៅពីសោកស្ដាយនៅស៊ីហ្គេម កូនសិស្សរបស់លោក ហង្ស ស៊ឺន ថ្លែងសារមិនគួរឲ្យជឿទៀតថា៖«ខ្ញុំបានរៀនពី Superlek កាលប្រកួតនៅសង្វៀន ONE Championship។ ខ្ញុំស្ដាយណាស់ និង ខឹងចិត្តខ្លួនឯងទៀតផងដែលវ៉ៃគេមិនចូលសូម្បីតែមួយដៃ។ គេរហ័សណាស់ គេចលឿន និង រឹងទៀតផង។ ប៉ុន្តែនេះជារឿងដែលខ្ញុំអាចរៀនសូត្រតាមដើម្បីប្រកួតតំណាងជាតិក្នុងកម្មវិធី Kickboxing នៅស៊ីហ្គេម»។


ចិត្រា បានរៀបរាប់ថា រូបគេខិតខំប្រឹងប្រែងឲ្យខ្លាំងដើម្បីទៅចូលស៊ីហ្គេមនៅហ្វីលីពីន និង ប្រឹងខ្លាំងជាងស៊ីហ្គេម កាលឆ្នាំ ២០១៧ទៅទៀត។ ចិត្រា ចង់ឈ្នះមេដាយមាស និង សាងប្រវត្តិសាស្ត្រជូនកម្ពុជា ដូច ឃុន ឌីម៉ា ដែលមានក្បាច់បម្លាស់ទីល្អ ប្រយុទ្ធល្អ និង ក្បាច់ការពារល្អថែមទៀតផង។ កីឡាករវ័យ២១ឆ្នាំកម្ពុជានៅចងចាំបានថា ការប្រកួតទល់នឹងកីឡាករម្ចាស់ផ្ទះ Ain Bin គឺពិន្ទុដូចមិនលើសខ្វះគ្នាទេ ហើយ ក៏មិនគួរចាញ់ដែរ ព្រោះរូបគេដើរសម្រុកចូលវ៉ៃរហូត។ បែបណាក៏ដោយ វាជារឿងកន្លងផុត ប៉ុន្តែរូបគេបានរៀនសូត្រពីបទពិសោធន៍និងធ្វើឲ្យល្អនៅឆ្នាំ ២០១៩ នៅស៊ីហ្គេម។

គួរដឹងថា កាលស៊ីហ្គេម ២០១៧ នៅម៉ាឡេស៊ី ឃីម ឌីម៉ា ឈ្នះមេដាយមាសតែមួយគត់ក្នុងវិញ្ញាសា Kickboxing ជូនកម្ពុជា បន្ទាប់ពី ឈ្នះ កីឡាករថៃ Chonlawit ខណៈដែល ឡៅ ចិត្រា ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ទទួលបានត្រឹមមេដាយសំរឹទ្ធ ក្រោយចាញ់ Ain Bin Kamaprudin ដោយពិន្ទុ៕

អត្ថបទ ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖