+855 16 757 168     samnob@keiladaily.com
KD Logo

ពេជ្រ ម្ទេសខ្មាំង ប្ដេជ្ញារកមេដាយស៊ីហ្គេម យកប្រាក់រង្វាន់ធ្វើបុណ្យជូនជីតា 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 142

ពេជ្រ ម្ទេសខ្មាំង បានបង្ហាញចំណាប់អារម្មណ៍ថាការស្នាក់នៅហ្វឹកហាត់នៅ ជប៉ុន កំពុងផ្ដល់នូវបទពិសោធដ៏ល្អ ដែលបានធ្វើឲ្យប្រសើរឡើងទាំង បច្ចេកទេស និង កម្លាំង។ កីឡាករសម្បូរប្រជាប្រិយភាពរូបនេះ លើកឡើងថា ខ្លួននឹងប្រឹងប្រែងហ្វឹកហាត់ ស្វែងរកមេដាយស៊ីហ្គេម២០១៩ ដើម្បីលើកមុខមាត់ខ្លួន និងពិសេសទទួលបានប្រាក់រង្វាន់ យកទៅធ្វើបុណ្យឧទ្ទិសដល់លោកតាខ្លួន ដែលទើបចែកឋានក្នុងឆ្នាំ២០១៩នេះ។


ពេជ្រ ម្ទេសខ្មាំង ដែលមានឈ្មោះផ្លូវការថា ណាត សៀកនិន លើកឡើងថា៖”កាលស៊ីហ្គេម២០១៧ ខ្ញុំឈ្នះមេដាយសំរឹទ្ធ ខ្ញុំពិតជារំភើបបំផុត។ ខ្ញុំត្រូវបងប្អូនទាំងអស់ គោរពឲ្យតម្លៃទាំងកេរ្តិ៍ឈ្មោះ ខ្ញុំបានទាំងប្រាក់រង្វាន់ក៏ច្រើន។ ស៊ីហ្គេមលើកនេះ ខ្ញុំពិតជាចង់ឈ្នះមេដាយ ដើម្បីមុខមាត់ខ្ញុំ និងបានប្រាក់សម្រាប់ធ្វើបុណ្យដល់ លោកតាខ្ញុំ ដែលទើបចែកឋាន”។

កីឡាករមានដើមកំណើតមកពីខេត្តកណ្ដាលរូបនេះ លម្អិតថា ការស្នាក់នៅហ្វឹកហាត់នៅជប៉ុន ខ្លួនទទួលបានកម្មវិធីបង្វឹកយ៉ាងមានគុណភាពនៅក្នុងក្លិប និងការទទួលបដិសណ្ឋារកិច្ច អាហារហូបចុក និងស្នាក់នៅយ៉ាងសមស្រប។ ក្រៅពីការហ្វឹកហាត់ជាប្រចាំក្នុងក្លិបហើយនោះ ពេជ្រម្ទេសខ្មាំង បន្ថែមថា ក្រុមការងារក្លិប ក៏បានដឹកនាំ ខ្លួនឲ្យប្រកួតស្ទាបស្ទង់សមត្ថភាពជាមួយកីឡាករល្អៗនៅតាមបណ្ដាក្លិបនានា ក្នុងប្រទេសជប៉ុនផងដែរ ដែល ម្ទេសខ្មាំង អះអាងថាបានផ្ដល់ឲ្យខ្លួននូវបទពិសោធល្អបន្ថែម។ 


ពេជ្រ ម្ទេសខ្មាំង ដែលជាអ្នកប្រដាល់សកលជម្រើសជាតិកម្ពុជាតែម្នាក់គត់ដែលឈ្នះមេដាយនៅស៊ីហ្គេម២០១៧ រួមនឹងកីឡាការិនី២រូបទៀត គឺ នៅស្រីពៅ និង វី ស្រីខូច បានឆ្ពោះទៅហ្វឹកហាត់នៅក្លិបប្រដាល់សកលអាជីពមួយនៅ ទីក្រុងអូសាកា ប្រទេសជប៉ុន តាំងពីថ្ងៃទី៩កញ្ញា។ អត្តពលិកទាំងបីររូប នឹងបន្តស្នាក់នៅហ្វឹកហាត់នៅជប៉ុនរហូតដល់ចុងខែ វិច្ឆិកា មុនត្រលប់មកឆ្ពោះទៅស៊ីហ្គេម នៅ ហ្វីលីពីន នៅចុងឆ្នាំ២០១៩នេះ៕





សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖