+855 16 757 168     samnob@keiladaily.com
KD Logo

ពិធីករកីឡា ស៊ីថូ ណាថាន់ ជួយចេញថ្លៃមហាវិទ្យាល័យ ឈុត សេរីវណ្ណថង ព្រោះហេតុផល៤យ៉ាង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1411

លោក ស៊ីថូ ណាថាន់ ពិធីករកីឡាសម្បូរប្រជាប្រិយភាពប្រចាំក្រុមហ៊ុនផ្សព្វផ្សាយ CBS បានជួយចេញថ្លៃសិក្សាពាក់កណ្ដាលដល់អ្នកប្រដាល់គុនខ្មែរ ឈុត សេរីវណ្ណថង រហូតដល់ចប់ថ្នាក់មហាវិទ្យាល័យ។


កូនប្រុសលោក ម៉ា សេរី បញ្ជាក់ថា ការសម្រេចចិត្តជួយត្រួសត្រាយផ្លូវសេរីវណ្ណថង ឈានទៅក្រសោបចំណេះដឹងថ្នាក់ឧត្តមសិក្សានេះដោយសារហេតុផលសំខាន់ៗ៤យ៉ាង។

ពិធីករធ្លាប់រៀនផ្នែកព័ត៌មានវិទ្យាពន្យល់លម្អិត ៖"ទី១ ខ្ញុំចូលចិត្តអ្នករៀន ព្រោះវាបានធ្វើឲ្យខ្ញុំនឹកដល់អតីតកាលជាង២០ឆ្នាំមុន។ ឪពុកខ្ញុំបានប្រាប់ខ្ញុំថា កូនរៀនដល់ណាក៏បាន ពុករកលុយបង់ថ្លៃសាលាឲ្យ។ តែខ្ញុំមិនបានរៀនចប់ចុងចប់ដើមបំពេញក្តីបំណងរបស់គាត់បាន។ ទី២ ខ្ញុំចង់ឲ្យអ្នកប្រដាល់ខ្មែររៀនបានខ្ពស់ ព្រោះវារួមចំណែកពិសេសមួយដើម្បីបង្កើនប្រាជ្ញាពេលសិក្សាប្រដាល់ផង និងចំណេះដឹងទូទៅផង។ ទី៣ បើបោះបង់ប្រដាល់ ឬខូចខាតអវៈយវៈណាមួយដោយសារប្រដាល់ ឬវ័យកាន់តែចាស់... ចំណេះដឹងពីការរៀនសូត្របានខ្ពស់ បានច្រើន វាអាចបន្តជួយជីវភាពយើងបាន។
ទី៤ អ្នកប្រដាល់ផ្សេងទៀតក៏ខ្ញុំនឹងជួយតាមលទ្ធភាពដែលអាចជួយបាន។ ខ្ញុំសំដៅលើអ្នកចូលរៀនមហាវិទ្យាល័យ។ តែជាដំបូងគាត់ត្រូវជួយខ្លួនឯងសិន។ គឺឆន្ទៈក្នុងការសិក្សា និងហាត់ក្បាច់គុន"។

ស្វាមីអាជីករលក់សម្លៀកបំពាក់នៅផ្សារធំថ្មីដដែលបង្ហើបថា ប្រសិនបើមានលទ្ធភាពជាងនេះ លោកក៏មានបំណងបន្តជួយអ្នកប្រដាល់គុនខ្មែរផ្សេងៗទៀតដែលចង់សិក្សាបន្តផងដែរ។


គួរដឹងដែរថា ឈុត សេរីវណ្ណថង បានប្រលងជាប់ថ្នាក់ទី១២ឆ្នាំសិក្សា២០១៨/២០១៩ ដោយទទួលបាននិទ្ទេស E ហើយគេបានរៀនបន្តនៅសាកលវិទ្យាល័យបៀលប្រាយខេត្តបាត់ដំបងដោយចំណាយថ្លៃសិក្សាប្រមាណ៦០០ដុល្លារក្នុងមួយឆ្នាំ៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ 
SithoNathanMSR

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖