+855 16 757 168     samnob@keiladaily.com
KD Logo

ស៊ីហ្គេម២០១៩នេះ ឡៅ ចិត្រា ប៉ងយកលើសមេដាយសំរឹទ្ធ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 226

អ្នកប្រដាល់​គុនខ្មែរ​លំដាប់​កំពូល និងមានប្រជាប្រិយភាព ឡៅ ចិត្រា អះអាង​ថា ឱកាស​ត្រៀមចេញទៅចូលរួម​ប្រកួត​​ ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ​២០១៩ នៅប្រទេស​ហ្វីលីពីន នា​ចុងខែវិច្ឆកា ខាងមុខនេះ ខ្លួនប្ដេជ្ញាខិតខំពង្រឹងសមត្ថភាព ​ហើយ​នឹង​ធ្វើឲ្យបានល្អបំផុត ​ដើម្បី​ដណ្ដើមយក​មេដាយមកជូនជាតិមាតុភូមិ ជាលើកទី២ ក្រោយធ្លាប់ប្រជែង​បានមេដាយសំរឹទ្ធ​១គ្រឿង នាស៊ីហ្គេម ឆ្នាំ​២០១៧ កន្លងមក​។


ម្ចាស់ខ្សែក្រវាត់មាស កម្មវិធី​ “អធិរាជគុនខ្មែរ ISI PALM” រូបនេះ រៀបរាប់ថា ឆ្លងកាត់​បទពិសោធ ស៊ីហ្គេម​ ឆ្នាំ​២០១៧​កន្លងមក ខ្លួនមានមហិច្ឆតាប៉ងយកដល់មេដាយមាស ប្រសិនមានលទ្ធភាព ក្នុងព្រឹត្តិការណ៍​កីឡាអាស៊ីអាគ្នេយ៍​ឆ្នាំនេះ។


 ឡៅ ចិត្រា ឡៅ រៀបរាប់ ៖ “ការ​ប្រកួត​នៅស៊ីហ្គេម ប្រហែល​មួយប្រកួត ឬពីរ​ប្រកួត​ទៀត ខ្ញុំនឹង​ផ្អាកកា​រប្រកួត ដើម្បីត្រៀមខ្លួន​ទៅស៊ីហ្គេមឲ្យពេញលក្ខណៈ។ សម្រាប់​ខ្ញុំ នៅប្រកួតស៊ីហ្គេមឆ្នាំនេះ គឺ​គីឡូ​៦៣។ ហើយគិត​ថា ឆ្នាំហ្នឹង នឹ​ងធ្វើឲ្យបានល្អ​ជាង​ឆ្នាំកន្លងទៅ។ ព្រោះកាលមុន យើង​អត់ដឹង​ស្ថានភាពគេថ្លឹងគីឡូអី ថ្ងៃណាអីថ្ងៃណា ហើយគេអត់ដឹង​គេវ៉ៃម៉េច។ ប៉ុន្តែ​ឥឡូវយើង​ធ្លាប់ដឹងម្ដងហើយ។ ចឹងយើងហាត់​អី​តាមហ្នឹង ហើយរំពឹង​ថា​បានមេដាយ​ល្អ​ជាង​ឆ្នាំ​មុន។ អត់ទាន់ដឹង​ទេបង មេដាយមួយណាក៏បាន ប៉ុន្តែ​សំខាន់ចង់បានអាធំបំផុត។ សម្រាប់ខ្ញុំ​ គឺ​អត់បារម្ភអីទេបង ឲ្យតែយើងហាត់ពេញ យើងមានកម្លាំងគ្រប់គ្រាន់ គឺអត់ខ្លាចទាំងអស់”។


​កីឡាករ​ជម្រើសជាតិគុនខ្មែរឆ្នើម រូបនេះ បានតាំង​ចិត្ត​យ៉ាងមុតមាំ និង​ព្យាយាម​បង្កើនការ​ហ្វឹកហាត់​ ទាំង​បច្ចេកទេស ស្នៀតប្រយុទ្ធ និង​ពង្រឹង​កម្លាំង ឲ្យកាន់តែ​រឹងមាំបន្ថែមទៀត សម្រាប់ការ​​ត្រៀមតំណាងជាតិ ឆ្ពោះទៅ​ដណ្ដើមមេដាយ​ ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេមជា​លើកទី២​របស់​ខ្លួន នា​ឆ្នាំ​២០១៩នេះ នៅប្រទេស​ហ្វីលីពីន​។

សូមបញ្ជាក់ថា ឡៅ ចិត្រា ជា​ម្ចាស់មេដាយសំរឹទ្ធ​គុនខ្មែរ ស៊ីហ្គេម ឆ្នាំ​២០១៧ នៅប្រទេស​ម៉ាឡេស៊ី និង​ទើប​គ្រង់ខ្សែក្រវាត់មាស អមដោយប្រាក់រង្វាន់​៤០លានរៀល ក្នុងកម្មវិធី “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន កាលពី​ពេលថ្មីៗ​កន្លងមកផង​ដែរ​។ អ្នកប្រយុទ្ធ​ជួរមុខកម្ពុជា រូបនេះ នឹងត្រូវចូលរួម​ប្រកួតប្រជែង​គុនខ្មែរ ប្រភេទទម្ងន់៦៣.៥គីឡូក្រាម ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម ​លើកទី​៣០ នៅប្រទេសហ្វីលីពីន ដែលប្រព្រឹត្តិទៅ​ ​ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩​ ខាងមុខ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖