+855 16 757 168     samnob@keiladaily.com
KD Logo

ធន់ អៀនឡៃ ថាទម្ងន់ជើង ឃុមផ្យាក់ ធ្វើឲ្យខ្លួនខូចដៃតាំងពីដើមទឹក៤ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 125

ការប្រកួតយ៉ាងស្វិតស្វាញពេញប្រាំទឹក លទ្ធផលបានត្រឹមស្មើពិន្ទុ ជើងខ្លាំងគុនខ្មែរស្បែកតាន់ ធន់ អៀនឡៃ បង្ហើបថា មូលហេតុខ្លួនពុំអាចយកឈ្នះ ឃុមផ្យាក់ ធីដេតកៅកៅ នៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន កាលពីថ្ងៃអាទិត្យ ព្រោះអ្នកប្រដាល់ថៃរូបនេះ បានទាត់ឲ្យខ្លួនខូចដៃឆ្វេង តាំងពីដើមទឹក៤មកម៉្លេះ ដែលពុំអាចបន្តវាយសម្រុក ដោយបានត្រឹមចូលកៀកឡាំការពារខ្លួនប៉ុណ្ណោះ។


អ្នកប្រយុទ្ធដើមកំណើតពីខេត្តកំពង់ឆ្នាំង រៀបរាប់បែបថា ខ្លួនពិតជាសោកស្ដាយ ដែលធ្វើពុំបានល្អ សម្រាប់ការប្រកួតមួយនេះ។

អៀនឡៃ ពន្យល់៖ “ បាទបង ខ្ញុំសោកស្ដាយដែរ ដែលធ្វើពុំសូវបានល្អ ដោយសារទឹក៤ ខ្ញុំចូលជើងគេ ឈឺដៃ។ សម្រាប់កម្លាំងស៊ុសអត់អីទេបង បញ្ហាធំគឺដៃតែម្ដង។ បាទបង ពេលខ្ញុំមានបញ្ហាដៃចឹង មានតែចូលឡាំ ទោះយើងដឹងថា ឡាំមិនឈ្នះគាត់ ក៏ត្រូវតែចូលដែរ ព្រោះមិនហ៊ានវាយប្រយោលទេ ខ្លាចខូចដៃ។ បាទបង យើងចូលទឹក៤បានបន្តិច យើងខូចដៃភ្លាម។ បាទបង គាត់ល្អទាំងអស់ ទាំងដៃ កែង និងទាត់ ហើយបញ្ហាធំរបស់ខ្ញុំ គឺគាត់ទាត់ធ្ងន់”។

ជើងខ្លាំងទម្ងន់ស្រាល នៃក្លិបប្រដាល់សមាគមក្រសួងការពារជាតិ អះអាងថា នឹងបន្តខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ហើយប្រសិនជាមានឱកាស ខ្លួននឹងស្វាគមន៍កីឡាករថៃ ឃុមផ្យាក់ សារជាថ្មី ប៉ុន្តែកូនសិស្សគ្រូ ធន់ សុភា រូបនេះ ស្នើសុំប្រកួតប្រភេទទម្ងន់៥៤គីឡូក្រាមវិញម្ដង។

អៀនឡៃ បន្ត៖ “បាទបង ឲ្យប៉ះសារជាថ្មី ខ្ញុំនឹងប្រកួត ប៉ុន្តែសុំគីឡូ៥៤ ព្រោះអីគីឡូខ្ញុំបានត្រឹមតែ៥៦ទេ។ ព្រោះគីឡូ៥៤ យើងមានកម្លាំងប្រហាក់ប្រហែលគ្នា តែបើយើងឡើងមក៥៧ ហើយស្រុកខ្មែរយើងគេតម្រូវឲ្យលើសមួយគីឡូ ចឹងគេអាច៥៨ យើងតូចជាងគេ និងចាញ់កម្លាំងគេ”។


សូមជម្រាបថា ជំនួបមិត្តភាពអន្តរជាតិ រវាង ធន់ អៀនឡៃ និងជើងខ្លាំងថៃ ឃុមផ្យាក់ ធីដេតកៅកៅ ពុំទាន់អាចរកអ្នកឈ្នះចាញ់នោះទេ ដោយពួកគេទាំងពីរលទ្ធផលបានត្រឹមស្មើពិន្ទុ ក្រោយប្រកួតពេញប្រាំទឹកយ៉ាងស្វិតស្វាញ កាលពីថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា នៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖