+855 16 757 168     samnob@keiladaily.com
KD Logo

រត់ប្រណាំងអន្លង់វែងនឹងមានការប្រកួតគុនខ្មែរប៉ះថៃ៦គូ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 299

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា ឲ្យដឹងថា នឹងមានការប្រកួតគុនខ្មែរប៉ះថៃចំនួន៦គូលាយឡំក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្លង់វែងលើកទីពីរ ឆ្នាំ២០២០ ពីចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកុម្ភៈ។ 


រូបតំណាង

សម្រាប់ប្រភេទកីឡាករវិញ ឯកឧត្តមបង្ហើបថា នឹងជ្រើសរើសយកអ្នកកម្រិតមធ្យមប៉ុណ្ណោះ ហើយឯកឧត្តមទៅកាន់ភាគីថៃចម្រាញ់យកកម្រិតប្រហាក់ប្រហែលគ្នាផងដែរ ព្រោះត្រឹមជាការប្រកួតបែបកម្សាន្ដប៉ុណ្ណោះអំឡុង៣ថ្ងៃនោះ។ 

គួរដឹងដែរថា ព្រឹត្តិការណ៍រត់ប្រណាំងអន្លង់វែងរៀបចំឡើងដោយស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យសហការជាមួយខេត្តស៊ីសាកេត និងខេត្តសុរិន្ទ។

ក្រៅពីរត់ប្រណាំង និងប្រដាល់ ក៏មានការប្រកួតកីឡាយ៉ាងច្រើនទៀត បូករួមទាំងការតាំងពិពរណ៍, ប្រគំតន្ត្រី និងការកម្សាន្ដផ្សេងៗទៀតនៅតំបន់ភ្នំដងរែក និងក្បែរផ្ទះអតីតមេដឹកនាំខ្មែរក្រហម តាម៉ុក តែម្ដង។ 


ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងនាមរួមស្មារតីបងប្អូនរវាងភាគីប្រទេសទាំងពីរ និងដើម្បីទទួលបានអំណរសាទរពីប្រជាពលរដ្ឋទាំងសងខាងជាប់ព្រំដែន។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា គោលបំណងមានច្រើន តែអ្វីរួមគ្នាគឺបំណងក្នុងន័យរក្សាមិត្តភាព សាមគ្គីភាព ប្រទេសជិតខាង និងខេត្តជាប់គ្នាឲ្យប្រជាជនមានទំនាក់ទំនងគ្នាល្អ។ ម្យ៉ាងក៏មានបំណងទាក់ទាញជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវប្បធម៌ និងបង្ហាញពីសន្តិភាព ឲ្យទេសចរបានចូលទស្សនាតំបន់អន្លង់វែងដែលកំពុងតែមានការអភិវឌ្ឍ។


ឯកឧត្តមលើកឡើងថា អ្នកខ្លះនៅមានអារម្មណ៍ភ័យខ្លាចអន្លង់វែង តែធាតុពិតអន្លង់វែងកំពុងអភិវឌ្ឍ និងក្លាយជាតំបន់ទេសចរណ៍។ ដូច្នេះតាមគោលនយោបាយរដ្ឋាភិបាលគឺប្រែក្លាយអន្លង់វែងជាគោលដៅទេសចរណ៍ពិសេស ពីតំបន់បញ្ចប់សង្គ្រាមចុងក្រោយរបស់អង្គការចាត់តាំងខ្មែរក្រហម៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖