+855 16 757 168     samnob@keiladaily.com
KD Logo

ម៉ឺន សុភា បន្ត​បាត់​មុខ​ពី​សង្វៀន​ក្រោម​កម្ដៅនៃការ​បាក់ទឹកចិត្ត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 351

អ្នក​លេង​កណ្ដាប់​ថ្ម​ ម៉ឺន សុភា បាន​បន្ត​បាត់​មុខពីសង្វៀនរយៈពេល​​ជាង២ខែ​​ហើយ បន្ទាប់​ពី​ការ​ចាញ់​​កីឡាករប៉េរូ Grabriel Mazzetti លើ​រេញ​ ថៃហ្វៃ កាលថ្ងៃ​ទី ២៣វិច្ឆិកា ២០១៩។ អវត្តមាន​របស់ ម៉ឺន សុភា ពីក្រសែភ្នែក​អ្នក​និយម​គុនខ្មែរ កំពុង​បង្កើត​ឲ្យ​​មានការ​ងឿងឆ្ងល់ ថា​តើ​ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម ២០១៧ រូ​បនេះ នឹង​បញ្ចប់អាជីព​របស់ខ្លួន​ រឺ​ក៏​ជា​ការសម្រាក។


ម៉ឺន សុភា បន្ទាប់​ពី​ការ​​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន ដែល​បាន​រង​ការ​រិះគន់​​ខ្លាំង​ពី​អ្នកនិយម​គុនខ្មែរ​មួយ​ចំនួន នៅ​តែ​​​បន្ត​ស្ងប់ស្ងាត់ ទាំង​លើ​សង្វៀន និង​លើ​បណ្ដាញ​ព័ត៌មាន អំពីអនាគត​នៃជីវិត​លើ​សង្វៀន​របស់​ខ្លួន​ រហូត​មក​ដល់​សព្វថ្ងៃ​នេះ​។

ក្នុងការ​និយាយជា​ឯកជន មក​កាន់​ក្រុម​កាងារ​យើង អ្នក​លេង​កណ្ដាប់​ ម៉ឺន សុភា បាន​បង្ហាញពី​ភាព​ស្ទាក់​ស្ទើរ​ និង​ការ​បាក់ទឹកចិត្ត​​អាជីព​លើ​រេញ​របស់​ខ្លួន បើទោះចិត្ត​នៅ​តែ​ស្រលាញ់។ ម៉ឺន សុភា ទំនង​នឹង​មានភាគរយ​ខ្ពស់​ក្នុង​ការ​បញ្ចប់​អាជីព និង​​បាន​ទម្លាយពីអារម្មណ៍ពិតចំពោះអនាគត់នៃអាជីព​របស់​ខ្លួន​​ថា៖ (បើ​បន្ត​ទៀតក៏ពិបាកដែរបងព្រោះវ័យយើងក៏ច្រើន។ បើ​យើង​ឈ្នះមិនអីទេ តែយើង​ចាញ់ទៀត ពិបាកដែរ។ មិនច្រើន​ទេ តែ​អ្នក​មួយ​ចំនួន​គាត់​ជេខ្លាំងនាស់ ជេដល់​ឪពុក​ម្ដាយ​ខ្ញុំ​ទៀត។ ពិបាកណាស់​បងអើយ តែចិត្ត​ខ្ញុំ​ ខ្ញុំ​នៅតែ​ស្រលាញ់)។ ​


លោក ធន់ សុភា ដែល​ជា​គ្រូ​បង្វឹក​របស់ ម៉ឺន សុភា ក្នុង​បទ​សម្ភាស​កន្លង​មក​ឲ្យ​ដឹង​ដែរថា ម៉ឺន សុភា បាន​រងការ​ទង្គិចផ្លូវអារម្មណ៍ជា​ខ្លាំង ពី​ការ​រិះគន់​មួយចំនួន ដែល​លោក​យល់​ថា​ជា​ការ​ជេ​ប្រមាថ ចំពោះ​លទ្ធផល​នៅ Thai Fight កាលខែវិច្ឆិកា២០១៩។ លោក ធន់ សុភា បាន​និយាយថា​លោកស្ដាយទេពកោសល្យ​និង​ការ​ប្រឹងប្រែង​របស់ ម៉ឺន សុភាកន្លង​មក​ ប្រសិន​ ម៉ឺន​ សុភា បាក់ទឹកចិត្តរហូត​បញ្ចប់​អាជីព។ ក្នុង​បទសម្ភាសនោះ លោក ក៏​បានអំពាវឲ្យ​​អ្នក​និយម​គុនខ្មែរ ផ្លាស់ប្ដូរ ពី​ការរិះគន់បែបជេប្រមាថ មក​រិះគន់​ក្នុង​រូបភាពកែលម្អរ។

ធន់ សុភា បាន​និយាយ​មក​កាន់​ក្រុម​កាងារយើង ថា (ម៉ឺន សុភា មិនបាន​មក​ហ្វឹកហាត់​ទៀតឡើយ ​តាំង​ក្រោយចាញ់នៅ Thai Fight​។ គាត់​បាក់​ទឹកចិត្ត​និងការ​ជេរប្រមាថ គាត់ឈឺជង្គង់​ផង មិនដឹងថា​យ៉ាងម៉េចទេ ប៉ុន្តែ​យ៉ាងណាខ្ញុំ​ចង់​ឲ្យ​គាត់​មក​ជួយ​បង្ហាត់ បើ​សិន​គាត់​បោះបង់ការឡើងរេញ)។



គួររំលឹកថា ម្ចាស់​មេដាយ​ប្រាក់ស៊ីហ្គេម ២០១៧ ម៉ឺន សុភា បាន​រង់ការរិះគន់ និង​ជេប្រមាថ ខ្លាំង​ក្នុង​ការ​ប្រកួត​ក្រៅស្រុក ២​លើក​ចុង​ក្រោយ​ គឺ​ការសន្លប់​ក្រោម​ថ្វីដៃ ឌីសែលលេក កាលខេសីហា ហើយ​កម្ដៅនៃ​ការ​រិះគន់​កាន់តែ​ដុត​រោលអ្នក​លេង​កណ្ដាប់ដៃរូប​ទៀតកាន់តែ​ខ្លាំង​ទៀត ក្នុង​បរាជ័យនៅ Thai Fight តទល់​ជើង​ខ្លាំង ប៉េរ៉ូ Gabriel Mazzetti កាលខែវិច្ឆិកា ២០១៩៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖