+855 16 757 168     samnob@keiladaily.com
KD Logo

ធន់ អៀនឡៃ បន្តយកជ័យលើម៉ន ភារម្យ ខណៈឫទិ្ធ សាស្ត្រាវុធ សងសឹកម៉ន វណ្ណី បានសម្រេច 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 109

ទោះទើបវិលត្រលប់មកកាន់សង្វៀនក្រោយសម្រាកកន្លះឆ្នាំដោយសាររបួសបាក់ឆ្អឺងដៃ ជើងខ្លាំងកំពុងរះ ធន់ អៀនឡៃ នៅតែអាចបន្តក្រសោបបានជ័យជម្នះសាជាថ្មីលើគូប្រកួតចាស់ ម៉ន ភារម្យ លើសង្វៀនអធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា។

ក្នុងជំនួប៣ទឹក អៀនឡៃ សិស្សគុនមជ្ឈមណ្ឌលកីឡាប្រដាល់កងយោធពលខេមរភូមិន្ទហាក់មានប្រៀបលើរៀមច្បង ម៉ន ភារម្យ កូនសិស្សលោក ម៉ាង ម៉ន តាំងពីទឹកទីមួយ។ ទោះភារម្យព្យាយាមចេញគ្រប់ផ្លែ គ្រប់ស្នៀត ប៉ុន្តែអៀនឡៃ នៅតែអាចកាត់ចង្វាក់ និងសន្ធាប់យកពិន្ទុបានវិញ។ ដូច្នេះនេះជាជ័យជម្នះលើកទី៣សម្រាប់ ធន់ អៀនឡៃ ក្នុងចំណោមការប៉ះគ្នា៣លើក។


ចំណែកត្រកូលម៉នម្នាក់ទៀត គឺម៉ន វណ្ណី បានរងបរាជ័យក្នុងការប្រកួតលក្ខណៈសងសឹកដូចគ្នា ដោយមិនអាចការពារតំណែងជ័យជម្នះរបស់ខ្លួនបានទេពេលប៉ះឫទ្ធិ សាស្ត្រាវុធ ជាលើកទី៣។

៤ឆ្នាំមុននៅលើរេញ PNN វណ្ណី បានចាញ់ពិន្ទុសាស្ត្រាវុធ តែក៏វាយសន្លប់វិញនៅសង្វៀនផ្សេង។ ដោយឡែកក្នុងការប៉ះគ្នាលើកទី៣នេះ សាស្ត្រាវុធ មានប្រៀបខ្លាំងលើម៉ន វណ្ណី ទាំងកម្លាំង និងក្បាច់ស្នៀត រហូតដណ្ដើមបានជ័យជម្នះដូចបំណង។

សម្រាប់លទ្ធផលផ្សេងៗទៀត ស៊ុន ប៊ុនសាន់ សិស្សគុននាគរាជចតុមុខ ឈ្នះពិន្ទុម៉ៅ រិទ្ធី របស់យុវជនវាលស្បូវខណ្ឌច្បារអំពៅ , ឆន ឆៀងវ៉ាន់ មកពីកងកេងមានឫទ្ធិ ខេត្តបាត់ដំបង ចាញ់ពិន្ទុពេជ្រ កក្កដា របស់ចលនាយុវជនកម្ពុជា១៥៧, ឡុង រ៉ាមី របស់ខ្លារខិនមានរិទ្ធិ ឈ្នះពិន្ទុអាន ទាវ មកពីយុវជនវាលស្បូវខណ្ឌច្បារអំពៅ និងគូថ្នាល ភូ យ៉េន មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទស្មើពិន្ទុ ស្រីបូទី ដារ៉ូ របស់នាគរាជចតុមុខ។

គួរបញ្ជាក់ថា អធិរាជគុនខ្មែរ ISI PALM - ISI PIPE ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន - ទំព័រហ្វេសប៊ុក PNN Sports និងទំព័រហ្វេសប៊ុក ISI STEEL រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖