+855 16 757 168     samnob@keiladaily.com
KD Logo

ឃីម បូរ៉ា ទុក២០២០ ជាឆ្នាំដ៏ជោគជ័យរបស់ខ្លួន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 579

ក្រោយក្រសោបបានទីផ្សារប្រកួតញឹកញាប់ រួមទាំងការដណ្ដើមបានជ័យជំនះជាបន្តបន្ទាប់ និងទើបគ្រងខ្សែក្រវាត់លើដំបូងនាពេលថ្មីៗនេះ អ្នកប្រដាល់គុនខ្មែរ ឃីម បូរ៉ា បានលើកឡើងថា ឆ្នាំ២០២០នេះ គឺជាឆ្នាំដែលខ្លួនជោគជ័យបំផុតក្នុងអាជីពគុនខ្មែរដែលប្រឡូកជាង១០ឆ្នាំកន្លកមក។


បន្ទាប់ពីយកឈ្នះពិន្ទុមិត្តរួមអាជីព គង់ ហូវ នៅលើសង្វៀនអធិរាជគុនខ្មែរ ISI PALM-ISI PIPE កាលពីថ្ងៃអាទិត្យកន្លងទៅ ប្អូនប្រុសបង្កើតម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៧ ឃុន ឌីម៉ា បានរៀបរាប់ថា គិតទៅឆ្នាំ២០២០ គឺសម្រេចបំណងបានច្រើនជាពិសេសការដណ្ដើមបាន ខ្សែក្រវាត់មួយខ្សែ ព្រោះថាតាំងពីចូលប្រឡូកវិស័យប្រដាល់មក ខ្លួនបានត្រឹមជើងឯករងប៉ុណ្ណោះ ។

បូរ៉ា ពន្យល់ ៖” បើនិយាយរឿងជោគជ័យខ្ញុំគិតថាឆ្នាំនេះហើយ ដែលខ្ញុំជោគជ័យជាងគេ ព្រោះថារាល់ដងទោះបីមានប្រកួតច្រើនមែន តែមិនដែលបានខ្សែក្រវាត់ទេ ឲ្យតែឡើងដល់វគ្គផ្ដាច់ព្រ័ត្រចាញ់គេរហូត ចឹងទើបហ្នឹងលើកទី១ហើយ ដែលបានខ្សែក្រវាត់”។

បន្ថែមលើនេះ អ្នកប្រដាល់គុនខ្មែរជ្រកក្រោមក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ រូបនេះ អះអាងថា វិស័យគុនខ្មែរនេះហើយ បានជួយដល់ខ្លួនច្រើនលើសពីការរំពឹងទុក ពោលគឺទាំង ថវិកាក្នុងការសិក្សាកន្លងមក ការធ្វើផ្ទះ ទិញរថយន្ត រៀបអាពាហ៍ពិពាហ៍ និងទទួលបានក្របខ័ណ្ឌ ក្នុងសមាគមក្រសួងការពារជាតិ។

 ឃីម បូរ៉ា បន្ថែម ៖” បានបើនិយាយពីវិស័យប្រដាល់គឺជួយខ្ញុំច្រើនស្ទើរតែគ្រប់មុខហើយ បើរៀបរាប់ទៅតាំងពីលុយកាកក្នុងការសិក្សា លុយយកប្រពន្ធ ធ្វើផ្ទះ ទិញឡាន សុទ្ធតែបានមកពីប្រដាល់ទាំងអស់។ បើនិយាយពីការរំពឹងដំបូងឡើយមិនដែលថាបានដូចសព្វថ្ងៃទេ ព្រោះកាលនៅកូនក្មេងវ៉ៃបានលុយតិចៗពេក ៥ពាន់ ១ម៉ឺន អីចឹងទៅ ចឹងមិននឹកស្មានថាលូវបានដល់ថ្នាក់នេះ ហើយមួយទៀតគឺក្របខណ្ឌ មិនដែលគិតថាបានទេ តែបានមេជួយ។”


សូមជម្រាបជូនថា កម្មវិធីអធិរាជគុនខ្មែរ ISI PALM – ISI PIPE សប្ដាហ៍នេះ នឹងបញ្ចប់មន្ទិលអ្នកគាំទ្រជាច្រើន ជុំវិញការទន្ទឹងរង់ចាំថាតើអ្នកណាក្លាយជាអធិរាជទម្ងន់៥៧គីឡូក្រាម។ នៅថ្ងៃអាទិត្យ ទី០៥ កក្កដា នេះរវាង អេលីត ចំរើន និង វ៉ាន់ វឿន នរណាជាម្ចាស់ខ្សែក្រវាត់មាស និងប្រាក់រង្វាន់ ៤០លានរៀល កុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ PNN និងpage facebook PNN Sports, page facebook ISI Steel ចាប់ពីម៉ោង១២ ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖