+855 16 757 168     samnob@keiladaily.com
KD Logo

សង្វៀនបាយ័នស្ទឹងមានជ័យចាប់ដៃស្រាបៀរកម្ពុជាបន្តរកជើងឯករដូវកាលទីពីរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 3288

បន្ទាប់ពីបញ្ចប់ការប្រកួតរដូវកាលទីមួយដោយជោគជ័យ ក្រុមហ៊ុនស្រាបៀរកម្ពុជា សហការជាមួយសង្វៀនស្ថានីយទូរទស្សន៍បាយ័នស្ទឹងមានជ័យបានរៀបចំការប្រកួតដណ្ដើមជើងឯក CAMBODIA រដូវកាលទីពីរ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា។


សម្រាប់ការប្រកួតរដូវកាលថ្មីនេះធ្វើឡើងក្នុងប្រភេទទម្ងន់៦៣គីឡូក្រាម៥០០ ប្រមូលផ្ដុំដោយជើងខ្លាំង៨រូបបែងចែកជាពីរពូល គឺ A និង B។ ចំពោះពូល A មាន សល់ ពិសិដ្ឋ មកពីក្លិបកុសលកីឡា, វី សម្ផស្ស ក្លិបនាគរាជមានជ័យ, សល់ ពិសិដ្ឋ ក្លិបអេភូថងកីឡា និងណាម ម៉ូរ៉ាក់ ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង។ ចំណែកពូល B មាន ស៊ឹម វ់ាន់ដេត ក្លិបអាណាចក្រគុនខ្មែរ, ខាំ សាបាន ក្លិបរ៉ាហាប់ស្វាយប៉ាក និងឡូញ វ៉ាន់ឌី ក្លិបពន្លឺវិបុលដារិទ្ធិ និងព្រឿង សុជាតិ ក្លិបកងពលធំលេខពីរ។ រូបមន្តការប្រកួត គឺកីឡាករក្នុងពូលដូចគ្នាមិនប៉ះគ្នាទេក្នុងវគ្គសន្សំពិន្ទុ ដោយប្រកួតឆ្លងពូល។

កីឡាករលេខមួយ និងលេខពីរតាមពូលនីមួយៗនឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តរហូតរកឃើញជើងឯកនៅវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែតុលា។ ជើងឯកនឹងទទួលបានប្រាក់រង្វាន់៣០០០ដុល្លារអាមេរិក, លេខពីរ ២០០០ដុល្លារ, លេខ៣ បាន១០០០ដុល្លារ និងលេខ៤ បាន៧៥០ដុល្លារ។


លោក នាង ស៊ីវុត្ថា ប្រធានផ្គូផ្គងប្រដាល់គុនខ្មែរប្រចាំស្ថានីយទូរទស្សន៍បាយ័ន និង BTV បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា នេះថា លោកមានអារម្មណ៍សប្បាយចិត្តដែលកម្មវិធីប្រដាល់បាយ័នទទួលបានការគាំទ្រច្រើន ទោះមិនទាន់អាចចូលរួមទស្សនាផ្ទាល់ តែប្រជាពលរដ្ឋបានតាមដានជាប់លើបណ្ដាញសង្គម។ ដូច្នេះគណៈគ្រប់គ្រងសម្រេចសម្រិតសម្រាំងកីឡាករល្អៗសម្រាប់ការប្រកួតរដូវកាលថ្មី។ លោកក៏បានអំពាវនាវបេក្ខជនទាំងអស់រក្សាទម្ងន់ឲ្យបានល្អ និងជាពិសេសប្រកួតប្រកបដោយក្រមសីលធម៌។

គួររំឭកថា ជើងឯករដូវកាលទីមួយស្រាបៀរកម្ពុជានៅសង្វៀនបាយ័នស្ទឹងមានជ័យបានទៅលើកីឡាករវ័យក្មេង ប៊ុន សុផុត មកពីក្លិបអេភូថងកីឡា ដែលបានយកឈ្នះផាន់ ប៊ុនរ៉ុង របស់សមាគមកីឡាប្រដាល់នៃកងយោធពលខេមរភូមិន្ទ ដោយពិន្ទុ។ ចំណែកចំណាត់ថ្នាក់លេខ៣បានទៅលើអេលីត ឡុងឡី មកពីក្លិបប៉ែនកាក់គុនខ្មែរនៃក្រសួងមហាផ្ទៃ ក្រោយឈ្នះពិន្ទុកីឡាករ ម៉ិល សារុន របស់អាណាចក្រគុនខ្មែរ។


គួរបញ្ជាក់ថា កម្មវិធីប្រកួតគុនដណ្ដើមជើងឯក CAMBODIA រដូវកាលទីពីរ ផ្សាយផ្ទាល់លើទូរទស្សន៍ BTV រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨ព្រឹកតទៅ។​ ដោយឡែក លទ្ធផលបើកឆាកនៅព្រឹកថ្ងៃអាទិត្យ ទី១២ កក្កដា វី សម្ផ័ស្ស ឈ្នះឡូញ វ៉ាន់ឌី នៅទឹកទី៣ ខណៈស៊ឹម វ៉ាន់ដេត ឈ្នះពិន្ទុ សល់ ពិសិដ្ឋ៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖