+855 16 757 168     samnob@keiladaily.com
KD Logo

សោម ពិសិដ្ឋ ដណ្ដើមបានជើងឯក Cambodia រដូវកាលទីពីរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 207

យុទ្ធនាការស្វែងរកជើងឯកគុនខ្មែរស្រាបៀរកម្ពុជារដូវកាលទីពីរដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០មកនោះបានរកឃើញម្ចាស់ជយលាភីហើយនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា នេះ ដែលបានទៅលើអ្នកប្រដាល់វ័យក្មេង សោម ពិសិដ្ឋ។ 


សិស្សគុនក្លិបអេភូថងកីឡាបានយកឈ្នះវី សម្ផស្ស របស់ក្លិបនាគរាជមានជ័យដោយពិន្ទុ។ ក្នុងការប្រកួតយ៉ាងតានតឹងនេះ អ្នកទាំងពីរបានប្ដូរគ្រប់ស្នៀត១០០ភាគរយតែម្ដង ខណៈគណៈកម្មការគ្រប់គ្រងក៏បានព្រមានមិនឲ្យលាក់ក្បាច់រៀងៗខ្លួន។



ចំណែកចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករ ព្រឿង សុជាតិ មកពីក្លិបកងពលធំលេខពីរនៃក្រសួងការពារជាតិ ដែលបានយកឈ្នះលើកីឡាករជើងចាស់ សល់ ពិសិដ្ឋ របស់ក្លិបកុសលកីឡា។



សម្រាប់ម្ចាស់ជើងឯក គឺកីឡាករ សោម ពិសិដ្ឋ ទទួលបានប្រាក់រង្វាន់៣០០០ដុល្លារអាមេរិក, លេខពីរ វី សម្ផស្ស បាន២០០០ដុល្លារ, លេខ៣ ព្រឿង សុជាតិ បាន១០០០ដុល្លារ និងលេខ៤ សល់ ពិសិដ្ឋ បាន៧៥០ដុល្លារ។

គួរដឹងដែរថា ការប្រកួតឯកគុនខ្មែរ Cambodia រដូវកាលថ្មីទីពីរធ្វើឡើងក្នុងប្រភេទទម្ងន់៦៣គីឡូក្រាម៥០០ ប្រមូលផ្ដុំដោយជើងខ្លាំង៨រូបបែងចែកជាពីរពូល គឺ A និង B។ ចំពោះពូល A មាន សល់ ពិសិដ្ឋ មកពីក្លិបកុសលកីឡា, វី សម្ផស្ស ក្លិបនាគរាជមានជ័យ, សោម ពិសិដ្ឋ ក្លិបអេភូថងកីឡា និងណាម ម៉ូរ៉ាក់ ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង។ នៅពូល B មាន ស៊ឹម វ់ាន់ដេត ក្លិបអាណាចក្រគុនខ្មែរ, ខាំ សាបាន ក្លិបរ៉ាហាប់ស្វាយប៉ាក និងឡូញ វ៉ាន់ឌី ក្លិបពន្លឺវិបុលដារិទ្ធិ និងព្រឿង សុជាតិ ក្លិបកងពលធំលេខពីរ។ រូបមន្តការប្រកួត គឺកីឡាករក្នុងពូលដូចគ្នាមិនប៉ះគ្នាទេក្នុងវគ្គសន្សំពិន្ទុ ដោយប្រកួតឆ្លងពូល។


លទ្ធផលការប្រកួតក្នុងពូលយ៉ាងស្វិតស្វាញ គឺពូល A រកឃើញជើងខ្លាំង៣រូបមាន សោម ពិសិដ្ឋ, វី សម្ផស្ស និងសល់ ពិសិដ្ឋ។ នៅពូល B គឺមានតែ ព្រឿង សុជាតិ ម្នាក់ប៉ុណ្ណោះ មានពិន្ទុគ្រប់គ្រាន់ដើម្បីបានឡើងទៅកាន់វគ្គបន្ត។


គួររំឭកថា ជើងឯករដូវកាលទីមួយស្រាបៀរកម្ពុជានៅសង្វៀនបាយ័នស្ទឹងមានជ័យបានទៅលើកីឡាករវ័យក្មេង ឌុន សុភុត មកពីក្លិបអេភូថងកីឡា ដែលបានយកឈ្នះផាន់ ប៊ុនរ៉ុង របស់សមាគមកីឡាប្រដាល់នៃកងយោធពលខេមរភូមិន្ទ ដោយពិន្ទុ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖