+855 16 757 168     samnob@keiladaily.com
KD Logo

ជម្រើសជាតិ ទូច ដេវីត យកឈ្នះគូប្រជែង ខុន ឌីណា Ultimate Boxing Championship 2021

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 147

CAMSOC-ភ្នំពេញ៖ គូឯកប្រចាំសប្តាហ៍ទី២ នៃព្រឹត្តិការណ៍កីឡាប្រដាល់សកល Ultimate Boxing Championship 2021 កីឡាករ ទូច ដេវីត មកពីក្លឹបអារុណរះកីឡា និងជាកីឡករជម្រើសជាតិបានយកឈ្នះកីឡាករមកពីក្លឹបតាឯកដំបងដែកមានរិទ្ធ ខេត្តព្រៃវែង ខុន ឌីណា ដោយពិន្ទុ នៅក្នុងការប្រកួតកាន់តែទាក់ទាញកាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។


ការប្រកួតដ៏ជក់ចិត្តនៃគូឯកប្រចាំសប្តាហ៍ទី២ លើប្រភេទទម្ងន់៦០គីឡូក្រាមនេះ ព្រមទាំង៥ប្រកួតផ្សេងទៀត ជាពិសេសសហព័ន្ធក៏បានរៀបចំការប្រកួតនារី១ប្រកួតផងដែរ ដោយទទួលបានការគាំទ្រពីមហាជន តាមរយៈការផ្សាយផ្ទាល់លើ Page សហព័ន្ធកីឡាប្រដាល់សកល និង Page ដៃគូ ជាច្រើនទៀត។


ចំពោះគូឯករង ដែលជាការប្រកួតផ្នែកនារី គឺកីឡាការិនី នៅស្រីពៅ និងកីឡាការិនី វី ស្រីស្រស់ លើប្រភេទទម្ងន់ ៥៧គីឡូក្រាម បញ្ចប់ជាមួយនឹងលទ្ធផលស្មើគ្នា បន្ទាប់ពីតស៊ូជាមួយគ្នាយ៉ាងស្វិតស្វាញជក់ចិត្តយ៉ាងខ្លាំងផដែរ។
ដោយឡែកគូពិសេសលើប្រភេទទម្ងន់ ៤៩គីឡូក្រាម គឺកីឡាករ អំ ខេម មកពីក្លឹបអារុណរះកីឡា បានយកឈ្នះដោយពិន្ទុលើកីឡាករ ឈុន ប្រាក់កាក់ មកពីក្លឹបតាឯកដំបងដែកមានរិទ្ធ ខេត្តព្រៃវែង។ ក្រៅពីនេះ ក៏មាន៣ប្រកួតបើកឆាកផ្សេងទៀត ដែលជួយអង្រួនឲ្យសង្វៀន Ultimate Boxing Championship 2021 កាន់តែកក្រើកយ៉ាងខ្លាំងប្រចាំសប្តាហ៍ទី២នេះផងដែរ។


លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការផ្គូរផ្គងរបស់គណៈកម្មការបច្ចេកទេស ដោយក្រោយបញ្ចប់ការប្រកួតនីមួយៗ គឺមានកម្រិតប្រហាក់ប្រហែលគ្នា មិនមានកម្រិតបច្ចេកទេសខុសគ្នាឆ្ងាយពេកទេ។ ជាក់ស្តែង នៅសប្តាហ៍ទី២នេះ មិនមានកីឡករ កីឡាការិនីណាម្នាក់សន្លប់ទេ គឺឈ្នះចាញ់ដោយពិន្ទុ និងស្មើគ្នា។ «ការផ្គូរផ្គងនេះ មានលក្ខណៈល្អប្រសើរជាងសប្តាហ៍មុន ហើយសហព័ន្ធប្រដាល់សកល នឹងរៀបចំគូប្រកួតឲ្យកាន់តែទាក់ទាញ ដោយការប្រកួតបន្ត សប្តាហ៍ទី៣ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ដោយមានគូប្រកួតដណ្តើមប្រាក់លាន ដោយជើងឯកនឹងទទួលបាន ៣លានរៀល និងរងជើងឯក ១លានរៀល។ សហព័ន្ធនឹងព្យាយាមធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍នេះ កាន់តែទាក់ទាញខ្លាំង តាមរយៈការរៀបចំគូប្រកួតល្បីៗ»។


លោកអគ្គលេខាធិការសង្កត់ធ្ងន់ថា សម្រាប់គូដណ្តើមប្រាក់លានរៀលនេះ សហព័ន្ធនឹងរៀបចំកីឡាករល្បីៗ៤នាក់ តាមរូបមន្តសន្សំពិន្ទុលើប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម ដោយត្រូវប្រកួតសន្សំពិន្ទុ នៅសប្តាហ៍ទី៣ ហើយបេក្ខភាព២នាក់ ដែលមានពិន្ទុខ្ពស់ៗជាងគេ នឹងឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមម្ចាស់ជើងឯក នាសប្តាហ៍ទី៤។ អ្វីដែលសំខាន់ បេក្ខភាពទាំង៤នាក់នេះ សុទ្ធសឹងជាកីឡាករជម្រើសជាតិ ដែលសហព័ន្ធផ្តល់ឱកាសឲ្យពួកគាត់ បានចូលរួមប្រកួតប្រជែងឲ្យកាន់តែច្រើន ដើម្បីបង្កើនគុណភាពបច្ចេកទេសកាន់តែខ្ពស់ មុនឈានដល់ការចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២។ «ក្នុងការប្រកួតសប្តាហ៍ទី២នេះទទួលបានជោគជ័យ ហើយខ្ញុំសង្ឃឹមថា ឆ្នាំក្រោយព្រឹត្តិការណ៍ដូចគ្នានេះ សហព័ន្ធនឹងរៀបចំការប្រកួតដណ្តើមប្រាក់លាន ដណ្តើមខ្សែក្រវ៉ាត់ ដោយសម្រួចគោលដៅធ្វើឲ្យកាន់តែទាក់ទាញ និងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងក្លាបន្ថែមទៀត»។


សូមបញ្ជាក់ថា Ultimate Boxing Championship 2021 គឺជាព្រឹត្តិការណ៍កីឡាប្រដាល់សកលថ្មីមួយទៀត ដែលសហព័ន្ធកីឡាប្រដាល់សកល ប្រឹងប្រែងបង្កើតវាឡើង ដើម្បីផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីតាមបណ្តាក្លឹប និងក្រុមជម្រើសជាតិកម្ពុជា បានប្រកួតប្រជែងបង្កើនបច្ចេកទេស ដើម្បីត្រៀមឆ្ពោះតាមផែនការ យុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការប្រជែងមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្រ្តផងដែរ៕


ប្រភពរូបភាព៖ #Yuen_Punlue

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖