+855 16 757 168     samnob@keiladaily.com
KD Logo

អតីតខ្សែការពារ Spurs យល់ថាប្រធាន FIFA ថ្មីគួរជាអតីតកីឡាករ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 567
លោក Ramon Vega អតីតខ្សែការពាររបស់ Tottenham Hotspur និងក្រុមជម្រើសជាតិស្វ៊ីសលើកឡើងថាប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ថ្មី​គួរ​តែជាអតីតកីឡាករបាល់ទាត់។

លោក Vega វ័យ៤៤ឆ្នាំដែលធ្លាប់លេងឱ្យក្លិប Grasshoppers, Cagliari, Spurs, Celtic, Watford និង Creteil រវាងឆ្នាំ១៩៩០ដល់២០០៣ ក៏​កំពុង​គិត​ចង់​ឈរ​ឈ្មោះ​ប្រជែងក្នុងការបោះឆ្នោតខែកុម្ភៈឆ្នាំក្រោយដើម្បីជំនួសលោក Sepp Blatter ដែរ។ លោកនិយាយថា៖ “ប្រសិនបើខ្ញុំជាកាតាលីករជំរុញកំណែទម្រង់ FIFA អីចឹងខ្ញុំពិតជានឹងពិចារណាអំពីការឈរឈ្មោះ”។

នៅពេលអ្នកសារព័ត៌មាន BBC សួរថាតើល្មមដល់ពេលហើយឬនៅដែលអតីតកីឡាករគួរក្លាយជាប្រធានថ្មីរបស់ FIFA លោក Vega តបថា៖ “ពិត​ប្រាកដ​ណាស់​! ខ្ញុំនឹងគាំទ្រអតីតកីឡាករយ៉ាងពេញទំហឹងដើម្បីឱ្យដឹកនាំស្ថាប័នកីឡាបាល់ទាត់។ ពួកយើងជាផលិតផលនៃកីឡានេះ យើងស្គាល់ក្លិនស្មៅ យើង​យល់​ដឹងរឿងរ៉ាវនៅក្នុងក្រុម យើងចេះច្បាប់យ៉ាងលម្អិត ហើយយើងក៏យល់ដឹងពីនយោបាយដែរ”។

គណៈកម្មាធិការប្រតិបត្តិរបស់ FIFA ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​ ទី​២០​ ខែ​តុលា​នេះ​ ដើម្បី​ពិភាក្សា​គ្នា​ជុំ​វិញ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី​ នៅ​ថ្ងៃ​ ទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​ក្រោយ​ថា​តើ​គួរផ្អាកសិនឬយ៉ាងណា ខណៈលោក Sepp Blatter និងប្រធាន UEFA ដែលជាអតីតជ័យលាភី Ballon d’Or ៣សម័យកាល Michel Platini កំពុងជាប់បម្រាមបឋម៩០ថ្ងៃ។

ទោះយ៉ាងណា លោក Platini នៅតែរក្សាជំហរស្អាតស្អំរបស់ខ្លួននិងមិនដកខ្លួនពីបេក្ខភាពប្រធាន FIFA ប្រជែងជាមួយព្រះអង្គម្ចាស់ Ali bin al Hussein របស់ប្រទេសហ្សកដានី, អតីតខ្សែបម្រើជម្រើសជាតិទ្រីនីដេត David Nakhid និងបេក្ខជនផ្លូវការដទៃទៀតនោះឡើយ។

ព្រះអង្គម្ចាស់ Salman Bin Ibrahim Al Khalifa របស់ប្រទេសបារ៉ែន ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC បច្ចុប្បន្ន​និង​អតីត​អនុ​ប្រធាន​គណៈ​កម្មាធិការវិន័យរបស់ FIFA ផងនោះ ក៏ត្រូវគេរំពឹងថានឹងចូលខ្លួនប្រជែងយកតំណែងកំពូលនៅស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះដែរ៕

ប្រែសម្រួល៖ keiladaily
ប្រភព&រូបថត៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖