+855 16 757 168     samnob@keiladaily.com
KD Logo

ប្រធានប្រដាល់ទៅសួរសុខទុក្ខលោកនៅ ផេងដែលធ្លាក់ខ្លួនឈឺធ្ងន់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 497
កាល​ពី​ថ្ងៃ​ទី​អង្គារ ទី២១ ខែតុលា​ម្សិលមិញនេះ សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ដឹក​នាំ​ដោយ​ ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​លោក​នៅ ផេង គ្រូប្រដាល់ជើងចាស់ដែលកំពុងមានជម្ងឺជាទម្ងន់ ហើយសម្រាកព្យាបាលនៅផ្ទះ ។

លោក ម៉ិល​ កាដូ អគ្គលេខា​ធិការ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បានឲ្យ​ដឹងថា​ ប្រធាន​សហព័ន្ធ​ បាន​នាំ​យក​ថវិកា​​របស់​សហព័ន្ធ​ប្រដាល់​ចំនួន​១លានរៀល​ទៅ​ជួយ​ដោះ​ស្រាយ​​ការ​លំបាក​ខ្លះៗ​របស់​អតីត​គ្រូបង្វឹក​ជើង​ចាស់​រូប​នេះ។

គួរ​បញ្ចាក់​ថា​លោក​ នៅ ផេង​ ជាគ្រូប្រដាល់​ជើង​ចាស់​របស់​សមាគម​ប្រដាល់​ក្រសួង​ការពារជាតិ​ ពេលនេះ​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​ហើយ​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះបន្ទាប់ពីតស៊ូព្យាបាល់នៅមន្ទីរពេទ្យជាច្រើនខែមកនោះ ។
   
លោក​ ម៉ាង​ វិបុល​ អនុ​ប្រធាន​នាយក​ដ្ឋាន​អប់​រំ​កាយ​ និង​កីឡា​ ដែល​ត្រូវ​ជា​កូន​ប្រសារ​របស់​លោក​​ នៅ​ ផេង​​បាន​ឲ្យ​ដឹង​ថា​ ឧ៍ពុក​ក្មេក​របស់​ខ្លួន​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ជាង​៥​ខែ​មក​ហើយ ។ លោក​ថា​កូនៗ​​បាន​ខិត​ខំ​ព្យា​​បាល​​​គាត់​នៅ​មន្ទីរ​ពេទ្យ​ជាប់​ជា​ហូរ​ហែរ​រហូត​មក​ ហើយ​ពេល​នេះ​ពេទ្យ​បាន​ផ្ដល់​ដំណឹង​ថា​ គេ​អស់​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ហើយ​។​

បច្ចុប្បន្ន​លោក​ នៅ​ ផេង​កំពុង​​សម្រា​កព្យាបាល​នៅ​ផ្ទះ​ដោយ​ប្រើ​ថ្នាំ​បូរាណ​​​ ព្រោះ​ពេទ្យ​លែង​មាន​ថ្នាំ​សម្រាប់​ជួយ​ឲ្យ​គាត់​បាន​ធូរ​ស្រាល​ហើយ​។​ លោក​មាន​ជម្ងឺ​មហារីក​ថ្លើម​ដែល​សព្វ​ថ្ងៃ​នេះ​រូប​លោក​នៅ​ ផេង​ផ្ទាល់​ក៏​ដឹង​ខ្លួន​ឯង​ដែរ​ថា​ រង់​ចាំ​តែ​ថ្ងៃ​ចុង​ក្រោយ​ប៉ុណ្ណោះ​។

លោក​នៅ​ ផេង​សព្វ​ថ្ងៃ​មាន​អាយុ​៧៧​ឆ្នាំ​។​លោក​ជា​អតីត​អ្នក​ប្រដាល់​សាកល​ដ៏​ល្បី​ល្បាញ​កាល​ពី​ទសវត្ស​ឆ្នាំ៦០​។ លោក​ធ្លាប់​ដណ្ដើម​បាន​មេដាយ​សំរិទ្ធ​នៅ​ SEAP​ Games​ ដែល​សព្វ​ថ្ងៃ​ហៅ​ថា​ SEA​ Games​ នោះ​​។ អ្នក​ជំនាន់​លោក​ នៅ​សល់​តែ​រូប​លោក​និង​លោក​ ខុង​ គឹម​ស៊ីន​ ដែល​មាន​វ័យ​ជរា​ ដូច​គ្នា​ទៅ​ហើយ​នោះ​។ លោក​ឆោម​ ឆារី​ ដែល​ជា​អ្នក​ប្រដាល់​ជើង​ចាស់​ដែរ​នោះ​ ក៏​ជា​អ្នក​ជំនាន់​ក្រោយ​របស់​លោក​ នៅ​ ផេង​​ដែរ​ ។
 
លោក​ ម៉ាង​ វិបុល​ ត្អូញ​ត្អែរ​ថា​ ពេល​នេះ​ស្ថាន​ភាព​របស់​លោក​ នៅ​ ផេង​ កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ​។ហើយ​លោក​មាន​ការ​ខ្វះ​ខាត​ជា​ខ្លាំង​នូវ​ថវិកា​សម្រាប់​ព្យាបាល​។​សូម​សប្បុរ​ស​ជន​នានា​ជួយ​ដល់​លោក​ផង​៕

អត្ថបទ៖ Keiladaily
រូបថត៖ ផ្តល់ឱ្យ

   

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖