Gerrard រកបានគ្រាប់ដំបូងនៅ MLS ស្របពេល LA Galaxy ឡើងកំពូលតារាង
5 ឆ្នាំ មុន
ក្រុម LA Galaxy ហក់ឡើងទៅកំពូលតារាង Western Conference នៃក្របខ័ណ្ឌ Major League Soccer របស់អាមេរិក ក្រោយយកឈ្នះ Dallas ៣-២។ គ្រាប់បាល់ទាំង៣របស់ LA Galaxy រកបានដោយខ្សែប្រយុទ្ធ Giovani Dos Santos ក្នុងនាទីទី១១ Robbie Keane នាទីទី១៤ និង Steven Gerrard នាទីទី៥៧ ខណៈ២គ្រាប់របស់ Dallas រកបានដោយ Michael Barrios និង Atiba Harris នៅចុងតង់ទី១និងចុងតង់ទី២។ នេះគ្រាប់ដំបូងនៅអាមេរិករបស់ Gerrard ក្រោយចាកចេញពី Liverpool ហើយក៏ជាលើកដំបូងដែរសម្រាប់ LA Galaxy ដែលតារាផ្លាស់មកពីអឺរ៉ុបទាំងអស់ស៊ុតចូលព្រមគ្នាក្នុងការប្រកួតតែមួយ។ LA Galaxy ពេលនេះមាន៥០ពិន្ទុក្រោយប្រកួត៣១លើក ខណៈក្រុមលេខ២ក្នុងតារាង Vancouver Whitecaps ប្រកួត៣០លើកមាន៤៨ពិន្ទុ ឯ Dallas ឈរលេខ៣មាន៤៧ពិន្ទុតែទើបប្រកួតបាន២៩លើកប៉ុណ្ណោះ៕