+855 16 757 168     samnob@keiladaily.com
KD Logo

ពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិលើកទី៨មានជប៉ុនច្រើនជាងគេ ខណៈខ្មែរកើនរត់១០គីឡូ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 354

គិតត្រឹមថ្ងៃអង្គារ ទី១២ ខែមិថុនា នេះ មានអ្នកចុះឈ្មោះប្រមាណជាង៣ពាន់នាក់ចូលរួមការប្រកួតពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិលើកទី៨ ឆ្នាំ២០១៨ អបអរសាទរព្រះរាជពិធីបុណ្យម្រើនព្រះជនព្រះវររាជមាតា មហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃអង្គារ ទី១២ មិថុនា។


ថ្នាក់ដឹកនាំ NOCC ថ្លែងថា ក្នុងចំណោមអ្នកចុះឈ្មោះជាជនបរទេស៦១៧នាក់មកពី៣៩ប្រទេស គឺមានជនជាតិជប៉ុនច្រើនជាងគេបន្ទាប់មកចិន និង បារាំង តែអ្វីគួរឲ្យកត់សម្ពាល់ខ្លាំងជាងគេនោះ គឺការចូលរួមពីជនជាតិខ្មែរលើវិញ្ញាសារត់១០គីឡូម៉ែត្រដែលមានជាង១ពាន់នាក់។


ឯកឧត្តម វ៉ាត់ ចំរើន រៀបរាប់បែបនេះ ៖ “ជនបរទេសភាគច្រើនរត់២១គីឡូ និង ១០គីឡូ ហើយជាការកត់សម្គាល់ គឺខ្មែរយើងឥឡូវ រត់៣គីឡូមិនសូវពេញចិត្តទេ គឺរត់១០គីឡូមានច្រើន គឺសរុបទាំងខ្មែរ និង បរទេសវាមានជាង២ពាន់នាក់ហើយ។ បានន័យថា ការគិតគូរផ្នែកសុខភាពរបស់ពលរដ្ឋខ្មែរកើនឡើង។ កាលណាបើបេះដូងគាត់ខ្លាំង សុខភាពគាត់ល្អមែនទែន ចឹងអានេះគឺជាការបញ្ជាក់ថា កំណើនអ្នករត់១០គីឡូ មានន័យថា ប្រជាពលរដ្ឋយើងយកចិត្តទុកដាក់ផ្នែកសុខភាពទាំងផ្លូវចិត្ត និង ផ្លូវកាយ”។


ជាមួយគ្នានេះ លោក សែម ផល្លា ប្រធានបច្ចេកទេសព្រឹត្តិការណ៍នេះឲ្យដឹងថា ការចុះឈ្មោះផ្ដើមចាប់ពីថ្ងៃចន្ទ ទី១១ មិថុនា តទៅ នៅមុខវាលព្រះមេរុ ហើយឯកឧត្តមរំពឹងថា នឹងមានការចូលរួមកាន់តែច្រើនកុះករ ខណៈឆ្នាំ២០១៧ កន្លងទៅមានអ្នករត់ជាង៤ពាន់នាក់។ សម្រាប់វិញ្ញាសាឆ្នាំ២០១៨នេះ មាន២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៩គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ។ ចំណែកថវិកាបានពីការចុះឈ្មោះ នឹងបង្វែរជាសប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធបុប្ផា។


គួរដឹងដែរថា ព្រឹត្តិការណ៍ម៉ារ៉ាតុនអន្តរជាតិលើកទី៨នេះនឹងចាប់ផ្ដើមនៅម៉ោង៦ព្រឹកថ្ងៃអាទិត្យ ទី១៧ មិថុនា ដែលចេញដំណើរពីមុខព្រះបរមរាជវាំង៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖