ក្រោយអត្តពលិកប៉េតង់តំណាងខេត្តកណ្ដាល ដណ្ដើមបានមេដាយមាសចំនួន២ ក្នុងការប្រកួតកីឡាប៉េតង់ពានរង្វាន់ឯកឧត្តម សុខ អាន លើកទី៦ ឆ្នាំ២០១៦ ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានប្ដេជ្ញាចិត្តថា នឹងពង្រីកវិសាលភាពប៉េតង់ ទៅដល់គ្រប់វិទ្យាល័យក្នុងខេត្តកណ្ដាល ឲ្យមានសកម្មភាពផុលផុស និងពង្រឹងឲ្យកាន់តែរឹងមាំ។
នៅក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ពានរង្វាន់ឯកឧត្តម សុខ អាន លើកទី៦ ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី ២៩ កុម្ភៈ ២០១៦ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡាខេត្តកណ្ដាល អះអាងថា គោលដៅនៃការបណ្ដុះធនធាននេះ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រជែង ពានរង្វាន់ប៉េតង់ផ្សេងៗ ពិសេសការប្រកួតប៉េតង់ក្របខ័ណ្ឌសិស្ស។"បន្ទាប់ពីបញ្ចប់ពីការប្រកួតនេះទៅគឺក្នុងមានខ្ញុំអ្នកថ្នាក់ដឹងនាំការិល័យនៅខេត្តកណ្ដាល និងមន្ទីរអប់រំយុវជន និងកីឡា គឺខ្ញុំនឹងប្ដេជ្ញាចិត្តខិតខំធ្វើម៉េចជម្រុញទៅតាមវិទ្យាល័យទៅតាមខេត្តតបស់ខ្ញុំឱ្យផុសនៅវិស័យកីឡាប៊ូលដើម្បីលើកកត្តិយសដែលយើងចេញទៅប្រកួតថ្នាក់ជាតិឬថ្នាក់អន្តរជាតិគឺកីឡាករខេត្តកណ្ដាលតែងតែជាប់ជម្រើសជាតិច្រើន”
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាស៍ថា សម្រាប់កីឡាប៉េតង់ ការរៀបចំការប្រកួតនឹងត្រូវពង្រីកឱ្យបានដល់គ្រប់ៗខេត្ត ចាប់ពីឆ្នាំ២០១៦នេះទៅ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំឱ្យមានការប្រកួតកីឡាប៉េតង់ក្របខ័ណ្ឌសិស្ស ដើម្បីជ្រើសរើសយុវកីឡាករ កីឡាការិនី ដែលមានអាយុក្រោម១៧ឆ្នាំ សម្រាប់ហ្វឹកហាត់ត្រៀមចូលរួមក្នុងការប្រកួតកីឡា SEA GAME នៅឆ្នាំ២០២៣ ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ។
គួរបញ្ជាក់ថា ខេត្តកណ្ដាលបានបញ្ចូនអត្តពលិកមកចូលរួមប្រកួតទាំងអស់ ២៣ នាក់ ក្នុងនោះមកពីសាលា Westland ១១ នាក់ មន្ទីរអប់រំខេត្ត ១២នាក់ ដោយទទួលបានមេដាយ មាសចំនួន២ គ្រឿង ប្រាក់១ និងសំរឹទ្ធ១គ្រឿង៕
ផ្ដល់សិទ្ធ ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព ៖ តាំង លីហួរ
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖