+855 16 757 168     samnob@keiladaily.com
KD Logo

យ៉ែម ស្រីនាង ក្រៅពីជាកីឡាការិនីថ្នាលប្រដាល់សកល ក៏ស្ទាត់ជំនាញខាងភាសាជប៉ុន

| 126


កីឡាការិនីប្រដាល់សកល យ៉ែម ស្រីនាង ក្រៅពីជាកីឡាការិនីថ្នាលជម្រើសជាតិ នៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្មេងស្រីវ័យ១៧ឆ្នាំ រូបនេះ ក៏មានដំណេះដឹងផ្នែកភាសាជប៉ុន ដោយអាចសរសេរ និងនិយាយបកប្រែ ទំនាក់ទំនងជាមួយជនជាតិជប៉ុនបាន យ៉ាងល្អផងដែរ។

រៀបរាប់ប្រាប់ នៅសាលហ្វឹកហ្វឺនប្រដាល់ជម្រើសជាតិ កាលពីថ្ងៃទី០៥ ខែមីនា កីឡាការិនីថ្នាលប្រដាល់សកល ដើមកំណើតពីខេត្តព្រៃវែង បង្ហើបថា ខ្លួនចាប់ផ្ដើមរៀនភាសាជប៉ុនតាំងពីអាយុ៦ឆ្នាំ គ្រាដែលនាង ស្នាក់នៅអង្គការមួយក្នុងស្រុក។


សម្ដី យ៉ែម ស្រីនាង កីឡាការិនីថ្នាលប្រដាល់សកល៖ “ ខ្ញុំនៅជាមួយអង្គការចឹង ខ្ញុំរៀនជប៉ុនតាំងពីតូច។ ប្រហែលអាយុ៦ឆ្នាំ ខ្ញុំចាប់ផ្ដើមចូលនៅអង្គការ ដោយមានជនជាតិជប៉ុនគាត់ជួយចឹងទៅ ពួកខ្ញុំចាប់ផ្ដើមរៀនជប៉ុន គាត់ជួយបង្រៀន។ ខ្ញុំអាចនិយាយបាន អាចសរសេរអក្សរបានធម្មតា តែអក្សរពិបាក ខ្ញុំអត់អាចសរសេរបានទេ ព្រោះវាពិបាកពេក។ ខ្ញុំចេះជប៉ុនមែន ប៉ុន្តែខ្ញុំឃើញជនជាតិជប៉ុនជាច្រើន ត្រូវការខ្មែរអ្នកចេះជប៉ុន ប៉ុន្តែខ្ញុំស្រលាញ់ខាងប្រដាល់ជាង។ ព្រោះអីនិយាយតាមត្រង់ទៅ ខ្ញុំរៀនក៏អត់សូវពូកែប៉ុន្មានដែរ។ ហើយនិយាយអី ក៏អត់សូវពូកែដែរ។ ចឹងខ្ញុំគិតថា ខ្ញុំស្រលាញ់ប្រដាល់ បើទៅធ្វើការអីផ្សេង ក៏អត់សូវយកចិត្តដាក់ ដូចប្រដាល់ដែរ”។

ស្រីនាង បន្ថែមថា រូបនាងមានមោទនភាព និងកិត្តិយស ដែលត្រូវបានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ធ្លាប់ផ្ដល់ឱកាសដល់ខ្លួន ដើម្បីជួយសម្រួលបកប្រែ និងទំនាក់ទំនងជាមួយជាមួយកីឡាករ និងក្លិបជប៉ុនកន្លងមក បើទោះបីនាងនៅក្មេងខ្ចី ហើយចំណេះដឹង ក៏ពុំទាន់ជ្រៅជ្រះយ៉ាងណាក្ដី។


សូមជម្រាបថា យ៉ែម ស្រីនាង ចូលហ្វឹកហាត់ប្រដាល់សកល និងជាប់ជម្រើសជាតិថ្នាល តាំងពីឆ្នាំ២០១៧ និងធ្លាប់ឆ្លងកាត់បទពិសោធលើសង្វៀនចំនួនពីរលើក។ អតីតក្មេងស្រីរួមរស់ក្នុងអង្គការមួយ ក្នុងស្រុករូបនេះ ក៏មានក្ដីស្រមៃចង់ក្លាយជាអ្នកបកប្រែភាសាជប៉ុនផង និងអ្នកប្រដាល់មានកេរ្ត៍ឈ្មោះល្បីល្បាញមួយរូបផងដែរ នាថ្ងៃមុខ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖
Loading...