+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូថ្នាលកម្ពុជា ៖ ប្រកួតវាយកូនឃ្លីលើតុមិត្តភាព​៦០ឆ្នាំកម្ពុជាចិនបង្កប់ចំណុចសំខាន់​មួយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 161


កីឡាករវាយកូនឃ្លីលើតុកម្ពុជា១២នាក់ និងចិន​១២​នាក់​មកពីក្រុងសៀងហៃ និងគ័ងស៊ី ប្រទេសចិន បានជួប​ប្រកួតគ្នាជាលក្ខណៈមិត្តភាព​នៅ​សាលដំបូល​ទូក​ ពហុកីឡដ្ឋានជាតិ ព្រឹកថ្ងៃអាទិត្យ ទី០២ ខែមិថុនា គម្រប់ខួបទំនាក់ទំនងការទូត៦០ឆ្នាំរវាងប្រទេសទាំងពីរ។ 

លោក ឃុន ផាន់និត គ្រូបង្គោលក្រុមជម្រើសជាតិថ្នាល​កីឡាកូនឃ្លីលើតុកម្ពុជា បាន​ឲ្យដឹងថា​ ក្រុមចំនួន៤ដែលក្នុងនោះ​មាន​៣នាក់ក្នុងមួយក្រុមត្រូវតំណាងឲ្យកម្ពុជា និង៤ទៀតតំណាងឲ្យ​ភាគីចិន ប្រកួតគ្នាពេញមួយថ្ងៃ ហើយក៏មាន​ការប៉ះគ្នារវាងគ្រូភាគីខ្មែរ និងចិន​ ដើម្បីផ្លាស់ប្ដូរបច្ចេកទេស។ 


ជាមួយគ្នានេះដែរ លោក ឃុន ផាន់និត សង្កត់ធ្ងន់ថា មិនត្រឹមតែប្រកួតដើម្បីរឹតចំណងមិត្តភាពតែមួយមុខគត់នោះទេ វាក៏ជាការបន្ថែមបទពិសោធដល់យុវជនជម្រើសជាតិ​កម្ពុជា ព្រោះកីឡាករមកពីសៀងហៃ និងគ័ងស៊ីនេះសុទ្ធសឹងតែមានសមត្ថភាពខ្ពស់។ លោកថា នេះជាការត្រៀមយ៉ាងល្អសម្រាប់​យុទ្ធនាការកីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩នេះ។ 

គ្រូបង្វឹកដដែលបន្ថែមថា ក្រៅពីប្រកួតនេះ សហព័ន្ធក៏បានរៀបចំ​ការប្រកួតពីរលើកកន្លងមកដែរ ហើយនៅថ្ងៃទី០៨ ខាងមុខក៏មាន​ការប្រកួតនៅខេត្តឆឹងទូ ខណៈនៅខែសីហា ក៏​មាន​ការប្រកួតលក្ខណៈ​លីគ​នៅក្រុងប៉េកាំងថែមទៀតផង។ 


លោក ឃុន ផាន់និត

គួរដឹងដែរថា ក្នុងពិធីបើកការប្រកួតជាផ្លូវការនៅ​ព្រឹកថ្ងៃអាទិត្យនេះ មានការចូលរួមជាអធិបតីដោយលោក ផាត់បញ្ញាសុជាតក៍ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា, លោក តេង សំណាង អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងលោក សាយ សឺខឺ អតីតជើងឯកពិភពលោក និងតំណាងឲ្យសហព័ន្ធវាយកូនឃ្លីលើតុខេត្តគ័ងស៉ី៕


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖