+855 16 757 168     samnob@keiladaily.com
KD Logo

ឯកឧត្តម ស សុខា បង្ហើបគោលបំណងកីឡាសិស្សថ្នាក់ជាតិលើកទី១ ២០១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 118


ព្រឹត្តិការណ៍កីឡាសិស្សថ្នាក់ជាតិលើកទី១ ឆ្នាំ២០១៩ ចាប់ផ្ដើមដំណើរហើយនៅល្ងាចថ្ងៃអង្គារ ទី១១ ខែមិថុនា នាវិមានពហុកីឡដ្ឋានជាតិ ដោយមានការចូលរួមជាអធិបតីក្នុងពិធីបើកដោយ​ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត ប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ មិថុនា។

ការប្រកួតដ៏ពិសេសនេះ មាន​ចំនួន​១១ប្រភេទ​កីឡាដាក់​ឲ្យសិស្សប្រកួតប្រជែង ដែល​មាន​ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡា អត្តពលកម្ម កីឡាប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡាវាយសី កីឡាការ៉ាត់តេ កីឡាតេក្វាន់ដូWT និងកីឡាតេក្វាន់ដូ ITF ហើយសម្រាប់ចំនួនអត្តពលិក, គ្រូបង្វឹក និងប្រតិភូវិញមានចំនួនសរុប៣.៤៤៥នាក់ ក្នុងនោះ៣.៣៩០នាក់ជាកីឡាករ-កីឡាការិនី។


ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រាប់ពីគោលបំណងនៃព្រឹត្តិការណ៍កីឡាសិស្សថ្នាក់ជាតិលើកទី១ ឆ្នាំ២០១៩ ដូចតទៅ ៖

១-អនុវត្តនយោបាយកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡាលើរចនាសម្ព័ន្ធប្រកួត ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ 

២-រៀបចំការប្រកួតឲ្យស្របទៅនឹងរចនាសម្ព័ន្ធការប្រកួតថ្នាក់តំបន់ និងអន្តរជាតិ ដូចជា ការប្រកួត កីឡាសិស្សអាស៊ាន កីឡាសាកលវិទ្យាល័យអាស៊ាន និងកីឡាសាកលវិទ្យាល័យពិភពលោក ជាដើម

៣-ជាដំណាក់កាលនៃការបណ្តុះបណ្តាលមន្ត្រីរដ្ឋបាល មន្ត្រីបច្ចេកទេស ព្រមទាំងជ្រើសរើសកីឡាករ កីឡាការិនីដែលល្អៗសម្រាប់ជាថ្នាលត្រៀមបម្រុងសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

៤-បំផុសសកម្មភាពអប់រំកាយ និងកីឡាកីឡានៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី ខេត្ត


៥-ជួយឲ្យសិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម
វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា

៦-លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើស
បានជាកីឡាករ កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេស ដើម្បីត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ

៧-បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយ
គ្នានៅក្នុងសង្គម

៨-ផ្តល់ឱកាសដល់អ្នកលេងកីឡាបានស្គាល់តំបន់ផ្សេងៗ ក៏ដូចជារមនីយដ្ឋានទេសចរណ៍
នានា ដើម្បីបណ្តុះគំនិតឲ្យចេះស្រឡាញ់ ចេះថែរក្សាសម្បត្តិវប្បធម៌ជាតិ និងបណ្តុះគំនិតស្នេហាជាតិ៕


អត្ថបទ​ ៖ អភ័យវង្ស
រូបភាព ៖ អគ្គនាយកដ្ឋានកីឡា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖