ព្រឹកថ្ងៃទី៣១ កក្កដានេះ អង្គភាពកីឡានគរបាលជាតិ បានបើកកិច្ចប្រជុំលើកចុងក្រោយ ស្តីពីត្រៀមខ្លួនចេញទៅចូលរួមព្រឹត្តិការណ៍កីឡានគរបាលពិភពលោក លើកទី១៨ The 18 World Police and Fire Games ដែលនឹងរៀបចំឡើងនៅខេត្ត Cheng Du នៃសាធារណៈរដ្ឋប្រជាមានិតចិន នាសប្តាហ៍ក្រោយនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេច ក្រឡាហម ស ខេង និងជាប្រធានអង្គភាពកីឡានគរបាលជាតិ រួមនឹងវត្តមានប្រតិភូ-គ្រូបង្វឹកទាំង១២ប្រភេទកីឡា។
នាឱកាសនោះ ឯកឧត្តម ជា ប៊ុនហេង បានពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់អត្តពលិកទាំង៩៦រូប ដែលកំពុងត្រៀមខ្លួនចេញទៅប្រជែង និងបានក្រើនរំលឹកឱ្យអត្តពលិកទាំងអស់ត្រូវធ្វើយ៉ាងណា ខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាពដើម្បីប្រជែងមេដាយនិងនាំមោទនភាពជូនជាតិមាតុភូមិ។
នេះជាលើកទី១ដែលកម្ពុជាទទួលបានឱកាសចូលរួម ព្រឹត្តិការណ៍កីឡានគរបាលពិភពលោក លើកទី១៨ ឬ The 18 World Police and Fire Games នៅសាធារណៈរដ្ឋប្រជាមានិតចិន។
គួរបញ្ជាក់ថា ការចូលរួមព្រឹត្តិការណ៍កីឡានគរបាលពិភពលោកលើកទី១៨ អង្គភាពកីឡានគរបាលជាតិសម្រេចបញ្ជូនកីឡាចំនួន១២ប្រភេទឱ្យទៅចូលរួម ក្នុងនោះរួមមាន៖ តេក្វាន់ដូ យូដូ ជឺជិតស៊ូ ចំបាប់ ការ៉ាតេ អត្តពលកម្ម វាយសី វាយកូណឃ្លីលើតុ ទូកប្រពៃណីអន្តរជាតិ ទ្រីយ៉ាត្លុង បាល់ឱប និងហែលទឹក៕
អត្ថបទ ៖ អេដមីនកណ្ដូប
រូបភាព ៖ អង្គភាពកីឡានគរបាលជាតិកម្ពុជា
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖