+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកប្រណាំងយានយន្ដកម្ពុជាត្រៀមការពារតំណែងជើងឯកនៅ Asia Cross Country Rally 2019 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 121


ជើងខ្លាំងកម្ពុជាពីររូប គឺកីឡាករ ហូរ សិទ្ធិគុណ និងកីឡាករ សោម សុកុសល ត្រូវមានភារកិច្ចចូលរួមព្រឹត្តិការណ៍ប្រណាំងរថយន្ដ Asia Cross Country Rally 2019 ដោយចាប់ផ្ដើមពីក្រុងប៉ាតាយ៉ា ប្រទេសថៃ ឆ្ពោះទៅកាន់ក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដោយមានចម្ងាយផ្លូវជាង២២០០គីឡូម៉ែត្រ។

កីឡាករ ហូ សិទ្ធិគុណ បានឲ្យដឹងថា នៅឆ្នាំ២០១៩នេះមានរថយន្ដ និងម៉ូតូសរុប៣៧គ្រឿងមកពី១៨ប្រទេស ហើយកម្ពុជាចូលរួមក្នុងនាមជាអ្នកការពារតំណែងជើងឯក ដោយមានរថយន្ដពីរគ្រឿង។ តែអ្វីដែលខុសពីឆ្នាំទៅមិញ គឺត្រូវប្ដូរពី Class ម៉ាស៊ូតទៅ Class សាំងវិញ ខណៈនេះជាលើកទីមួយដែលឈានទៅប្រកួតនៅប្រទេសមីយ៉ាន់ម៉ា។


លោក ហូ សិទ្ធិគុណ រៀបរាប់ពីការព្រួយបារម្ភបែបនេះ ៖”ដោយមានការផ្លាស់ប្ដូរការប្រណាំងពី class ម៉ាស៊ូតទៅ class សាំង នោះកីឡាករយើង ទាំងពីរថយន្ដ មានការព្រួយបារម្ភមួយចំនួន ព្រោះកីឡាករភាគច្រើនជាជើងខ្លាំងនៅ class ម៉ាស៊ូត។ ម្យ៉ាងទៀតយើងបារម្ភពីស្ថានភាពផ្លូវ ព្រោះយើងមិនធ្លាប់ទៅមីយ៉ាន់ម៉ាពីមុនទេ។ ដូច្នេះពីរកត្តានេះ ខ្ញុំគិតថា យើងនឹងមានភាពតានតឹងជាងមុន តែយ៉ាងណា យើងសង្ឃឹមថា នឹងអាចរក្សានៅចន្លោះពិន្ទុសមរម្យណាមួយដែរ”។


លោក ហូ សិទ្ធិគុណ

ជាមួយគ្នានេះដែរកីឡាករ សោម សុកុសល ដែលជាសមាជិកក្រុមក៏បានបង្ហាញពីការតាំងចិត្តរបស់ខ្លួនផងដែរ ៖”យើងនឹងព្យាយាមធ្វើឲ្យបានកាន់តែល្អជាងឆ្នាំមុនទៅទៀត ដោយសារយើងនឹងព្យាយាមកែប្រែលើចំណុចខ្វះខាតពីឆ្នាំមុន។ យើងក៏បានសិក្សាពីស្ថានភាពផ្លូវនៃការប្រណាំងផងដែរ អ៊ីចឹងយើងសង្ឃឹមថា នឹងអាចធ្វើបានល្អជាងមុន”។


កីឡាករ សោម សុកុសល

គួរបញ្ជាក់ថា ការប្រកួតនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃសៅរ៍ ទី១០ ខែសីហា នៅប៉ាតាយ៉ា និងបញ្ចប់នៅថ្ងៃទី១៦ ខែសីហា នាក្រុងណៃពិដោ។ សម្រាប់រថយន្តកម្ពុជាមានលេខ១១៥ បើកបរដោយ កីឡាករ សោម សុកុសល និងជំនួយការអ្នកបើកបរកីឡាករ វង្ស គឹមហួត រីឯមួយគ្រឿងទៀតរថយន្តលេខ១០៧ បើកបរដោយ កីឡាករ ហូ សិទ្ធិគុណ និងជំនួយការអ្នកបើកបរពីររូបគឺកីឡាការិនី សេង សុជាតា និងកីឡាករ ពៅ តិចឡេង៕


អត្ថបទ ៖ អភ័យវង្ស


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖