កីឡាស៊ីហ្គេមជាព្រឹត្តិការណ៍ពហុកីឡាថ្នាក់តំបន់ដ៏ធំបំផុតប្រចាំភូមិភាគអាស៊ីអាគ្នេយ៍ ដែលបណ្ដាប្រទេសជាសមាជិកនីមួយៗប្រជែងគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះ។ ក្នុងចំណោមសមាជិកទាំង១១នាពេលបច្ចុប្បន្ន នៅសល់តែ ទីម័រឡេស្ត ដែលជាសមាជិកកូនពៅមានវ័យជាង១២ឆ្នាំ និងកម្ពុជា ប៉ុណ្ណោះដែលមិនធ្លាប់ធ្វើម្ចាស់ផ្ទះនឹងគេ។ ប៉ុន្តែកម្ពុជា ដែលជាសហស្ថាបនិកកីឡានេះតាំងពីឆ្នាំ១៩៥៨ នឹងទទួលរៀបចំព្រឹត្តិការណ៍នេះជាលើកដំបូងនៅឆ្នាំ២០២៣ខាងមុខ។ ចម្ងល់នៅត្រង់ថាតើកម្ពុជានឹងប្រើកញ្ចប់ថវិកាប៉ុន្មាននាឱកាស៨ឆ្នាំខាងមុខនោះ? តាមពិតទៅ ការចំណាយអាស្រ័យលើចំនួនវិញ្ញាសា ចំនួនអត្តពលិកនិងមន្ត្រីនៃបណ្ដាប្រទេសដែលមកចូលរួម។ ថ្ងៃនេះ កីឡាដេលី សូមបង្ហាញតួលេខនៃកញ្ចប់ថវិកាដែល ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និង សិង្ហបុរី បានចំណាយដើម្បីរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងឆ្នាំ២០១១ ២០១៣ និង ២០១៥ ថ្មីៗនេះ។
យោងតាមការប្រកាសរបស់គណៈកម្មការរៀបចំកីឡាស៊ីហ្គេមសិង្ហបុរីកាលពីខែដើមឆ្នាំនេះ សិង្ហបុរីបានត្រៀមកញ្ចប់ថវិកា៣២៤,៥លានដុល្លារសិង្ហបុរី (២៣២លានដុល្លារអាមេរិក) សម្រាប់រៀបចំព្រឹត្តិការណ៍លើកទី២៨ពីថ្ងៃទី៥ដល់១៦មិថុនាឆ្នាំ២០១៥ ដែលមានអត្តពលិកនិងមន្ត្រីសរុបជាង៧ពាន់នាក់ចូលរួមប្រកួតប្រជែងក្នុងកីឡា៣៦ប្រភេទ ចែកចេញជា៤០២វិញ្ញាសា។ ចំណាយនេះតិចជាងឆ្នាំ២០១០ ពេលសិង្ហបុរីធ្វើម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិក (Youth Olympic Games) ដែលមានអត្តពលិកនិងមន្ត្រីចូលរួមសរុបប្រមាណ៥ពាន់នាក់ ប្រកួតប្រជែងលើកីឡា២៦ប្រភេទ ដោយសិង្ហបុរីចំណាយអស់៣៨៧លានដុល្លារសិង្ហបុរី(២៧៧លានដុល្លារអាមេរិក)។
ចំណែកស៊ីហ្គេមលើកទី២៧នៅមីយ៉ាន់ម៉ាកាលឆ្នាំ២០១៣ដែលមាន៤៦០វិញ្ញាសាក្នុងប្រភេទកីឡា៣៧ប្រភេទនោះ ចំណាយអស់ប្រមាណ៤០០លានដុល្លារអាមេរិក។
រីឯនៅឥណ្ឌូណេស៊ី៤ឆ្នាំមុន ពោលឆ្នាំ២០១១ ប្រទេសមានអត្រាប្រជាជនខ្ពស់ជាងគេបង្អស់លំដាប់ទី៤ពិភពលោកមួយនេះ ចំណាយអស់ប្រហែល២៧៩លានដុល្លារអាមេរិកសម្រាប់រៀបចំព្រឹត្តិការណ៍លើកទី២៦ដែលមាន៥៤៥វិញ្ញាសានៃកីឡា៤៤ប្រភេទ និងអត្តពលិកប្រហែល៥ពាន់នាក់។
ដោយឡែក ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games ឆ្នាំ២០១៤ ដែលធ្វើឡើងនៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ត្រូវគេប៉ាន់ស្មានថាចំណាយទឹកប្រាក់រៀបចំអស់២ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ keiladaily
ប្រភពតួលេខ៖ straitstimes
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖