ពិធីការិនីកីឡាអាជីព អ្នកស្រី ប្រាក់ សម្ផស្ស បានបង្ហាញនូវ ក្តីបារម្ភខ្លាំង ពាក់ពន្ធ័ទៅនឹង បរិមាណ និងទេពកោសល្យនៃពិធីករកីឡាជំនាន់ក្រោយ ត្បិតអ្នកស្រីសង្កេតថា ការងារនេះ ពុំសូវមានអ្នកចាប់អារម្មណ៏ហើយអ្នកស្រីចង់មានអ្នកស្នងការងារនេះ មុនពេលចូលនិវត្តន៏នាពេលខាងមុខ។

ក្នុងវ័យ៥៤ឆ្នាំ ពោលនៅសល់តែ ៦ឆ្នាំទៀតប៉ុណ្ណោះ នឹងដល់អាយុត្រូវចូលនិវត្តន៏ អ្នកស្រី ប្រាក់សម្ផស្ស ដែលត្រូវបានមហាជនស្គាល់ថា ជាពិធីការិនីកីឡាប្រចាំអគ្គនាយកដ្ឋានកីឡា ថ្លែងថា បច្ចុប្បន្ននេះ ការស្វែងរក អ្នកស្នងអាជីពនេះពិតជាពិបាក។ អ្វីដែលជាឧបសគ្គក្នុងការទាក់ទាញ ចង្កោមយុវជនមកចាប់អារម្មណ៏ លើការងារនេះ ត្រូវបានអ្នក ពន្យល់ថា អាចមកពីបញ្ហាប្រាក់កម្រៃទាប និងទេពកោសល្យរបស់យុវជនបច្ចុប្បន្ននៅមានកម្រិត ៖ "ខ្ញុំព្យាយាមបណ្តុះបណ្តាល ក្មេងជំនាន់ក្រោយដែរ ដើម្បីធ្វើយ៉ាងណា អោយគាតបានស្នង ធ្វើការងារបន្តវេនពីខ្ញុំ។ អ្វីដែលដែលជាការលំបាក់ដូខខ្ញុំធ្លាប់រៀបរាប់ចឹង គឺថា ប្រាក់កម្រៃដែលទទួលបានពីការងារ MC នេះគឺមានកម្រិតទាបមិនសូវមានក្មេងជំនាន់ក្រោយគាត់ចាប់អារម្មណ៏ទេ។ ឧបសគ្គមួយទៀតនោះ គឺក្មេងជំនាន់នេះ គ្មានឆន្ទៈ ក្នុងការចាប់យកអាជីពនេះ។
បច្ចុប្បន្ននេះ ក្រៅធ្វើជាពិធីការិនីខ្លួនឯង អ្នកស្រី ប្រាក់ សម្ផស្ស ក៏មានកូនស្រីម្នាក់ដែរ ដែលកំពុងសិក្សាស្នងតំណែង តែយ៉ាងណាក្តី អ្នកស្រីយល់ថា កម្រិតសមត្ថភាពក្នុងការនិយាយរបស់នាង ហាក់នូវមានកម្រិតទាប នៅឡើយ ៖ "ដោយសារតែចងមានអ្នកបន្តវេន ពិបាកក្នុងការរកអ្នផ្សេង មិនមែនផ្តោតសំខាន់លើកូនខ្លួនឯងអីទេ។ បណ្តុះបណ្តាលអ្នកធ្វើការជមួយគ្នាដែរ អ្វីដែលខ្ញុំធ្លាប់មានបទពិសោធន៏ ប៉ុន្តែគាត់ចាប់មិនបានសោះ ចឹងខ្ញុំក៏សម្រេច បណ្តុះបណ្តាលកូនខ្លួនឯង តែកូនខ្ញុំទៀតសោត ក៏ធ្វើបានតែមួយជ្រុងប៉ុណ្ណោះពោលការងារបច្ចេកទេសប្រកួត តែបើអ្វីប្រែប្រួលភ្លាមៗ គឺគាត់ បត់បែនអត់បាន។
បែបនេះក្តី នៅអំឡុងឆ្នាំ២០១៦នេះស្ថាប័នកីឡាកំពូលមាន ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំឲ្យមានវគ្គបណ្ដុះបណ្តាលអ្នកអត្ថាធិប្បាយកីឡា MC មុនល្បែងកីឡាជាតិឬ National Game ចាប់ផ្តើម នៅអំឡុងខែ វិច្ឆិការ ចុងឆ្នាំផងដែរ។ គួររំលឹកថា អ្នកស្រី ប្រាក់សម្ផស្ស បានប្រឡូក ក្នុងការងារប្រើសម្លេងនេះ ជាង៣៥ឆ្នាំមកហើយ ដែលជាការតពីរៀមច្បង គួបផ្សំនឹងទេពកោសល្យពីកំណើត ពោលពុំមានឆ្លងកាត់ការបណ្តុះបណ្តាល ឬទទួលបានសញ្ញាបត្រ័ ណាមួយជាផ្លូវការនោះទេ៕
ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព៖ ងិន មករា