+855 16 757 168     samnob@keiladaily.com
KD Logo

ជាង៦០០នាក់ចូលរួមទិវាកីឡាដើម្បីទាំងអស់គ្នាប្រចាំឆ្នាំ២០១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 82


អ្នកស្នេហាវិស័យកីឡា៦៣៧នាក់មកពីតាមស្ថាប័ន និងក្រុមហាត់ប្រាណនានាទាំងចាស់ទាំងក្មេង បានចូលរួមប្រារព្ធទិវាកីឡាដើម្បីទាំងអស់គ្នា ឬ Sports for All នាទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិនៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែតុលា ក្រោមអធិបតីភាព ឯកឧត្តម ប៊ូជុំ សេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប។


លោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ឲ្យដឹងថា ទិវាកីឡាដើម្បីទាំងអស់គ្នានៅឆ្នាំ២០១៩នេះធ្វើឡើងក្រោមប្រធានបទកីឡាដើម្បីសុខភាព។ សម្រាប់កម្មវិធីលម្អិតវិញមានការហាត់ប្រាណតាមចង្វាក់ភ្លេង, គេចបាល់, បញ្ជូនបាល់, គ្រ័រ, រត់ចងជើង, ទាញព្រ័ត្រ, សីស្លាប និងសម្រួលសាច់ដុំរាំតាមចង្វាក់ភ្លេង។


ជាមួយគ្នានេះ ឯកឧត្តម ប៊ូជុំ សេរី សង្កត់ធ្ងន់ថា ការចូលរួមយ៉ាងច្រើនកុះករដោយសារតែប្រជាពលរដ្ឋទាំងអស់ដឹងពីតម្លៃកីឡា និងសុខភាព ខណៈក្រសួងអប់រំ យុវជន និងកីឡា ខិតខំផ្សំផ្សាយពីករណីនេះកន្លងមកដែរ។ ឯកឧត្តមបន្ថែមថា ក្រៅពីបានហាត់ប្រាណ អ្នកទាំងអស់គ្នាក៏បានបង្កើតចំណងមិត្តភាពទៅវិញទៅមក និងបន្ថយការចំណាយលើការថែរក្សាសុខភាព។ ឯកឧត្តមក៏បានជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបយកចិត្តទុកដាក់ឲ្យខ្លាំងលើបញ្ហាសុខភាពនេះ។


គួរដឹងដែរថា នេះជាលើកទីពីរហើយ ដែលក្រសួងអប់រំយុវជននិងកីឡាបានរៀបចំទិវាកីឡាដើម្បីទាំងអស់គ្នា ដោយលើកទី១ កាលពីឆ្នាំ ២០១៨កន្លងទៅធ្វើឡើងនៅរាជធានីភ្នំពេញក្រោមប្រធានបទរាំជាមួយគ្នា ខណៈប្រទេសឯទៀតនៅក្នុងតំបន់អាស៊ាន ក៏បានប្រព្រឹត្តទៅដូចៗគ្នា។


សូមបញ្ជាក់ថា Sports for All ជាផ្នែកមួយនៃទិវាកីឡាអាស៊ាន និងអាស៊ានហាត់ប្រាណដើម្បីសុខភាព បង្កើតឡើងដោយអនុលោមតាមកិច្ចប្រជុំរបស់រដ្ឋមន្ត្រីកីឡាអាស៊ាននាថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៥ នៅក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ី និងទទួលបានការឯកភាពបន្ថែម នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកីឡាអាស៊ាន លើកទី៤នាខែតុលាឆ្នាំ២០១៧ នាក្រុងណៃពីដោប្រទេសមីយ៉ាន់ម៉ា។


ទិវានេះត្រូវបានដាក់ឲ្យប្រទេសសមាជិកអាស៊ានទាំងអស់រៀបចំរៀងៗខ្លួនក្នុងគោលបំណង ជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួន ចូលរួមលេងកីឡា និងហាត់ប្រាណ ដើម្បីសុខភាព៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖