អតីតកីឡាការិនីបាល់ទាត់ថ្នាល ម៉េត ម៉ារីយ៉ាន បានសម្រេចចិត្តលាឈប់ក្រុមបាល់ទាត់នារីថ្នាលរបស់សហព័ន្ធ ក្រោយជាប់ជាជម្រើសជាតិកីឡាសូហ្វតេន្នីស កាលពីដើមឆ្នាំនេះ។ ការស្រវារកកីឡាប្រភេទថ្មីមួយនេះ ម៉េត ម៉ារីយ៉ាន អះអាងថា អាចផ្តល់ក្តីរំពឹងច្រើនសម្រាប់នាង ក្នុងការដណ្តើមបានជោគជ័យទាំងក្នុង និងក្រៅស្រុក។
កាលពីពេលថ្មីៗនេះ នៅទីលានហ្វឹកហាត់កីឡាសូហ្វតេន្នីស នៃពហុកីឡដ្ឋានជាតិ ម៉ារីយ៉ាន បានរៀបរាប់ពីដំណើរដើមទង ពីការផ្លាស់ប្ដូរប្រភេទកីឡារបស់ខ្លួនយ៉ាងដូច្នេះ៖"ដោយសារតែខ្ញុំ ជាប់ជម្រើសជាតិនៅក្នងសហព័ន្ធកីឡា សហ្វតេន្នីស ចឹង ខ្ញុំ មិនអាចវិលត្រលប់ ទៅហ្វឹកហាត់ កីឡាបាល់ទាត់ បន្តទៀតទេ។ ខ្ញុំគិតថា កីឡាសហ្វតេន្នីសហ្នឹង វាជាកីឡាថ្មី មានភាពងាយស្រួលក្នងការហ្វឹកហាត់ និងអាចដណ្តើមបានមេដាយ។
អតីតក្មេងរើសបាល់នៅពហុកីឡដ្ឋានជាតិរូបនេះ បានតាំងចិត្តខ្ពស់ ថានឹងតស៊ូគ្រប់យ៉ាងឲ្យក្លាយខ្លួនជាកីឡាការិនីសូហ្វតេន្នីសដ៏ឆ្នើមម្នាក់ តំណាងឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៖ "ខ្ញុំពិតជាចង់ក្លាយជាកីឡាការនីឆ្នើមប្រចាំកម្ពុជាផ្នែកសហ្វតេន្នីសនេះណាស់។ សម្រាប់ឆ្នាំ២០២៣ ខ្ញុំមានក្តីរំពឹងច្រើនថា នឹងអាច ដណ្តើមបាន មេដាយជូនប្រទេសកម្ពុជាបាន ពីព្រោះឥឡូវ ខ្ញុំមានពេលហ្វឹកហាត់ច្រើនតាមរយៈការជាប់ជាជម្រើសជាតិ ។
គួរដឹងដែរថា សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា មានផែនការបញ្ជូនអត្តពលិកសូហ្វតេន្នីសទៅចូលរួមប្រជែងក្នុងការប្រកួតកីឡាសូហ្វតេន្នីសជើងឯកអាស៊ាន នៅនៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែមេសា នេះ ក្នុងនោះក៏មានវត្តមានកីឡាការិនី ម៉េត ម៉ារីយ៉ាន ផងដែរ ដែលរូបគេនឹងត្រូវប្រកួតលើវិញ្ញាសាអាយុក្រោម១៥ឆ្នាំ៕
ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN
អត្ថបទ៖ ងិន មករា
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖