គម្រោងរៀបចំការប្រកួតពានថ្មីមួយ បន្ថែមលើការប្រកួតថ្នាក់ជាតិមួយឆ្នាំម្ដង របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលជាផែនការប្រចាំឆ្នាំ២០១៦ នៅពេលនេះពុំទាន់ទទួលបានការឯកភាព ពីក្រសួងអប់រំ យុវជន និងកីឡា នៅឡើយទេ ត្បិតការស្នើសុំថវិការៀបចំការប្រកួតពីស្ថាប័នកីឡាកំពូលនេះ នៅជាប់គាំងនៅឡើយ។

អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណាយ ផាណា
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណាយ ផាណា កាលពីរសៀល ថ្ងៃទី ១៨ ខែមេសា នាពហុកីឡដ្ឋានជាតិ បានថ្លែងថា លោកធ្លាប់ដឹងថា ក្រសួងនឹងផ្ដល់កញ្ចប់ថវិកាដល់សហព័ន្ធ ដែលបានស្នើរៀបចំកម្មវិធីណាមួយ ប៉ុន្តែមកទល់ពេលនេះ លោកពុំទាន់ទទួលបានការឆ្លើយតបនៅឡើយ៖" តាំងពីយើងរៀបចំផែនការ នៅដើមឆ្នាំ២០១៦មក ខ្ញុំមានគម្រោង ធ្វើពានផ្ទាល់ខ្លួនរបស់សហព័ន្ធឬ CUP មួយ ដោយយើងទទួលដំណឹងថា យើងនឹងអាចទទួលបាន ថវិការដែលក្រសួងធម្លាក់អោយសម្រាប់រៀបចំ ការប្រកួត តែមកដល់ពេលនេះ យើងពុំទាន់ទទួលបានដំណឹងអីនោះទេ។"
យ៉ាងណាក្តី គម្រោងស្នើថវិការៀបចំការប្រកួតព្រឹត្តិការណ៍បន្ថែមនេះ ពុំទាន់មានការបញ្ជាក់ណាមួយថា នឹងសម្រេចលុបចោលទាំងស្រុងនោះឡើយ។ អគ្គលេខាធិការដដែលគ្រាន់តែបញ្ជាក់ថា ការរៀបចំនេះគ្រោងធ្វើឲ្យបាន មុនព្រឹត្តិការណ៍ល្បែងកីឡាជាតិឬ National Game ចូលមកដល់ នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ។
បើតាមផែនការរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅឆ្នាំ២០១៦នេះ យ៉ាងហោចណាស់នឹងមានការប្រកួតធំៗចំនួន៣ ក្នុងនោះមានការប្រកួតថ្នាក់ជាតិ ល្បែងកីឡាជាតិ និងការប្រកួតដណ្តើមពានសហព័ន្ធ ឬ President Cup ៕
ផ្ដល់សិទ្ធ ៖ ទូរទស្សន៍ PNN
រូបភាព និងអត្ថបទ៖ ងិន មករា
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖