សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា នៅសប្តាហ៍នេះ បានប្រកាសជាផ្លូវការហើយ នូវសមាសភាពកីឡាករ កីឡាការិនីទាំង៩រូប ដែលខ្លួននឹងបញ្ជូនចេញទៅចូលរួម ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីន។
បើតាមការគូសបញ្ជាក់ ពីអគ្គលេខាធិការសហព័ន្ធ លោក ជា សែនវិស្សុត ការចេញទៅលើកនេះ សហព័ន្ធមានក្តីរំពឹងខ្ពស់ ថាក្រុមសូហ្វតេន្នីសកម្ពុជា នឹងអាចយកមេដាយបាន។ យកបាន ក៏ព្រោះកីឡាករ កីឡាការិនីទាំងអស់ បានពង្រឹងខ្លួនយ៉ាងល្អមុនចេញទៅព្រឹត្តិការណ៍២ឆ្នាំម្តងក្នុងតំបន់អាស៊ានមួយនេះ ក្នុងនោះបូលរួមទាំងការចេញទៅប្រជែងនៅក្រៅប្រទេសច្រើនដង និងការហ្វឹកហាត់ជាប្រចាំនៅក្នុងស្រុកផងដែរ។
ក្នុងផែនការថ្មីឆ្នាំ២០១៩នេះសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានចេញទៅប្រជែង ៧កម្មវិធីធំៗលក្ខណៈអន្តរជាតិនៅក្រៅប្រទេស។ ៧កម្មវិធីអន្តរជាតិនេះ ត្រូវបានរំពឹងថា នឹងជួយជម្រុញសមត្ថភាព កីឡាករ ការិនីកម្ពុជា ឆ្ពោះទៅប្រជែងមេដាយស៊ីហ្គេម នាចុងឆ្នាំ២០១៩ នៅប្រទេស ហ្វីលីពីន។
គួរបញ្ជាក់ថា ក្នុងបញ្ជីផ្លូវការ ដែលចុះហត្ថលេខាដោយឯកឧត្តម ក ជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជានោះថា ការចេញទៅប្រកួតនៅស៊ីហ្គេមឆ្នាំនេះ ដឹកនាំដោយ លោក ជា សែនវិស្សុត រួមជាមួយគ្រូបង្វឹកជនជាតិជប៉ុន MASATO Ogiwara និងលោក យី សារិន ដែលជាគ្រូជំនួយ។
កីឡាករ កីឡាការិនីទាំង០៩រូបរួមមាន៖ កីឡាករ កាន់ សោភ័ណ្ឌ អន សម្បត្តិ ឌឹម សំសម្បត្តិ ចន ម៉ាដា យី គាវីរៈ និង កីឡាករប៉ិល វណ្ណី។ ចំពោះកីឡាការិនីទាំង៣រូបវិញនោះ មានកីឡាការិនី រិន សុធារី ជិន ស្រីឡូយ និង កីឡាការិនី ម៉េត ម៉ារីយ៉ាន៕
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖