សហព័ន្ធកីឡាចំបាប់កម្ពុជា បានដាក់លិខិតស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសុំកញ្ចប់ថវិការធ្វើការជួសជុលទីកន្លែងស្នាក់នៅ សម្រាប់យុវជនថ្នាល ដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់ ឆ្លើយតបតាមគោលការណ៍ ក្រសួងអប់រំ យុវជន និងកីឡា ដាក់ឲ្យមានការប្រមូលផ្ដុំកីឡាករ កីឡាការិនីថ្នាល ត្រៀមស៊ីហ្គេម២០២៣ ។
ទាក់ទិននឹងបញ្ហានេះ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា ឲ្យដឹងកាលពីថ្ងៃទី ២០ មេសា នាសហព័ន្ធកីឡាចំបាប់កម្ពុជា យ៉ាងដូច្នេះ ៖”ដោយសារយើងទទួលគោលការណ៍ដើម្បីប្រមូលផ្ដុំកីឡាករ កីឡាការិនីថ្នាល ប៉ុន្តែអ្វីដែលសំខាន់នោះគឺបន្ទប់ស្នាក់នៅ និងបន្ទប់ទឹកគឺមានការខូចខាតខ្លាំង ចឹងយើងបានស្នើសុំទៅក្រសួងដើម្បីឲ្យជួសជុល ដើម្បីអនុញ្ញាតិឲ្យយើងបានប្រើប្រាស់ជាកន្លែងថ្នាល់ យើងក៏បានដាក់គោលការណ៍មួយទៀតស្នើសុំទៅក្រសួង ប្រើប្រាស់សាលដំបូងទូក ស្លាបខាងស្ដាំ ជាកន្លែងស្នាក់នៅរបស់កីឡាករ កីឡាការិនីជម្រើសជាតិថ្នាល ហើយយើងទទួលបានដំណឺងពីនាយកដ្ឋានអប់រំកាយ និងកីឡា ថានឹងមានការកោះប្រជុំមួយ ដើម្បីពិភាក្សាគ្នាក្នុងការជួសជុល និងប្រើប្រាស់ គឺមិនមែនទីលានទេតែជាកន្លែងស្នាក់សម្រាប់ថ្នាល”
អគ្គលេខាធិការមានបទពិសោធន៍១៦ឆ្នាំ លើសង្វៀនចំបាប់រូបនេះបន្ថែមថា ប្រសិនបើក្រសួងធ្វើការជួសជុលឲ្យមែន គឺបានត្រឹមតែទីកន្លែងប៉ុណ្ណោះ ដូច្នេះបញ្ហាសម្ភារៈ សហព័ន្ធជាអ្នករ៉ាប់រងទាំងស្រុង។ យ៉ាងណាក្ដី លោក Casey Barnett នាយកវិទ្យាស្ថានខេមអេដ និងជាអតីតកីឡាករចំបាប់ បានចំណាយធនធានផ្ទាល់ខ្លួនប្រមាណជាង៣០០០ដុល្លារ ក្នុងការទិញគ្រែ២ជាន់ ចំនួន៨ និងម៉ាស៊ីត្រជាក់ចំនួន២ រួមទាំងសម្ភារៈមួយចំនួន ដើម្បីសម្រួលដល់ការស្នាក់នៅ និងហ្វឹកហាត់ របស់អត្តពលិកថ្នាលទាំង១៥រូប ។
គួរបញ្ជាក់ថា កីឡាចំបាប់ គឺជាប្រភេទកីឡាមួយក្នុងចំណោមកីឡា ៩ ប្រភេទ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យប្រមូលផ្តុំយុវជនថ្នាលក្នុងឆ្នាំនេះ ដោយមានកីឡាករ ១០ នាក់ និងកីឡាការិនី ៥ នាក់ ដោយទទួលបានការផ្គត់ផ្គង់ថ្លៃអាហារ៤៤០០០រៀលក្នុងមួយថ្ងៃ រយៈពេល ១០ ខែ ពោលចាប់ពីថ្ងៃទី១ ខែមីនា រហូតដល់ចុងខែធ្នូ៕
ផ្ដល់សិទ្ធ ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព ៖ តាំង លីហួរ
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖