អគ្គលេខាធិសហព័ន្ធកីឡាចំបាប់កម្ពុជាលោក ធិន វិចិត្រ បង្ហើបកង្វល់ថា ចំបាប់កម្ពុជាបច្ចុប្បន្ននេះ មិនទាន់មានមន្ត្រីបច្ចេកទេស ឬអាជ្ញាកណ្ដាលអន្តរជាតិនោះទេ បើទោះ ចំបាច់ ជាកីឡាដ៏មានសក្ដានុពល តែងបង្កើតជោគជ័យបន្តបន្ទាប់ឲ្យកម្ពុជាលើឆាកស៊ីហ្គេម។
ស៊ីហ្គេម ស្ទើគ្រប់សម័យចាប់ពី ២០០៣ មក ចំបាប់ ឈ្នះមេដាយពុំដែលខានឡើយ។ គួរឲ្យកត់សម្គាល់ស៊ីហ្គេម២០១៣ នៅមីយ៉ាន់ម៉ា ចំបាប់ បានឈ្នះមេដាយរហូត១០គ្រឿង រាប់ទាំងមេដាយមាស៤ផង ដោយបានធ្វើឲ្យកីឡាមួយនេះ ត្រូវចាត់ចូល ចង្កោមកីឡាដ៏មានសក្ដានុពលសម្រាប់កម្ពុជា។ ប៉ុន្តែទន្ទឹងភាពខ្លាំងបច្ចុប្បន្ន ចំបាប់កម្ពុជា ពុំទាន់មានមន្ត្រីអាជ្ញាកណ្ដាលនិងចៅក្រមកម្រិតអន្តរជាតិនៅឡើយ ដែលជាកង្វល់កំពុងប្រឈម។ នេះជាការលើកឡើងរបស់លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា៖«ត្បិតយើងយកបានមេដាយសឹងគ្រប់ស៊ីហ្គេម។ តាំងពីស៊ីហ្គេម២០០៣ ម៉ោយើងបានរហូត ប៉ុន្តែនៅតែបងប្អូន អត់ទាន់ស្គាល់ថាចំបាប់ជាស្អីនៅឡើយ។ សូម្បីកីឡាករយើងក៏មានតាមតំបន់ ដូចកីឡាករយើងភាគច្រើនមកពី វិហារសួគ៌។ ដល់ចឹងអត់សូវគេស្គាល់ច្រើន ទោះយើងចង់អញ្ជើញអ្នកចង់ចេះអាជ្ញាកណ្ដាលមករៀនក៏គេអត់ចង់ដែរ ព្រោះរៀនហើយ អត់មានសកម្មភាព អត់អីចឹងអត់ចំណូល។ ចឹងឥឡូវយើងខ្វះណាស់ខាងបច្ចេកទេសហ្នឹ»។
អគ្គលេខាធិការរូបនេះបន្តថា ស្ថានភាពដែលចំបាប់កម្ពុជា ពុំមានមន្ត្រីបច្ចេកទេស និង អាជ្ញាកណ្ដាលអន្តរជាតិ ជាក្ដីបារម្ភ ពិសេសក្នុងកម្មវិធីអន្តជាតិ។ លោកថាកីឡាករកម្ពុចាញ់ប្រៀបដៃគូ ឬរងនូវការកាត់សេចក្ដី លំអៀង ក្នុងកម្មវិធីមានតែអាជ្ញាកណ្ដាលប្រទេសផ្សេងៗនោះ។ លោកពន្យល់ទៀតថាសូម្បីអាជ្ញាកណ្ដាលថ្នាក់ជាតិក៏ចំបាប់ ខ្សត់ខ្សោយដែរ។
ដំណោះស្រាយបន្ទាន់លោក ធិន វិចិត្រ បន្ថែមថា ក្នុងឆ្នាំ២០១៦នេះ នឹងជម្រុញឲ្យអាជ្ញាកណ្ដាលកម្ពុជាហោចណាស់ ៥នាក់ឡើងដល់កម្រិតអន្តរជាតិជាលើកដំបូង អាចបំពេញការងារក្នុងប្រកួតធំៗបាន។
គួររំលឹកថាសព្វថ្ងៃនេះ កម្ពុជាមានតែអតីតអត្តពលិកជើងចាស់២នាក់ប៉ុណ្ណោះ ធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាល និងកាន់វិញ្ញាបនប័ត្រអាជ្ញាកណ្ដាលអន្តរជាតិ គឺឯកឧត្ដម វ៉ាត់ ចំរើន ដែលបច្ចុប្បន្នជាអគ្គលេខាធិការ NOCC និង លោក ហុក ឈាងគីម កំពុងកាន់តួនាទីអគ្គលេខាធិកសហព័ន្ធកីឡាល្បុក្កតោ៕
ផ្ដល់សិទ្ធ ៖ ទូរទស្សន៍ PNN
អត្ថបទ និង រូបភាព៖ ប៉ែន សុផាន់ណា
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖