+855 16 757 168     samnob@keiladaily.com
KD Logo

ទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ២០២០ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 106

ទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្ររៀបចំឡើងដោយគណៈកម្មការស្ត្រី និងកីឡា នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ នាពហុកីឡដ្ឋានជាតិ។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសង្កត់ធ្ងន់ថា ទិវានេះស្ថិតក្នុងផែនការមេស៊ីហ្គេម២០២៣ដែលបានយកយុទ្ធសាស្ត្រឲ្យមានការចូលរួមរបស់ស្ត្រីក្នុងកីឡា។ នេះជាឱកាសស្វែងរកឧត្តមភាពកីឡា និងផ្សព្វផ្សាយចលនាស្ត្រីក្នុងកីឡាដើម្បីស្រូបយកទេពកោសល្យ ជួយជំរុញឲ្យសង្គមជាតិមានការចូលរួមលើកតម្កើនសមភាពយេនឌ័រក្នុងសង្គម។

ចំណែកលោកជំទាវ កុយ ពិសី ប្រធានគណៈកម្មការស្ត្រី និងកីឡាយល់ឃើញថា កីឡាពិតជាមានសារៈសំខាន់ ដូច្នេះគណៈកម្មការចង់ឲ្យមានចលនាស្ត្រីចូលរួម ព្រោះពួកគេជាប្រភពថវិកា, ជាឆ្អឹងខ្នងសង្គម និងជាប្រភពសុមង្គលក្នុងគ្រួសារ។ អ្វីសំខាន់ គឺឲ្យស្ត្រីមានសុខភាពល្អ ហេតុដូចនេះហើយត្រូវចូលរួមលេងកីឡា។

លោកជំទាវ កុយ ពិសី មើលថា ស្ត្រីដែលមានការយល់ដឹងច្រើន បានចូលរួមកីឡាយ៉ាងសកម្ម តែមួយចំនួនទៀតមិនបានចូលរួមនៅឡើយទេ។ លោកជំទាវបន្ថែមគណៈកម្មការស្ត្រី និងកីឡា អាចរៀបចំទិវានេះឡើងមានការចង្អុលបង្ហាញពីឯកឧត្តម ថោង ខុន និងឯកឧត្តម វ៉ាត់ ចំរើន ដែលជាថ្នាក់ដឹកនាំ NOCC ហើយក៏ថែមបានចូលរួមរកបានអ្នកឧបត្ថម្ភថែមទៀត ។ ដូច្នេះលោកជំទាវបានអំពាវនាវឲ្យស្ត្រីចូលរួមឲ្យបានច្រើន ជាពិសេសប្រឹងប្រែងមានឱកាសឈានទៅស៊ីហ្គេមដណ្ដើមបានលទ្ធផលល្អ។


ពាក់ព័ន្ធនឹងការប្រកួត ក្រៅពី១០គីឡូម៉ែត្រ ក៏មានវិញ្ញាសា៤គីឡូម៉ែត្រ ដោយវិញ្ញាសារទីមួយចេញដំណើរពីវត្តបទុមចូលទៅផ្លូវសុធារសឆ្ពោះទៅកោះពេជ្រ ហើយទៅផ្លូវព្រះបាទស៊ីសុវត្ថិ ទៅវត្តឧណ្ណាលោម កាត់មុខវាំងដល់វត្តបទុមជាទីបញ្ចប់។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ការប្រកួតនេះក៏បើកចំហរដល់បុរសដែរ តែអ្វីសំខាន់គឺជំរុញស្ត្រីចូលរួមឲ្យបានច្រើន។ បំណងមួយទៀត គឺការការពារបរិស្ថានដែលកម្ពុជាកំពុងរៀបចំយុទ្ធនាការកម្ពុជាស្អាត។ ប្រសិនបើបើបានអត្ថប្រយោជន៍ នឹងមានរៀបចំកម្មវិធីស្ត្រី និងកីឡាបន្ថែមទៀតឈានវិថីឆ្ពោះទៅស៊ីហ្គេម២០២៣។ ឯកឧត្តមសង្កត់ធ្ងន់ថា ប្រសិនបើព្រឹត្តិការណ៍កាន់តែច្រើន នឹងអាចធ្វើឲ្យការងារបានល្អ។
ឯកឧត្តម វ៉ាត់ ចំរើន សង្ឃឹមថា នឹងមានអ្នកចូលរួមបានដល់៥០០០នាក់។ បើមិនគ្រប់ទេ នឹងបើកចំហរដល់អត្តពលិក និងសិស្ស។


ចំពោះការចុះឈ្មោះ គឺតាមអនឡាញដើម្បីងាយស្រួលគ្រប់គ្រងទិន្នន័យ។ វិញ្ញាសា១០គីឡូតម្លៃ២០ដុល្លារ សម្រាប់
បរទេស និងកម្ពុជា១០ដុល្លារ។ ៤គីឡូ ១៥ដុល្លារបរទេស និង៧ដុល្លារខ្មែរ។ ថវិកានឹងត្រូវបានប្រើប្រាស់សម្រាប់បោះពុម្ពអាវ, លេខ, ប្រព័ន្ធផ្ដល់ពិន្ទុតាមស្តង់ដារ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖