+855 16 757 168     samnob@keiladaily.com
KD Logo

ស្រុកអន្លង់វែងនឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្លង់វែងលើកទីពីរ ២០២០

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 358

ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត ប្រទេសថៃ ដោយមានការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានធ្វើសន្និសីទសារព័ត៌មាន​ក្រោមអធិបតីភាពឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងតំណាងភាគីថៃ ស្ដីពីព្រឹត្តិការណ៍រត់ប្រណាំងអន្លង់វែង លើកទីពីរ ឆ្នាំ២០២០ ដែលគ្រោងធ្វើពីចន្លោះថ្ងៃទី០៧ដល់ថ្ងៃទី០៩ ខែកុម្ភៈ។ 


ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងនាមរួមស្មារតីបងប្អូនរវាងភាគីប្រទេសទាំងពីរ និងដើម្បីទទួលបានអំណរសាទរពីប្រជាពលរដ្ឋទាំងសងខាងជាប់ព្រំដែន។

ថ្នាក់ដឹកនាំ NOCC ដដែលឲ្យដឹងថា កាលលើកទីមួយនៅឆ្នាំ២០១៩ ការប្រកួតចាប់ផ្ដើមពីទីរួមស្រុកទើបចូលលើភ្នំតាមច្រកជាំ ដល់ប៉​មតាម៉ុក ដោយមានសិស្សានុសិស្ស និងប្រជាពលរដ្ឋខាងខ្មែរថៃចូលរួម។ ឆ្នាំមុនក្រៅពីប្រជាពលរដ្ឋ ក៏មានជនបរទេសដែលមាននិស្សិតមកពីអាមេរិក និងតាមបណ្ដាប្រទេសមួយចំនួនចូលរួមដែរ។ ឆ្នាំ២០២០ គ្រោងចេញពីកាស៊ីណូច្រកជំាទៅប៉មតាម៉ុក។


សម្រាប់ឆ្នាំនេះវិញ គណៈកម្មការចង់ឲ្យព្រឹត្តិការណ៍នេះប្រែប្រួលដោយរៀបចំកម្មវិធីច្រើន និងកីឡាច្រើនជាងនេះ។ ទីមួយរក្សាការរត់ប្រណាំងដដែល ហើយរត់លើភ្នំដដែលចម្ងាយ៤គីឡូម៉ែត្រ។ ចំណែកខាងក្រោមមានកីឡាផ្សេងៗដូចជាជិះកង់កម្សាន្ដ, ប្រភេទកីឡាប្រពៃណីជាតិខ្មែរដែលមានចំបាប់បុរាណ, ការប្រណាំងទូកតូចៗ។ ក្រៅពីនោះ ក្រុមកីឡាល្បុក្កតោសម្ដែងក្នុងពិធីទៀតផង។


ចំណែកភាគីថៃ ឯកឧត្តម វ៉ាត់ ចំរើន ឲ្យដឹងថា អាចយកកីឡាមកចូលរួមបានដែរ។  ក្រៅពីនេះក៏នឹងមានការប្រគំតន្រ្តីនាពេលរាត្រី ការតាំងពិពរណ៍ លក់ម្ហូបអាហារដើម្បីឲ្យព្រឹត្តិការណ៍កាន់តែអធិកអធមក្នុងរយៈពេល០៣ថ្ងៃ។


ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា គោលបំណងមានច្រើន តែអ្វីរួមគ្នាគឺបំណងក្នុងន័យរក្សាមិត្តភាព សាមគ្គីភាព ប្រទេសជិតខាង និងខេត្តជាប់គ្នាឲ្យប្រជាជនមានទំនាក់ទំនងគ្នាល្អ។ ម្យ៉ាងក៏មានបំណងទាក់ទាញជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវប្បធម៌ និងបង្ហាញពីសន្តិភាព ឲ្យទេសចរបានចូលទស្សនាតំបន់អន្លង់វែងដែលកំពុងតែមានការអភិវឌ្ឍ។

ឯកឧត្តមលើកឡើងថា អ្នកខ្លះនៅមានអារម្មណ៍ភ័យខ្លាចអន្លង់វែង តែធាតុពិតអន្លង់វែងកំពុងអភិវឌ្ឍ និងក្លាយជាតំបន់ទេសចរណ៍។ ដូច្នេះតាមគោលនយោបាយរដ្ឋាភិបាលគឺប្រែក្លាយអន្លង់វែងជាគោលដៅទេសចរណ៍ពិសេស ពីតំបន់បញ្ចប់សង្គ្រាមចុងក្រោយរបស់អង្គការចាត់តាំងខ្មែរក្រហម។

ជាមួយគ្នានេះ តំណាងក្រសួងទេសចរណ៍បានអំពាវនាវឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ដើម្បីសម្រេចបានគោលដៅជំរុញព្រឹត្តិការណ៍ទទួលបានជោគជ័យ ទាំងផ្នែកសន្តិសុខ និងសុវត្ថិភាព។ 

ឯកឧត្តម វ៉ាត់ ចំរើន បង្ហើបថា ព្រឹត្តិការណ៍រត់ប្រណាំងដ៏ពិសេសខាងលើគ្រោងឲ្យមានអ្នកចូលរួម១៥០០នាក់ដែលក្នុងនោះឯកឧត្តមបានស្នើពីភាគីថៃចំនួន៧៥០នាក់។ 

ក្រៅពីការប្រកួត ក៏មានពិពរណ៌នៅផ្ទះតាម៉ុករូបថត១០០សន្លឹកពីសង្គ្រាមតាំងពីឆ្នាំ១៩៧០រហូតដល់ថ្ងៃធ្វើសមាហរណកម្មនៅចុងទសវត្សរ៍ទី៩០នៅ។


សម្រាប់ព្រឹត្តិការណ៍លើកក្រោយគ្រោងរៀបចំមួយខែពេញកាន់តែទូលំទូលាយ ដោយធ្វើមួយសប្ដាហ៍ម្ដង និងមានការសហការជាមួយស្ថានទូតសហរដ្ឋអាមេរិកថែមទៀត៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖