+855 16 757 168     samnob@keiladaily.com
KD Logo

ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បន្តជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជានៅអាណត្តិថ្មី 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 172


សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៨ បន្តអាណត្តិទី៩ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមប្រធាន អូន ព័ន្ធមុន្នីរ័ត្ន, ឯកឧត្តម លឹម គានហោ អនុប្រធាន, ឯកឧត្តម ថោង ខុន ប្រធាន NOCC ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកយ៉ាងច្រើនទៀត។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធការ៉ាតេកម្ពុជាបានរៀបរាប់ពីរបាយការណ៍សកម្មភាពពីអាណត្តិទី៨ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២០កន្លងទៅ។


ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា នៅអាណត្តិចាស់ក្រោមការដឹកនាំពីឯកឧត្តមប្រធាន អូន ព័ន្ធមុន្នីរ័ត្ន សហព័ន្ធក៏បានព្យាយាមបង្កើនសកម្មភាពយ៉ាងច្រើនទាំងក្នុងនិងលើឆាកអន្តរជាតិ។ ឯកឧត្តមក៏បង្ហើបដែរថា ក្លិបមួយចំនួនមិនទាន់បានចូលរួមជាសមាជិកសហព័ន្ធនៅឡើយទេ។ ចំណែកគ្រូបង្វឹកជំនាញនៅមានកម្រិត ខណៈថវិកា និងសម្ភារៈតាមស្ដង់ដារក៏នៅខ្វះខាត ព្រមទាំងធនធានមនុស្សទៀតផង។

ថ្នាក់ដឹកនាំដដែលបានសំណូមពរឲ្យមានកំណែទម្រង់លើភាពអវិជ្ជមានក្នុងសហព័ន្ធ និងបង្កើនសកម្មភាពក្រៅប្រទេសថែមទៀត។

ចំណែកឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអបអរសាទរ និងគាំទ្រ ហើយក៏អរគុណដែលបានជំរុញការងារដឹកនាំឲ្យមានការរីកចម្រើននៅអាណត្តិចាស់ក្រោមការដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន។


ប្រមុខ NOCC បានស្នើធ្វើយ៉ាងណាត្រូវអភិវឌ្ឍកីឡាការិនីទាំងបរិមាណ និងគុណភាព។ ទីពីរ រៀបប្រភេទវិញ្ញាសាទម្ងន់ធ្ងន់គ្រប់វិញ្ញាសាប្រយុទ្ធសម្រាប់នារី។ ក្នុងនោះដែរ NOCC ក៏មានភារកិច្ចជួយសហព័ន្ធជាតិលើការងារផ្សេងៗទាំងក្នុង និងអន្តរជាតិ។

ឯកឧត្តម ថោង ខុន បានបង្ហាញជំនឿចិត្តលើការដឹកនាំរបស់ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ក្នុងអាណត្តិថ្មីដែលជាឆ្នាំដ៏សំខាន់ និងជូនពរឲ្យសហព័ន្ធទទួលបានជោគជ័យជាពិសេសនៅឆ្នាំស៊ីហ្គេម២០២៣។
សម្រាប់ឯកឧត្តមប្រធាន អូន ព័ន្ធមុន្នីរ័ត្ន ថ្លែងអំណរគុណដែលផ្ដល់សេចក្ដីទុកចិត្តដល់សមាជិកប្រតិបត្តិបន្តការងារនៅអាណត្តិថ្មី ២០១៧-២០២០។


ឯកឧត្តមប្រធាន អូន ព័ន្ធមុន្នីរ័ត្ន សង្កត់ធ្ងន់ថា សហព័ន្ធបានកែទម្រង់ផ្ទៃក្នុង និងបច្ចេកទេសឲ្យរលូនមានប្រសិទ្ធភាព ហើយក៏អរគុណដល់សមាជិកទាំងអស់ដែលខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មឲ្យទទួលបានលទ្ធផលល្អ។ ការបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធក៏ជាភារកិច្ចត្រូវគិតគូរ ដោយត្រូវរកគ្រូបច្ចេកទេសដើម្បីអាចជួយបណ្ដុះសមត្ថភាពកីឡាករ កីឡាការិនី។

សម្រាប់ស្នាដៃគួរកត់សម្គាល់ផ្សេងៗ សហព័ន្ធបានសាងសង់មជ្ឈមណ្ឌលជាតិការ៉ាតេនៅ RUPP រៀបចំជម្រើសជាតិមានកីឡាករ កីឡាការិនីល្អៗ មានគ្រូបង្វឹកបរទេសធ្វើឲ្យគុណភាពប្រយុទ្ធរីកចម្រើនគួរកត់សម្គាល់។ ពង្រឹងយន្ដការគ្រប់គ្រង និងដឹកនាំ មានលក្ខន្តិកៈ ផែនការយុទ្ធសាស្ត្រអាចទទួលយកបាន។ ស្វែងរកជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដោយមានការប្រកួត ការផ្លាស់ប្ដូរហ្វឹកហាត់ជាមួយជប៉ុនជាដើម។

ទាក់ទងនឹងហិរញ្ញវត្ថុ គឺក្រសួងហិរញ្ញវត្ថុបានផ្ដល់ការឧបត្ថម្ភដើម្បីលើកកម្ពស់ និងគាំទ្រដល់សហព័ន្ធជាបន្តបន្ទាប់។


ឯកឧត្តមប្រធានបន្ថែមថា ទោះបីបានប្រឹងប្រែងសម្រេចបានលទ្ធផលជាទីមោទក ក៏នៅមានការងារមួយចំនួនទៀតតាមផែនការយុទ្ធសាស្ត្រនៅមិនទាន់សម្រេចពេញលេញតាមការចង់បាន ដូច្នេះត្រូវខំប្រឹងឲ្យខ្លាំងថែមទៀត។ ដូច្នេះ ដើម្បីពង្រឹងការងារនៅអាណត្តិថ្មី ក្នុងនាមជាប្រធានសហព័ន្ធ ឯកឧត្តមបានបង្ហាញពីគម្រោងបង្កើតគណៈកម្មការចំនួន៥ មានទីផ្សារ និងចលនាឧបត្ថម្ភ, បច្ចេកទេស រៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ, វិន័យ និងដោះស្រាយវិវាទ, គណៈកម្មការអាជ្ញាកណ្ដាចៅក្រម និងបច្ចេកទេស, ការរៀបចំតែងតាំងព្រឹទ្ធាចារ្យជាទីប្រឹក្សាជាន់ខ្ពស់។ ជាមួយនឹងការតែងតាំងនេះ ក៏បានទទួលស្គាល់កម្រិតដាន់ជូនដល់លោកគ្រូមួយចំនួនធំ។


ក្រៅពីនេះក៏មានការរៀបចំផែនការអភិវឌ្ឍកីឡាករ កីឡាការិនីតាមដំណាក់កាលដែលត្រូវការគ្រូបង្វឹក និងសម្ភារៈស្តង់ដារ, ការឧបត្ថម្ភ, ការហ្វឹកហាត់ត្រូវការប្រកួតថ្នាក់ជាតិ និងអន្តរជាតិឲ្យបានច្រើន។ ឧបត្ថម្ភគាំទ្រការប្រកួតចំណាត់ថ្នាក់ (Ranking) និងការប្រកួតបើកចំហរឲ្យបានច្រើនដើម្បីទទួលបានការជឿទុកចិត្តមុនចូលរួមស៊ីហ្គេម២០២៣។

ជាចុងក្រោយ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ក៏ស្នើបេសកកម្មធំៗមានអភិរក្ស អភិវឌ្ឍធនធានមនុស្ស ដើម្បីធ្វើសុខដុមរូបនីយកម្ម។ ធ្វើប្រជាប្រិយភាវូបនីយកម្ម, អភិបាលកិច្ចល្អ, ជំរុញល្បឿនអភិវឌ្ឍន៍ បង្កើតមូលនិធិការ៉ាតេ។ ឯកឧត្តមបញ្ជាក់ថា បេសកកម្មនេះគឺជាការឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាក់ស្ដែងរបស់សហព័ន្ធ និងចំណុចខ្វះខាតទាំងឡាយ។ ក្នុងនាមប្រធាន ឯកឧត្តម និងថ្នាក់ដឹកនាំផ្សេងៗទៀតបានជួយសហព័ន្ធមួយឆ្នាំជាង១០ម៉ឺនដុល្លារទាំងលើការប្រកួត និងការងារផ្សេងៗ ព្រោះមើលឃើញថា ថវិការដ្ឋនៅអត្តខាត់នៅឡើយ។ ជាក់ស្ដែង មួយសហព័ន្ធ ទទួលបាន១០០លានរៀលប៉ុណ្ណោះ៕


សម្រាប់សមាសភាពនៅអាណត្តិថ្មីនៃគណៈកម្មការប្រតិបត្តិការ៉ាតេកម្ពុជា មានដូចខាងក្រោម ៖


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖