+855 16 757 168     samnob@keiladaily.com
KD Logo

ប្រវត្តិសង្ខេបរបស់ Sharapova ដែលទើបចូលនិវត្តន៍ក្នុងវ័យ៣២ឆ្នាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 135

កំពូលកីឡាការិនីវាយកូនបាល់ជនជាតិរុស្ស៊ី Maria Sharapova បានប្រកាសចូលនិវត្តន៍នៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២០ ក្នុងវ័យ៣២ឆ្នាំ។

នាងបានចាកចេញក្នុងនាមជានារីម្នាក់ក្នុងចំណោម១០នាក់ដែលបានឈ្នះគ្រប់ Grand Slam ទាំង៤ក្នុងប្រភេទកីឡាមួយនេះ និងជាអតីតម្ចាស់ចំណាត់ថ្នាក់លេខ១ពិភពលោកដែលបានជះឥទ្ធិពលយ៉ាងធំធេងទាំងក្នុងពិភពកីឡានិងពិភពតារាល្បីៗលំដាប់ពិភពលោក។

Sharapova បានកើតនៅតំបន់ស៊ីបេរីថ្ងៃទី១៩ខែមេសាឆ្នាំ១៩៨៧ ចម្ងាយជាង៦៤គីឡូម៉ែត្រពីទីក្រុង Chernobyl ដែលជីដូនរបស់នាងបានបញ្ចុះបញ្ចូលឱ្យឪពុកម្ដាយនាងផ្លាស់ទីលំនៅ បន្ទាប់ពីមានការផ្ទុះរោងចក្រនុយក្លេអ៊ែរក្នុងឆ្នាំ១៩៨៦នៅទីនោះ។

គ្រួសារ Sharapova បន្ទាប់មកទៀត បានផ្លាស់ទៅទីក្រុង Sochi មុនពេលទៅ Florida សហរដ្ឋអាមេរិក ពេលនាងមានវ័យ៦ឆ្នាំ ដើម្បីសម្រួចអាជីពវាយកូនបាល់។ ខណៈនាងនៅអាមេរិក ម្ដាយរបស់នាងបន្តនៅរុស្ស៊ី ហើយមិនបានជួបជុំគ្នាក្នុងពេលសំខាន់ៗអស់២ឆ្នាំ។

Sharapova បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Nike និង IMG ពេលនាងមានវ័យ១១ឆ្នាំ ហើយបានឈ្នះជើងឯក Wimbledon ៦ឆ្នាំបន្ទាប់ ពោលគឺក្នុងឆ្នាំ២០០៤ ពេលនាងមានវ័យទើប១៧ឆ្នាំ។ នាងបានឈ្នះ Grand Slam ២ផ្សេងទៀត (US Open ក្នុងឆ្នាំ២០០៦ និង Australian Open ក្នុងឆ្នាំ២០០៨) ក្នុងវ័យត្រឹម២១ឆ្នាំ មុនពេលឈ្នះ Grand Slam លើទីលានដីឥដ្ឋ គឺ French Open ២ដងថែមទៀត ក្នុងឆ្នាំ២០១២និង២០១៤។

កេរ្តិ៍ឈ្មោះរបស់ Sharapova បានរងការប៉ះពាល់ក្នុងឆ្នាំ២០១៦ បន្ទាប់ពីនាងត្រូវបានធ្វើតេស្តឃើញវិជ្ជមានចំពោះសារធាតុហាមឃាត់ Meldonium ដែលជា​ប្រភេទ​ថ្នាំ​ព្យាបាល​រោគ​បេះដូង។ Meldonium នេះ​ដើម​ឡើយ​​មិនស្ថិត​ក្នុង​បញ្ជី​ហាម​ឃាត់​នោះទេ ទើប​តែ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុ​ង​ខែ​មករា​ឆ្នាំ​២០១៦​នោះ​តែ​ម្ដង ពេល​នាង​ចូល​ប្រកួត Australian Open។

នាងត្រូវបានដាក់បម្រាម២ឆ្នាំ តែបានប្ដឹងតវ៉ាទៅ CAS ហើយបម្រាមនោះត្រូវបានបន្ថយមក១៥ខែវិញ។ ក្រោយផុតបម្រាមហើយត្រលប់មកទីលានប្រកួតវិញ គុណផលរបស់នាងមិនដូចពីមុនឡើយ។

Sharapova ពេលនេះបានចូលនិវត្តន៍ហើយ ប៉ុន្តែឈ្មោះរបស់នាងនឹងមិនត្រូវបានគេឈប់និយាយត្រឹមនេះឡើយ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖