អ្នកស្រី សួន ចាន្ធី ម្ដាយរបស់កីឡាការិនីជើងខ្លាំងតេក្វាន់ដូ ស៊ន សៀវម៉ី ក្នុងបទសម្ភាស៍សប្ដាហ៍មុនថា អ្នកស្រីតែងអុជធូបបន់ស្រន់សុំឲ្យកូនខ្លួនឈ្នះ រាល់ពេល ស៊ន សៀវម៉ី ប្រកួតលើឆាកអន្តរជាតិម្ដងៗ ៖«បងស្រី អាម៉ី គឺ ស៊ន ដាវីន ហ្នឹងណាតាមដាន ឲ្យតែរៀបវ៉ៃគេម៉ោប្រាប់ខ្ញុំហើយថាម៉ាក់ អាម៉ី វ៉ៃម៉ោងម៉ានៗ។ ចឹងខ្ញុំទៅអុជធូបហើយ បន់ជំនាងផ្ទះ ជំនាងក្លិបអាមី អីហ្នឹងណាឲ្យតាមជួយ។ យើងជឿលើផ្លូវងងឹតខ្លះ ហើយពេល អាម៉ី ឈ្នះខ្ញុំសប្បាយចិត្តខ្លាំងណាស់»។

ការបង្ហើបពីទម្លាប់របស់ស្ត្រីវ័យ៥៨ឆ្នាំរូបនេះ បានឡើងបន្ទាប់ពី ស៊ន សៀវម៉ី បានឈ្នះមេដាយមាសតេក្វាន់ដូ ដ៏គួរភ្ញាក់ផ្អើលមួយបន្ថែមទៀត សម្រាប់កម្ពុជា ក្នុងវគ្គជម្រុះអូឡាំពិកទ្វីបអាស៊ី និងមេដាយប្រាក់១ក្នុងកម្មវិធីជើងឯកអាស៊ី នៅហ្វីលីពីនសប្ដាហ៍មុន។
អ្នកស្រី សួន ចាន្ធី បន្ថែមថា អ្នកស្រីរំភើបខ្លាំងដែល ស៊ន សៀវម៉ី យកបានមេដាយមាសនៅ ថ្ងៃទី១៦មេសា ដែលជាកាដូដ៏ពិសេសចំថ្ងៃចូលឆ្នាំខ្មែរកន្លងទៅថ្មីៗ សម្រាប់គ្រួសារអ្នកស្រី ក៏ដូជាពលរដ្ឋកម្ពុជាទាំងមូល។
សូមរំលឹកថា ស៊ន សៀវម៉ី ដែលទើបឈ្នះមេដាយមាសវគ្គជម្រុះអូឡាំពិក២០១៦ ថែមទាំងជាម្ចាស់មេដាយមាស ស៊ីហ្គេម២០១៣ និង កីឡាទ្វីបអាស៊ីកាល២០១៤ផងនោះ កំពុងត្រៀមខ្លួន ឆ្ពោះទៅ ព្រឹត្តិការណ៍អូឡាំពិកនៅ ទីក្រុង រីយ៉ូ ប្រទេសប្រេស៊ីល នាខែសីហាខាងមុខ។ ដូច្នេះ ស៊ន សៀវម៉ី មានរយៈជាង៣ខែទៀត សម្រាប់ត្រៀមខ្លួន ទៅកាន់ព្រឹត្តិការណ៍កីឡាធំបំផុតរបស់ពិភពលោកនេះជាលើកដំបូងរបស់ខ្លួន ដោយពុំហ៊ានអះអាងពីក្ដីរំពឹកទុកនោះទេ ៕
អត្ថបទ និង រូបភាព៖ ប៉ែន សុផាន់ណា
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖