+855 16 757 168     samnob@keiladaily.com
KD Logo

CAMSOC ជំរុញសហព័ន្ធមួយចំនួនទាក់ទងគ្រូបរទេសមានសក្ដានុពលមកបង្ហាត់មុនស៊ីហ្គេម២០២៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 99

គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានរៀបចំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធាន។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលើកឡើងថា តាមផែនការយុទ្ធសាស្ត្រ សហព័ន្ធមួយចំនួនត្រូវ​សហការជាមួយអគ្គនាយកដ្ឋានកីឡា និង​មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន ទាក់ទងគ្រូបរទេសដែលមានគុណភាពមកជួយបង្ហាត់សម្រួចសមត្ថភាពកីឡាឲ្យបាន​កាន់តែឆាប់កាន់តែល្អ ខណៈស៊ីហ្គេម២០២៣ក៏កៀកទៅហើយដែរ។

មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ២០២០នេះ ក៏អាចមានការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅតាមបណ្ដាប្រទេសមួយចំនួនដែល​មិនមានបញ្ហា COVID 19 ដូចជា គុយបា, ឥណ្ឌា និងរុស្ស៊ី ជាដើម។ ការទាក់ទងស្វែងរកកូនខ្មែរនៅក្រៅប្រទេសដែលមានទេពកោសល្យក៏ស្ថិតក្នុងផែនការដូចគ្នា។

ក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្កម វ៉ាត់ ចំរើន បានបង្ហាញពីប្រភេទកីឡាសំខាន់ចំនួន១៧ដែលជាប្រភេទមានសក្ដានុពលអាចដណ្ដើមបានមេដាយមាសច្រើននៅឆ្នាំ២០២៣ គឺមានអត្តពលកម្ម, ហែលទឹក, តេក្វាន់ដូ WTF, ប៉េតង់, វ៉ូវីណាម, ជីជិតស៊ូ, ម៉ូតូទឹក, ប្រដាល់គុនខ្មែរ, ល្បុក្កតោ, អុកចត្រង្គ, ចំបាប់, តេក្វាន់ដូ ITF, សូហ្វតិន្នីស, ប្រដាល់សកល, បាល់ទាត់, សីដក់ (ឈិនឡូន) និងវាយកូនបាល់ (តិន្នីស)។ 

ដោយឡែក សម្រាប់បាល់ទាត់ គឺ CAMSOC បានដាក់គោលដៅយ៉ាងហោចចូលដល់វគ្គផ្ដាច់ព្រ័ត្រ​។ 


CAMSOC ក៏ជំរុញឲ្យបណ្ដារាជធានី ខេត្តទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយកាន់តែខ្លាំងពីស៊ីហ្គេមដល់ឲ្យសាធារណជនបានជ្រាប មិនថា​ ក្នុងវេទិកាសាធារណៈ ឬកិច្ចប្រជុំនានា។

ដោយសារតែ COVID 19 កំពុងតែផ្ទុះឡើង គណៈកម្មការបានផ្ដាំគ្រប់សហព័ន្ធ ទាំងកីឡាករ កីឡាការិនី រក្សាអនាម័យ​ឲ្យបានល្អ ទាំងកន្លែងស្នាក់នៅ, បន្ទប់ទឹក, កន្លែងហាត់, ឧបករណ៍នានាផងដែរ៕

អត្ថបទ ៖ អភ័យវង្ស


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖