អ្នកលេងក្បាច់ល្បុក្កតោនារី សំ ថារ័ត្ម បានបង្ហើបប្រាប់គេហទំព័រ Keila Daily នៅថ្ងៃព្រហស្បតិ៍នេះថា ការប្រកួតរបស់នាងស្ងប់ស្ងាត់ខ្លាំងចាប់តាំងពីចុងឆ្នាំ២០១៥មក តែទីផ្សារសម្ដែងទាំងក្នុងខ្សែភាពយន្ដ និង កម្មវិធីនានា ចេះតែមានភាពមមាញឹកកាន់តែខ្លាំង ដោយមានគេទាក់ទងហូរហែ។
កូនស្រីបង្កើតអតីតអ្នកកូដវីយូឡុងល្បីល្បាញ អ៊ុំ ដរ៉ា បញ្ជាក់ ៖ “កាលឆ្នាំមុនៗអី មានខាង One FC អ៊ីចឹងគេទាក់ទងប្រកួត តែឆ្នាំហ្នឹងរាងស្ងាត់។ ប៉ុន្មានខែមុនហ្នឹងមានជនជាតិប៉ាគីស្ថានទាក់ទងថាទៅប្រកួតកម្មវិធីមួយនៅវៀតណាមដែរ តែអត់ទាន់ហ៊ានទទួលទេ ព្រោះមើលទៅអត់សូវច្បាស់លាស់។ តែបើរឿងសម្ដែងវិញ រាងមមាញឹក ព្រោះមានគេទាក់ទងមករហូត បើតាមគម្រោងខែ៥ហ្នឹង ខ្ញុំទៅថតរឿងស្ដេចកន នៅសៀមរាប ព្រោះមានប្លង់ខ្ញុំមិនទាន់ថត តែបើរឿងហូលីវូដរបស់ Angelina Jolie ហ្នឹង ថតចប់ហើយ ប៉ុន្តែនៅរឿងមួយទៀតគ្រោងនឹងចេញថតចាប់ពីខែ៥ ដល់ខែ៨ ដឹកនាំដោយតួ stunt ខ្មែរបារាំងម្នាក់ឈ្មោះ ហ្សង់ ប៉ូលលី។ អ៊ីចឹង តាំងពីចុងឆ្នាំ២០១៥មក មាន៣រឿងហើយដែលខ្ញុំត្រូវសម្ដែង”។
ទាក់ទងនឹងការសម្ដែងក្នុងកម្មវិធីផ្សេងៗវិញ សំ ថារ័ត្ម ប្រាប់បែបនេះ ៖ “ថ្ងៃទី៦ ខែក្រោយ មានគេហៅទៅបង្ហាញក្បាច់គុននៅសណ្ឋាគារសូហ្វីថែល ហើយអ្នកខ្លះវិញ គេដឹងថា យើងជាម្ចាស់មេដាយអ៊ីចឹង គេទាក់ទងទៅសម្ដែង ហើយថតរូបជាមួយ គេគិតតម្លៃអីតាមហ្នឹងអ៊ីចឹងទៅ”។
ម្ចាស់មេដាយសំរិទ្ធកម្មវិធីមហោស្រពយុទ្ធសិល្បិ៍អន្តរជាតិឆ្នាំ២០១៦ បញ្ជាក់ថា នាងពេញចិត្តចំពោះការងារបច្ចុប្បន្ន ទោះពេលខ្លះជាកម្មវិធីសប្បុរសធម៌សម្ដែងមិនគិតប្រាក់ក្ដី ព្រោះបាន ផ្សព្វផ្សាយក្បាច់គុនល្បុក្កតោខ្មែរ និង រួមចំណែកជួយដល់សង្គមជាតិផងដែរ៕
អត្ថបទ ៖ សែន សំរេចតេជះ
រូបភាព ៖ PNN
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖