+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធប៉េតង់ផ្ដល់តួនាទីពិសេសពីរដល់អ្នកស្រី កែ ឡេង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 459

ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រកាសថា អ្នកស្រី កែ ឡេង នឹងទទួលបានតួនាទីពិសេសចំនួនពីរ គឺជាប្រឹក្សាសហព័ន្ធ និង​ជាគ្រូបង្វឹកក្នុងកម្រិតណាមួយ។

ថ្នាក់ដឹកនាំខាងលើថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានស្ដីពីការចូលនិវត្តន៍របស់អ្នកស្រី កែ ឡេង ពីកីឡាប៉េតង់។ ឯកឧត្តម ស សុខា អះអាងថា ទោះចូលនិវត្តន៍ពីប៉េតង់មែន ប៉ុន្តែម្ចាស់មេដាយមាសពិភពលោក៤សម័យរូបនេះមិនទៅណាឆ្ងាយឡើយ។


ឯកឧត្តម ស សុខា រៀបរាប់បែបនេះ "៖ គាត់អត់ទៅណាឆ្ងាយនោះទេ សហព័ន្ធបានប្រជុំ និងតាំងតែងជាទីប្រឹក្សាសហព័ន្ធ និងទី២ ជាគ្រូបង្វឹកកម្រិតណាមួយ ដែលសហព័ន្ធនឹងពិភាក្សាបន្ថែមទៀត ។ ទី៣ បងស្រីត្រូវបានផ្ដល់ការលើកទឹកចិត្តពីសម្ដេចតេជោ ក្នុងក្របខណ្ឌទ័ព និងតួនាទៅនៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ។ បន្ដបន្ទាប់ទៀត សហព័ន្ធពិភពលោក ក៏នឹងមានការសរសើរពិសេសដល់អ្នកស្រី កែ ឡេង ។ ចឹងបទពិសោធ និងជោគជ័យ មានលុយរាប់រយលាន ក៏ទិញមិនបាន ។ ចឹងគ្រូល្អ ក៏គេអាចខ្លាចរអារដែរ។"

ឯកឧត្តម ស សុខា ក្នុងនាមជា​ប្រធានសហព័ន្ធក៏បានបង្ហាញការដឹងគុណដល់ការខិតខំប្រឹងប្រែងរបស់​អ្នកស្រី កែ ឡេង ក្នុងប្រភេទកីឡាមួយនេះអស់រយៈពេល២៣ឆ្នាំក្នុងនាមជាកីឡាការិនី។ ឯកឧត្តម អះអាងថា សហព័ន្ធបានរៀបចំគោលការណ៍រួចរាល់ហើយដើម្បីអភិវឌ្ឍធនធានថ្មីឲ្យបាន ជាពិសេសចំណាយពេលរកបានសមិទ្ធផលកាន់តែច្រើនថែមទៀត នាពេលខាងមុខ ទោះត្រូវចំណាយពេលយូរបន្តិចក្ដី។

ក្នុងវ័យ៥៧ឆ្នាំនៅឆ្នាំ២០២០នេះ អ្នកស្រី កែ ឡេង បានប្រលូកក្នុងកីឡាប៉េតង់ពីឆ្នាំ១៩៩៧ ហើយស្នាដៃដ៏អស្ចារ្យ គឺឈ្នះមេដាយមាសប៉េតង់ពិភពលោក៤សម័យជាប់គ្នាលើវិញ្ញាវាយទោល ពីឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩។

អ្នកស្រី កែ ឡេង បញ្ជាក់ថា ការសម្រេចចិត្តចូលនិវត្តន៍ ដោយសារ​តែ​សុខភាពកាន់តែចុះខ្សោយ ជាពិសេសភ្នែក ដែលត្រូវការមើលទៅឆ្ងាយ៕





សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖