+855 16 757 168     samnob@keiladaily.com
KD Logo

KOICA ផ្តល់សម្ភារៈកីឡាតេក្វាន់ដូ ជូនដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 153

អង្គការអ្នកស្ម័គ្រចិត្ត KOICA បានឧបត្ថម្ភសម្ភារៈកីឡាតេក្វាន់ដូ ជូនដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ WT បានបង្ហាញនូវអំណរគុណចំពោះឯកឧត្តម PARK Heung Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក RHO Hyunjun ប្រធានអង្គការអ្នកស្ម័គ្រចិត្ត KOICA ដែលជានិច្ចកាលតែងតែបានផ្តល់ការគាំទ្រ និងផ្តល់សម្ភារៈហ្វឹកហាត់កីឡាតេក្វាន់ដូ នាពេលកន្លងមក ក៏ដូចជានៅពេលនេះ ដើម្បីជួយលើកកម្ពស់បន្ថែមដល់ការហ្វឹកហាត់របស់ប្រភេទកីឡាតេក្វាន់ដូ នៅកម្ពុជាកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមទៀតថា ជាការពិត ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូ យើងបានបញ្ជ្រាបការហ្វឹកហាត់នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយតម្រូវឲ្យគរុសិស្សរៀនប្រភេទកីឡានេះ ហើយនៅពេលបញ្ចប់២ឆ្នាំ គឺពួកគាត់អាចប្រឡងចេញបាន និងទទួលបានខ្សែក្រវាត់ខ្មៅ។ តាមរយៈការទទួលបាននូវសម្ភារៈកីឡានាពេលនេះនឹងជួយលើកកម្ពស់ដល់ការហ្វឹកហាត់នៅទីនេះកាន់តែល្អបន្ថែមទៀត។




ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្តាំផ្ញើដល់គ្រូបង្រៀន ដែលចេញទៅបម្រើការងារនៅតាមគ្រឹះស្ថានសិក្សានានានៅតាមបណ្តាខេត្ត សូមលើកកម្ពស់បង្កើតជាក្លិប និងលើកកម្ពស់ការហ្វឹកហាត់លើប្រភេទកីឡា តេក្វាន់ដូនេះ ក្នុងគោលបំណងពង្រីកចំនួនកីឡាករ កីឡាការិនីកាន់តែសម្បូរបែប ក៏ដូចជាបង្កើនគុណភាពបច្ចេកទេសកាន់តែល្អ។ ជាមួយគ្នានោះឯកត្តមរដ្ឋមន្ត្រី ស្នើឲ្យមានការចូលរួមការប្រកួតប្រចាំឆ្នាំថ្នាក់ខេត្ត ក្លិប ដើម្បីជ្រើសរើសកីឡាករ កីឡាការិនី ចូលរួមប្រកួតថ្នាក់ជាតិ ដែលទាំងអស់នេះគឺជាយុទ្ធសាស្ត្រត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។



លោកស្រី ហ៊ូ សិទ្ធិសោភាល័យ នាយិកាវិទ្យាស្ថានអប់រំកាយ និងកីឡាបញ្ជាក់ជូនថា កិច្ចសហប្រតិបត្តិការ តាមរយៈអ្នកស្ម័គ្រចិត្តនៃអង្គការ KOICA និងក្រោមការជួយជ្រោមជ្រែងពីលោកគ្រូ ឆយ យ៉ុងស៊ុក ដែលជាគ្រូជម្រើសជាតិកីឡាតេក្វាន់ដូនៅកម្ពុជា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទទួលបានជំនួយជាបន្តបន្ទាប់ ហើយនៅពេលនេះ គឺវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទទួលបានសម្ភារៈហ្វឹកហាត់កីឡាតេក្វាន់ដូអង្គការ KOICA ដែលមានតម្លៃសរុបចំនួន ៣៥,៥១៦ ដុល្លាអាមេរិក ដែលសម្ភារៈទាំងនោះមានដូចជា៖ ប្រព័ន្ធការពារ និងប្រព័ន្ធដាក់ពិន្ទុ ចំនួន២ឈុត ហ៊ុមការពារខ្លួនអេឡិចត្រូនិចព៌ណក្រហម និងខៀវ ចំនួន១០ និងមួកការពារ ក្បាលអេឡិចត្រូនិចពណ៌ក្រហម និងខៀវចំនួន៦ ឧបករណ៍ទទួលនិងបញ្ចូនទិន្នន័យចំនួន២ ឧបករណ៍ចុចបន្ថែមពិន្ទុពីចៅក្រមចំនួន៦ ស្រោមជើងអេឡិចត្រូនិចចំនួន២០ កម្រាលតេក្វាន់ដូចំនួន២៨៨ផ្ទាំង ស្មើនឹង២ទីលាន ឯកសណ្ឋានតេក្វាន់ដូ ២០០ឈុត ឧបករណ៍កាន់ទាត់ចំនួន៤០ ម៉ាស៊ីនត្រជាក់បញ្ឈរចំនួន២ កុំព្យូទ័រ២ឈុត Monitor២ឈុត និងខ្សែ HDMI ចំនួន ៤ឈុត។ រាល់សម្ភារៈទាំងអស់ដែលបានផ្តល់ជូននេះ គឺនឹងត្រូវបានប្រើប្រាស់ ដើម្បីឲ្យគរុនិស្សិតបានហ្វឹកហាត់កីឡាជំនាញប្រកបដោយគុណភាព និងមានសមត្ថភាពអាចបន្តបង្ហាត់ និងផ្សព្វផ្សាយពីប្រភេទកីឡានេះនៅតាមសាលារៀន និងសហគមន៍ ក៏ដូចជាអាចបើកក្លឹបកីឡាតេក្វាន់ដូតាមរាជធានីខេត្ត ក្រោយបញ្ចប់ការសិក្សាពីវិទ្យាស្ថាន៕

ប្រភព ៖ CAMSOC


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖