+855 16 757 168     samnob@keiladaily.com
KD Logo

កិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈអចិន្ត្រៃយ៍ CAMSOC ផ្តោតសំខាន់លើពិធីបើក-បិទ និងការរត់ភ្លើងគុប ស៊ីហ្គេម ២០២៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 125

ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍លើរបៀបវារៈសំខាន់ៗ នៅព្រឹកថ្ងៃអង្គារ៍ ទី១៣ ខែតុលា ឆ្នាំ២០២០ ដើម្បីត្រៀមរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។



ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារនៃកិច្ចប្រជុំនេះថា កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួនពីរ គឺបន្តពិភាក្សា និងត្រួតពិនិត្យលើវឌ្ឍនភាពគណៈកម្មការពិធីបើក-ពិធីបិទ ស៊ីហ្គេម ២០២៣ និងការត្រៀមរៀបចំការរត់ភ្លើងគុប។


របៀបវារៈទី១ ត្រូវបានឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន បញ្ជាក់ថា សម្រាប់ការរៀបចំពិធីបើក-បិទ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ យើងមានគណៈកម្មការជំនាញរបស់ខ្លួន ដោយមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាអ្នកជំនាញ ដែលមានព្រឹទ្ធាចារ្យ ឯកឧត្តមរដ្ឋលេខាធិការ ដែលជាក្រុមការងារពិសេសជួយជ្រោមជ្រែងរៀបចំពិធីបើកបិទនេះ ដោយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌បានគាំទ្រ និងជំរុញយ៉ាងខ្លាំងដល់ការរៀបចំនេះ។ យើងឃើញថា ការរៀបចំជាកម្លាំងនេះមានលទ្ធផលល្អ ហើយការបញ្ជាក់បន្ថែមរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានអង្គប្រជុំ បានដាក់ចេញឲ្យដំណើរការនាពេលខាងមុខឆាប់ៗនេះ ដោយឲ្យធ្វើការឲ្យបានរួចរាល់ នៅក្នុងកិច្ចសហការប្រឹក្សាយោបល់ពីភាគីចិនជាមួយខាងជំនាញវប្បធម៌កម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ព្រឹទ្ធាចារ្យវប្បធម៌ជាអ្នករៀបចំ និងបង្ហាញនូវរបៀបរបបនៃអរិយធម៌ដ៏រុងរឿងរបស់ខ្មែរតាំងពីបុរាណរហូតដល់បច្ចុប្បន្ន និងរំលេចចេញមកដល់នយោបាយឈ្នះៗ ដែលជាសម័យរុងរឿងសម័យតេជោរបស់យើង។ ពិធីបើក-បិទនេះ គឺយើងត្រូវធ្វើយ៉ាងណា ឲ្យមានការទទួលខុសត្រូវ ការប្រទាក់ក្រឡាជាមួយនឹងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដោយឯកឧត្តមបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ឲ្យយើងកំណត់ឲ្យហើយថា តើយើងត្រូវប្រមែប្រមូលធនធានមនុស្សមកពីស្ថាប័នណាខ្លះ ដើម្បីត្រៀមឲ្យពិធីបើក-បិទនេះ មានធនធានមនុស្សគ្រប់គ្រាន់ ដូច្នេះពិធីបើក-បិទនេះ ត្រូវការទាំងអ្នកជំនាញ ត្រូវកាធនធានមនុស្សសម្រាប់ការហ្វឹកហាត់ត្រៀមដែលត្រូវចាប់ផ្តើមពីឆ្នាំក្រោយនេះរហូតដល់ឆ្នាំ២០២៣តែម្តង។ សម្រាប់សមាសភាពចូលរួមសម្តែងក្នុងពិធីបើក-បិទនេះ គឺមានខាងកងយោធពលខេមរភូមិន្ទ ដែលចំបាច់ត្រូវមានចំនួនដ៏ច្រើន រួមទាំងខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកជំនាញ ព្រមទាំងត្រូវការសមាសភាពធនធានមួយចំនួនទៀតពីក្នុងចំណោមយុវជន ដែលជាសិស្សនិស្សិតរបស់យើង។ ការបង្ហាញនៅក្នុងពិធីបើក-បិទនេះ គឺយើងត្រូវសង្កត់ធ្ងន់ទៅលើការបង្ហាញពីមូលដ្ឋានគ្រឹះ ភាពអស្ចារ្យនៃអរិយធម៌ វប្បធម៌របស់យើង ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងរៀបចំនូវភាពលម្អិត ដើម្បីបង្ហាញចេញនូវភាព «ឯក» នៅក្នុងវប្បធម៌ខ្មែរ។

«នៅក្នុងពិធីបើក-បិទនេះ យើងបានរៀបចំជាគ្រោងរួចរាល់អស់ហើយៗមានប្រក្រតីទិនពិធីបើក-បិទរួចដែរ ហើយនៅថ្ងៃនេះយើងបានចុះហត្ថលេខាលើប្រក្រតីទិនការងារនៃពិធីបើក-បិទ ដែលយើងបានផ្តល់ជូនដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីសម្រេចចុងក្រោយ ដែលប្រក្រតីទិននេះមានតាមលំដាប់លំដោយ ប្រយោជន៍ផ្តល់ភាពងាយស្រួល ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនូវវឌ្ឍនភាពការងារជាបន្តបន្ទាប់»។



ចំពោះរបៀបវារៈទី២ ដែលផ្តោតសំខាន់លើការរត់ភ្លើងគុប ស៊ីហ្គេម ឆ្នាំ២០២៣នេះ ក៏យើងបានកំណត់នូវពេលវេលាច្បាស់លាស់រួចរាល់ហើយដែរ ហើយនៅសប្តាហ៍ក្រោយៗទៀត យើងនឹងលម្អិតនូវកម្មវិធីរត់ភ្លើងគុបនេះ ដែលត្រូវប្រារព្ធពិធីសុំភ្លើងគុបពីព្រះអាទិទេព រួចហើយត្រូវរត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចេញទៅបណ្តាប្រទេសទាំង១០ផ្សេងទៀត ដែលជាសមាជិកអាស៊ីអាគ្នេយ៍ ហើយរត់ចូលមកកម្ពុជាវិញ រហូតដល់ពិធីបើកផ្លូវការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ នេះជាការបញ្ជាក់ជូនបន្ថែមរបស់ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន៕

ប្រភព : CAMSOC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖