+855 16 757 168     samnob@keiladaily.com
KD Logo

CAMSOC បន្តពិភាក្សលើគម្រោងនៃពិធីបើក-បិទ ស៊ីហ្គេម ២០២៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 68

ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំកិច្ចប្រជុំលើផ្នែកបច្ចកេទេស ជាមួយគណៈកម្មការវប្បធម៌ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ។



ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសាររួមក្រោយបញ្ចប់កិច្ចប្រជុំនេះថា នេះជាកិច្ចប្រជុំចង្អៀតដោយផ្តោតលើផ្នែកបច្ចេកទេសជាមួយព្រឹទ្ធាចារ្យវប្បធម៌ ដើម្បីពិនិត្យ និងឆ្លុះបញ្ចាំងនូវនីតិវិធីទស្សនីយភាព សម្រាប់ពិធីបើក-បិទនៃស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជាត្រៀមទទួលក្រុមការងារបច្ចេកទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងអញ្ជើញមកកម្ពុជា នាខែធ្នូ ឆ្នំា២០២០ ក្នុងគោលបំណងដើម្បីបន្ស៊ីគ្នារវាងវប្បធម៌យើង និងរវាងបច្ចេកវិទ្យាទំនើប ពីព្រោះថា តាមការអនុម័ត នៅក្នុងអង្គប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ នៅវិមាន មិត្តភាព ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធាន CAMSOC បានឯកភាពឲ្យគណៈកម្មការវប្បធម៌នៃ CAMSOC ធ្វើការជាមួយភាគីចិន ដែលជាដៃគូ ក្នុងការជួយជ្រោមជ្រែងដល់ការរៀបចំពិធីបើក-បិទស៊ីហ្គេមនេះ។



ឯកឧត្តមអគ្គលេខាធិការបន្ថែមថា អង្គប្រជុំព្រឹកនេះ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រយ៍ CAMSOC បានឲ្យយើងផ្តោតសំខាន់លើកម្មវិធីលម្អិតនីមួយៗ ក៏ដូចជាកម្មវិធីមុន កម្មវិធីផ្លូវការពិធីបើក ដែលមហាជននឹងមកមុន១ម៉ោង ឬមុន២ម៉ោង ដែលយើងត្រូវបង្ហាញអ្វីខ្លះ ដើម្បីឲ្យមហាជន យុវជនទទួលបានភាពរីករាយ និងរំភើបផ្តល់ការគាំទ្រដល់ពិធីនេះ ដែលនេះនឹងរៀបចំផែនការមួយដែរ មុនពិធីបើកជាផ្លូវការ។ ជាមួយគ្នានោះ អង្គប្រជុំ ក៏បានពិនិត្យមើលលើរបៀបរបបនៃពិធីបើកបិទនៃព្រឹត្តិការណ៍ស៊ីហ្គេម កីឡាអាស៊ី អូឡាំពិកហ្គេមជាដើមផងដែរ ដោយសារកម្ពុជាទើបនឹងទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាលើកដំបូង ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ដោយកម្ពុជាចង់ប្រារព្ធពិធីបើកបិទនេះនឹងផ្ទុះឡើងនូវភាពអស្ចារ្យមួយ ដែលបណ្តាប្រទេសធ្លាប់ធ្វើស៊ីហ្គេម កន្លងមកមិនធ្លាប់បានឃើញនូវមូលដ្ឋានគ្រឹះនៃខឿនវប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរយើង ដែលមានវ័យចំណាស់មួយ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយ នៅក្នុងស្រុកផង ក៏ដូចជាអាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោកទាំងមូលផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា នៅដើមឆ្នាំ២០២១ យើងនឹងរៀបចំប្លង់លម្អិត នៃការហ្វឹកហាត់សម្តែង ហើយនៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២១ ការហ្វឹកហាត់ទ្រង់ទ្រាយធំនឹងបន្តជាប់រហូតដល់ឆ្នាំ២០២៣តែងម្តង ហើយការហ្វឹកហាត់សម្តែងនេះគឺត្រូវការមនុស្សច្រើន ដែលយើងត្រូវតែរៀបចំផែនការលម្អិតច្បាស់លាស់ ដើម្បីទាក់ទាញនៃពិធីបើកបិទឲ្យកាន់តែអស្ចារ្យ៕

ប្រភព៖ CAMSOC


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖