+855 16 757 168     samnob@keiladaily.com
KD Logo

កម្មវិធីគុណតម្លៃអូឡាំពិកឈានដល់ខេត្តកំពង់ស្ពឺហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 59


កម្មវិធីគុណតម្លៃអូឡាំពិក ឬ Olympic Value and Education បានធ្វើដំណើរទៅដល់ទឹកដីខេត្តកំពុងស្ពឺហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ដែលប្រព្រឹត្តទៅនៅវិទ្យាល័យឆាយឆុប ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន១០០នាក់ ហើយក្នុងនោះក្រៅពីផ្សព្វផ្សាយតម្លៃនៃកីឡាអូឡាំពិក ក៏មានការអប់រំស្ដីពីការការពារជំងឺកូវី១៩ផងដែរ។


លោក តុប បញ្ញា ប្រធានគ្រប់គ្រងកម្មវិធីបានឲ្យដឹងថា នេះជាលើកទី៣ហើយដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំកម្មវិធីគុណតម្លៃនេះឡើង។ ជាមួយគ្នានេះ លោកក៏បានសរសើរដល់ហេដ្ឋារចនាសម្ព័ន្ធវិទ្យាល័យឆាយឆុបនេះដែរ។


លោក តុប បញ្ញា ឲ្យដឹងបែបនេះ “៖នេះជាលើកទី៣ហើយដែលកម្មវិធីគុណតម្លៃអូឡាំពិកត្រូវបានរៀបចំឡើង បន្ទាប់ពីបានធ្វើនៅខេត្តកំពង់ធំ និងភ្នំពេញ។ ខ្ញុំមើលឃើញថា ហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អនៅវិទ្យាល័យឆាយឆុប មានទីលានកីឡាច្រើនទាំងបាល់ទាត់ បាល់បោះ ដែលងាយស្រួលដល់ការរៀបចំ។ យើងចង់ផ្សព្វផ្សាយពីការអប់រំពីការលេងកីឡា និងឲ្យសាធារណៈជន សិស្សានុសិស្សបានចូលរួមលេងកីឡាឲ្យស្របទៅនឹងគោលការណ៍ថ្នាក់ដឹកនាំដែលលើកទឹកចិត្តឲ្យប្រជាជនម្នាក់លេងកីឡាម្នាក់ និងដឹងពីការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម២០២៣ដែរ។”


ចំណែកសិស្សនារីពីររូប គឺ ខុម ស្រីនីត និង ចិត្រា រីយ៉ា បានបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមកម្មវិធីគុណតម្លៃអូឡាំពិក និងថា ការលេងកីឡាពិតជាមានអត្ថប្រយោជន៍ច្រើន ជាពិសេសមានសុខភាព និងចៀសឆ្ងាយពីអំពើអបាយមុខក្នុងសង្គម។


លោក កង សុវណ្ណ នាយកវិទ្យាល័យឆាយឆុបក៏មានក្ដីសោមនស្សដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជ្រើសរើសវិទ្យាល័យរបស់លោករៀបចំកម្មវិធីនេះ។ លោកថា វាជួយឲ្យសិស្សានុសិស្សបានដឹងពីគុណតម្លៃកីឡា។


ក្រៅពីការលេងកីឡា លោក តុប បញ្ញា បញ្ជាក់ថា ក៏មានការចូលរួមពីវាគ្មិនពីររូប គឺលោក ប៊ុយ សុភ័ណ្ឌ ដែលធ្វើបទបង្ហាញពីដំណើរឆ្ពោះទៅនៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។ សម្រាប់លោក ញ៉ាន សុខវិសាល វិញបានបង្ហាញពីចលនាកីឡា និងគុណតម្លៃអូឡាំពិក៕




សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖