+855 16 757 168     samnob@keiladaily.com
KD Logo

ចាប់ពីឆ្នាំ២០២១ គណៈកម្មការជំនាញទាំងអស់នៃ CAMSOC ចាប់ផ្តើមធ្វើការសម្រុកឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 103

ចាប់ពីឆ្នាំ២០២១តទៅ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលមានគណៈកម្មការជំនាញចំនួន១៤ ក្រោមឱវាទរបស់ខ្លួនឹងត្រូវចាប់ផ្តើមធ្វើសកម្មភាពការងារសម្រុកយ៉ាងសកម្ម ដើម្បីសម្រួចគោលដៅឲ្យបានរួចរាល់ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣។ 

នេះជាការលើកឡើរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំ ក្រោមការដឹកនាំអង្គប្រជុំ ប្រចាំសប្តាហ៍ពីឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយពីសម្រាកមួយរយៈដោយសារវិបត្តិជំងឺកូវីដ-១៩។ 

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ឆ្នាំ២០២១ គឺជាឆ្នាំចាប់ផ្តើមឆ្ពោះទៅទទួលរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលយើងមានផែនការច្បាស់លាស់ក្នុងការរៀបចំ ការហ្វឹកហាត់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។ គណៈកម្មការជំនាញទាំង១៤នៃCAMSOC នឹងចាប់ផ្តើមធ្វើការងារចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តាមផែនការរបស់ខ្លួន ដើម្បីឲ្យទាន់ពេលវេលា។ ចាប់ពីពេលនេះតទៅ គ្រប់គណៈកម្មការជំនាញទាំងអស់ ត្រូវធ្វើការយ៉ាងសកម្ម ដើម្បីឲ្យប្រាកដប្រជាថា ដល់ឆ្នាំស៊ីហ្គេម ២០២៣ អ្វីៗទាំងអស់ត្រូវរួចរាល់គ្រប់ជ្រុងជ្រោយទាំងអស់ ដូចជាកម្មវិធីរត់ភ្លើងគុបនៅកម្ពុជា និងនៅបណ្តាប្រទេសអាស៊ាន, ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ, ការប្រកួតមុនស៊ីហ្គេមជាដើម ដោយឆ្នាំ២០២១ និងឆ្នាំ២០២២ គឺជាឆ្នាំពិសេសក្នុងការត្រៀមខ្លួនឲ្យបានរួចរាល់។ 



ឯកឧត្តមអគ្គលេខាធិការបន្ថែមថា នៅក្នុងកិច្ចប្រជុំថ្ងៃនេះទទួលបានលទ្ធផលល្អប្រសើរ ដោយគណៈកម្មការជំនាញទាំងអស់បានយល់ច្បាស់ពីផែនការយុទ្ធសាស្ត្ររៀងៗខ្លួន ដើម្បីសម្រុកធ្វើសកម្មភាពការងារទៅតាមដំណាក់កាលនីមួយៗ ប្រកបដោយភាពច្បាស់លាស់ ការទទួលខុសត្រូវខ្ពស់ ស្របតាមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ហើយយើងនឹងធ្វើរបាយការណ៍ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។ ក្រោយបញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំក្នុងគណៈកម្មការជំនាញទាំងអស់ បានដើរពិនិត្យការិយាល័យនានា ក៏ដូចជាបានទៅមើលការិយាល័យទូរទស្សន៍ឯកទេសកីឡា CSTV ដែលជាទូរទស្សន៍ជំនាញ ក្នុងការផ្សព្វផ្សាយរួមដំណើរឆ្ពោះទៅ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។ 



«អ្វីដែលសំខាន់នៅពេលនេះ គឺយើងមិនដើរថយក្រោយទេ ពោលគឺយើងត្រូវតែដើរឆ្ពោះទៅមុខយ៉ាងសកម្ម ប្រកបដោយភាពជឿជាក់ ដោយពីឆ្នាំ២០២១ រហូតដល់ឆ្នាំស៊ីហ្គេម ២០២៣ គឺរួចហើយជាស្រេច ក្នុងពេលដែលហ្គេម បានចាប់ផ្តើម។ ឥឡូវនេះ គឺយើងបានធ្វើការតាមប្រក្រតីទិនការងារ ស្របទៅតាមបរិបទថ្មីនៃស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ដោយតាមអនុសាសន៍ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឲ្យធ្វើអនាម័យជាប់ជាប្រចាំ នៅតាមការិយាល័យធ្វើការ ឯកសារនានា និងការងារមួយចំនួនអាចធ្វើការតាមប្រព័ន្ធតេឡេក្រាមក្នុងក្រុមជាដើម ដែលបរិបទថ្មីនៃការងារ នេះអាចជួយជំរុញឲ្យកិច្ចការនានាដំណើរការបានដោយរលូន។ នៅក្នុងទម្រង់បែបបទការងារថ្មីនេះ យើងអនុញ្ញាតឲ្យអ្នកប្រចាំការផ្នែករដ្ឋបាលត្រឹមតែ៣នាក់ទេ នៅក្នុងគណៈកម្មការជំនាញនីមួយៗ ខណៈសមាជិកថ្នាក់ដឹកនាំ មន្ត្រីស្ម័គ្រចិត្តនៅក្នុងក្រុមនីមួយៗមាន១០នាក់ ២០នាក់ និងរហូតដល់ជាង៣០នាក់ក៏មាន ដែលនេះគឺជាវិធានការចូលរួមទប់ស្តាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖