+855 16 757 168     samnob@keiladaily.com
KD Logo

ការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិគ្រោងរៀបចំឡើងវិញ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២១

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 79

ការប្រកួតកីឡារំាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ គ្រោងនឹងរៀបចំឡើងវិញ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយប្រើប្រាស់តាមរបៀបរបបការប្រកួតអន្តរជាតិ និងតាមទម្រង់ស៊ីហ្គេម ដើម្បីសម្រួចគោលដៅឆ្ពោះទៅរៀបចំជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបញ្ជាក់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះថា បន្ទាប់ពីមានការលើកពេលជាច្រើនលើកនូវការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពេលនេះ សហព័ន្ធបានត្រៀមរៀបចំការប្រកួតឡើងវិញជាផ្លូវការ រយៈពេល១ថ្ងៃពេញ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២០១ខាងមុខឆាប់ៗនេះ។



លោកស្រីអគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ នឹងធ្វើឲ្យស្របតាមទម្រង់ស៊ីហ្គេមកន្លងទៅ ដោយនឹងពង្រឹងលើផ្នែកបច្ចេកទេសលើការដាក់ពិន្ទុយ៉ាងតឹងរឹងហ្មត់ចង់ជាទីបំផុត ដើម្បីសម្របបច្ចេកទេសរបស់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសឲ្យមានគុណភាព ស្របតាមស្តង់ដារអន្តរជាតិ ជាពិសេសគឺទម្រង់ស៊ីហ្គេម ពីព្រោះថា សហព័ន្ធកីឡារាំ ក៏ដូចជាសហព័ន្ធកីឡាជាតិនានារបស់កម្ពុជាកំពុងខិតខំដុសខាត់ពង្រឹងគុណភាពរបស់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ក្នុងការសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ស្របតាមផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)។

លោកស្រី ហង់ ស៊ីមន បន្ថែមទៀតថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នំានេះកាន់តែពិសេស ក្នុងការស្វែងរកធនធានប្រកបដោយគុណផលខ្ពស់ៗ ដើម្បីជ្រើសរើសបាននូវជ័យលាភីតាមប្រភេទវិញ្ញាសានីមួយៗ បន្តការហ្វឹកហាត់ត្រៀមទៅប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាអំឡុងខែវិច្ឆិកា ឆ្នំា២០២១ផងដែរ។



គួរបញ្ជាក់ថា ការប្រកួតកីឡារំាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០នេះ មានវិញ្ញាសាដាក់ឲ្យប្រកួតចំនួន១៥វិញ្ញាសា ក្នុងនោះមានដូចជាវិញ្ញាសារាំគូ រាំឯកត្តជន។ ចំពោះលក្ខខណ្ឌនៃការជ្រើសរើសឲ្យចូលរួមប្រកួត បេក្ខជនគឺជាកីឡាករ កីឡាការិនីក្នុងសមាគម ក្លឹបរាជធានី-ខេត្ត ដែលជាសមាជិករបស់សហព័ន្ធកីឡារាំកម្ពុជា ដែលមានអាយុចាប់ពី៨ឆ្នាំឡើង ព្រមទាំងមានកាយសម្បទាល្អផងដែរ៕

រូបភាពឯកសារ ការប្រកួតជើងឯកថ្នាក់ជាតិកីឡារំា ឆ្នាំ២០១៩ (សហព័ន្ធកីឡារាំកម្ពុជា)

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖