+855 16 757 168     samnob@keiladaily.com
KD Logo

៦៤នាក់ចូលរួមប្រជែងជើងឯកថ្នាក់ជាតិ កីឡាអុកចត្រង្គ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 68

កីឡាករចំនួន៦៤នាក់ មកពី១៧ក្លឹបពីរាជធានីខេត្តនានា បានចូលរួមប្រកួតប្រជែងជើងឯក នៅក្នុងការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដោយបើកការប្រកួតនៅព្រឹកថ្ងៃទី៥ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅក្លឹបសេះខៀវ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានឲ្យដឹងថា កីឡាករដែលចូលរួមចំនួន៦៤នាក់នេះ មកពីក្លឹបចំនួន១៧ ដោយ៧ក្លឹបមកពីខេត្តចំនួន៧ និង១០ក្លឹបទៀតនៅរាជធានីភ្នំពេញ ក្រោមការរៀបចំដោយសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា នៃគម្រោងថវិកា៣មុខសញ្ញា គឺរដ្ឋបាល ២០% ការបណ្តុះបណ្តាល ៣៥% និងការប្រកួត ៤៥%។ សហព័ន្ធបានចាត់ទុកថា ការប្រកួតនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹង និងលើកស្ទួយវិស័យកីឡាអុកចត្រង្គ ដែលជាកេរ្តិ៍មរតកដូនតាខ្មែរ ដើម្បីបន្តការអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាប្រពៃណីវប្បធម៌ជាតិមួយនេះទាំងថ្នាក់ជាតិ ក៏ដូចជាអន្តរជាតិ ជាពិសេសគឺសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។



លោក ឃាង ពីវ អនុប្រធានសព័ន្ធកីឡាអុកចត្រង្គកម្ពុជាលើកឡើងថា នេះជាលើកទី៣ ដែលសហព័ន្ធបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះឡើង នៅក្នុងគោលបំណងបណ្តុះបណ្តាលធនធានកីឡាករ នៅតាមក្លឹបទាំង១៨ ដែលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធ ដើម្បីបង្កើនសមត្ថភាពដល់កីឡាករ កីឡាការិនីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះដែរ លោកអនុប្រធានរូបនេះបានលើកឡើងនូវវឌ្ឍនភាពការងារ ដែលសម្រេចបានជាផ្លែផ្កាជាបន្តបន្ទាប់ចាប់តាំងពីសហព័ន្ធត្រូវបានបង្កើតឡើងជាផ្លូវាការក្នុងឆ្នាំ២០១៧ មករហូតដល់បច្ចុប្បន្ន។ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការគំាទ្រពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រភេទកីឡាអុកចត្រង្គ ត្រូវបានជ្រើសរើសបញ្ជូលជាវិញ្ញាសាប្រកួត នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រជាលើកដំបូង ក្នុងឋានៈជាស្ថាបិកនៃតំបន់មួយនេះ។ ដូច្នេះហើយ ដើម្បីដើរស្របតាមផែនការយុទ្ធសាស្ត្រ សហព័ន្ធកំពុងតែខិតខំផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ដើម្បីប្រជែងមេដាយមាសជូនជាតិ ក៏ដូចជាបង្ហាញជូនដល់ពិភពលោកផងដែរ។

លោកអនុប្រធានបន្ថែមថា ដើម្បីឲ្យទទួលបានជ័យជម្នះ សហព័ន្ធកំពុងខិតខំផលិតធនធានកីឡាករ កីឡាការិនីតាមរយៈការប្រកួតជើងឯកថ្នាក់ជាតិរៀងរាល់ឆ្នាំ និងមានការចូលរួមយ៉ាងសំខាន់ពីកីឡាករខ្លាំងៗ មានការប្រយុទ្ធ លើក្តារអុកជាក់ស្តែង ទេពកោសល្យ វិធីសាស្ត្រលេងអុកចត្រង្គ រួមទាំងក្បួនយុទ្ធសាស្ត្រដទៃទៀតផងដែរ៕

ប្រភព: Camsoc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖