ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានអញ្ជើញចុះត្រួតពិនិត្យមើលគណៈកម្មការជំនាញនីមួយៗរបស់ CAMSOC ស្ថិតនៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។
បើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ការចុះត្រួតពិនិត្យតាមដានរបស់ឯកឧត្តមបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ គឺដើម្បីដឹងថាមានមន្ត្រីប្រចាំការនៅតាមគណៈកម្មការជំនាញនីមួយៗគ្រប់គ្រាន់ ហើយឬនៅ ដើម្បីជំរុញការងាររដ្ឋបាលរបស់គណៈកម្មការជំនាញទាំងអស់បានដើរព្រមគ្នា ចាប់ពីពេលនេះតទៅ ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបានឡើងទៀតថា នេះជាការងារសំខាន់ក្នុងការរៀបចំខ្លួនលើកិច្ចការនានា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត ថោង ខុន ហើយបើកាលណាគណៈកម្មការជំនាញទាំងអស់ ដើរព្រមគ្នាស្របតាមផែនការយុទ្ធសាស្ត្រ នោះដំណើរការឆ្ពោះទៅរៀបចំ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងទទួលបានជោគជ័យ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានគណៈកម្មការជំនាញរបស់ខ្លួនសរុបចំនួន១៤៕
ប្រភព : Camsoc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖