+855 16 757 168     samnob@keiladaily.com
KD Logo

ឯកឧត្តមបណ្ឌិត ថោង ខុន៖ ឆ្នាំ២០២១ជាឆ្នាំហ្វឹកហាត់ឲ្យបានខ្លាំងក្លាឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 95

ឆ្នាំ២០២១ គឺជាឆ្នាំត្រូវខិតខំហ្វឹកហាត់ចេញឲ្យបានខ្លាំងក្លា ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ ក្នុងការចេញដំណើរឆ្ពោះទៅទទួលរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅក្នុងឱកាសបិទការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៤ ប្រចាំឆ្នាំ២០២០ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅសាលដំបូលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ 

ឯកឧត្តមបណ្ឌិត ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ទៀតថា ធ្វើយ៉ាងណាឲ្យការត្រៀមខ្លួនរបស់យើងបានពី៧០ទៅ៨០% ទាំងការហ្វឹកហាត់របស់កីឡាករ កីឡាការិនី ការបណ្តុះបណ្តាលគ្រូបង្វឹក អាជ្ញាកណ្តាលជាដើម ហើយនៅឆ្នាំ២០២១នេះដែរ ក៏យើងត្រូវត្រៀមចូលរួមប្រកួត កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ហើយនៅឆ្នាំ២០២៣ ដល់ស៊ីហ្គេម លើកទី៣២ នៅកម្ពុជាហើយ។ តាមពិតទៅ ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាបានត្រៀមខ្លួនតាមផែនការមេ បានកំណត់នូវប្រភេទកីឡាចំនួន៣៥ ប៉ុន្តែក្នុងនាមជាម្ចាស់ផ្ទះ ក៏មានប្រភេទកីឡាខ្លះ ក៏កម្ពុជាអត់ដែរ ដូច្នេះហើយយើងជ្រើសរើសប្រភេទកីឡាណា ដែលមានសក្តានុពល។ បន្ទាប់ពីបញ្ចប់ស៊ីហ្គេម នៅវៀតណាមរួចហើយ ពេលត្រឡប់មកវិញ យើងនឹងកំណត់ជាថ្មី ហើយយើងប្រមូលផ្តុំកម្លាំងគ្រប់ផ្នែកទាំងអស់ ដើម្បីត្រៀមប្រកួតប្រជែងមេដាយឲ្យបានច្រើនជាងស៊ីហ្គេម មុនៗ។ 



ឯកឧត្តមបណ្ឌិត ថោង ខុន បន្ថែមថា ដើម្បីត្រៀមការចូលរួមប្រកួតក្នុងស៊ីហ្គេម នេះ ភាគីចិនបានត្រៀមទទួល កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ១០០នាក់ ក្នុងនោះមានក្រុមជម្រើសជាតិកីឡាកាយសម្ព័ន្ធចំនួន១០នាក់ផងដែរ ដើម្បីហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលវែង។ ជាមួយគ្នានោះឯកឧត្តមបណ្ឌិតក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់ឲ្យបានល្អ ដើម្បីប្រកួតប្រជែងមេដាយឲ្យបានច្រើន ក្នុងនាមជាម្ចាស់ផ្ទះ ម្យ៉ាងទៀតអ្វីដែលសំខាន់មួយទៀត គឺការទទួលបដិសណ្ឋាកិច្ចឲ្យបានល្អ ប្រកបដោយភាពកក់ក្តៅសម្រាប់មិត្តភ័ក្ត្រជាសមាជិកអាស៊ានដូចគ្នា និងភ្ញៀវអន្តរជាតិនានា រួមទាំងពិធីបើក ពិធីបិទ ការទទួលការស្នាក់នៅ ហូបចុក បញ្ហាសន្តិសុខសុវត្ថិភាពជាដើម ដែលអ្វីៗទាំងអស់នេះយើងខិតខំធ្វើឲ្យបានល្អប្រសើរ ពីព្រោះថាកម្ពុជាយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ហើយប្រសិនបើគ្មានសុខសន្តិភាព ក៏យើងមិនអាចអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យកីឡាក៏មានការរីកចម្រើនជាបន្តបន្ទាប់ ដែលនៅក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាយើងមានពាក្យស្លោក ដែលសម្រេច និងប្រើប្រាស់ជាផ្លូវការ គឺកីឡារស់ក្នុងសន្តិភាព។ 



ឯកឧត្តមបណ្ឌិត ថោង ខុន សង្កត់ធ្ងន់ថា "ការប្រកួតចាញ់ឈ្នះក្នុងកីឡាជារឿងមួយ ប៉ុន្តែអ្វីដែលសំខាន់ កីឡា តែងតែធ្វើឡើងក្នុងអត្ថន័យមិត្តភាព និងសាមគ្គីភាព ហើយឆ្លងកាត់ការប្រកួតកីឡាយើងបានកសាងនូវមិត្តភ័ក្រ្ត កិច្ចសហការជាអន្តរជាតិ ហើយអ្វីដែលពិសេសគឺព្រឹត្តិការកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នំា២០២៣ នៅកម្ពុជានឹងជួយផ្សព្វផ្សាយពីកម្ពុជាយើងក្នុងគោលដៅមួយប្រកបដោយសុខសន្តិភាព សុវត្ថិភាព ហើយជាគោលដៅទេសចរណ៍មួយដ៏ល្អ ក្នុងការទាក់ទាញភ្ញៀវអន្តរជាតិឲ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។ «ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នឹងបង្ហាញនូវការខិតខំរបស់កម្ពុជា ក្នុងគោលដៅអប់រំសង្គម កម្ពុជាស្អាត កម្ពុជាគឺជាប្រទេសមួយ ដែលជាគោលដៅគ្មានគ្រឿងញៀន ជាគោលដៅមួយគ្មានគ្រោះថ្នាក់ចរាចរ រួមជាមួយនឹង គោលដៅបំផុសស្មារតី ប្រជាជនម្នាក់លេងកីឡាមួយមុខ"៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖