+855 16 757 168     samnob@keiladaily.com
KD Logo

ការប្រកួតគុនល្បុក្កតោជើងឯកថ្នាក់ជាតិ គឺជាការពង្រឹងគុណភាពឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 100

ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បានបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលការ៉ាតេនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយថ្នាក់ដឹកនាំសហព័ន្ធបានចាត់ទុកថា ការប្រកួតនេះគឺជាការសម្រួចគោលដៅដ៏ធំឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ 



ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំចូលរួមប្រកួតប្រជែងមេដាយរបស់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡារិនីគ្រប់បណ្តាក្លឹបមកពីរាជធានី-ខេត្តទាំងអស់ ជាពិសេសគឺក្នុងការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០នេះ ទទួលបានការគំាទ្រជាថវិកាជាង ១៦,៨៥០ដុល្លារអាមេរិក ពីក្រុមហ៊ុនសម្រស់ធម្មជាតិ ដើម្បីជួយទ្រទ្រង់ដល់ដំណើរប្រកួតនេះកាន់តែមានលក្ខណៈពិសេសជាងបណ្តាឆ្នាំមុនៗ។ ការជួយជ្រោមជ្រែងទាំងអស់នេះ គឺដើម្បីគោលបំណងអភិរក្ស និងអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោ ដែលជាក្បាច់គុនព្រលឹងវប្បធម៌ អត្តសញ្ញាណជាតិខ្មែរមួយនេះ កាន់តែរីកធំធាត់ទាំងថ្នាក់ជាតិ និងសកលលោក។ តាមរយៈការប្រកួតឆ្នាំនេះ គឺជាការពង្រឹងគុណភាពបច្ចេកទេសឲ្យមានស្តង់ដារអន្តរជាតិ ដើម្បីសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងគោលដៅធំ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។ 



ឯកឧត្តមប្រធានសហព័ន្ធសង្កត់ធ្ងន់ថា តាមរយៈការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍក្រុមហ៊ុនសម្រស់ធម្មជាតិ កំពុងជំរុញបន្ថែម និងជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទសនៃដំណើរការអភិរក្ស និងអភិវឌ្ឍក្បាច់គុនដូនតាខ្មែរដ៏មានវ័យចំណាស់មួយនេះ ឲ្យមាននិរន្តភាព។ អ្វីដែលជាការកត់សម្គាល់បន្ថែម គឺការរចនាទីលានប្រកួត របៀបរបប បម្រើការងាររបស់មន្ត្រីគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត អាជ្ញាកណ្តាល-ចៅក្រម ក៏កាន់តែមានភាពល្អប្រសើរដូចគ្នាផងដែរ។ 



លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលបានពន្យារពេលមកប្រកួតនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ គឺមានសាលាគុនចំនួន២៤ ដែលមានប្រតិភូគ្រូបង្វឹក និងកីឡាករចំនួន ១៩៣នាក់ ចូលរួមមកពី ១០រាជធានី-ខេត្ត។ ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន១៨វិញ្ញាសា ដែលក្នុងនោះវិញ្ញាសាសម្ដែងទម្រង់មេគុនបុរសនារីមានចំនួន ១២វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធបុរស មាន៤ប្រភេទទម្ងន់ និងនារី២ប្រភេទទម្ងន់។ ឆ្នាំនេះមានការរីកចម្រើនជាងមុន ទាំងបរិមាណកីឡាករ កីឡាការិនី និងការរៀបចំទីលានប្រកួតបានល្អជាងលើកមុន ដែលភាពល្អប្រសើរនេះ អាស្រ័យដោយសហព័ន្ធទទួលបានការជួយឧបត្ថម្ភពីក្រុមហ៊ុនសម្រស់ធម្មជាតិ និងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ 



សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃនេះ គណៈកម្មការបច្ចេកទេស បានសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើ១៨វិញ្ញាសា ដោយសាលាគុនល្បុក្កតោក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស៧ ប្រាក់៦ សរុប១៣គ្រឿង, សាលាគុនល្បុក្កតោតារាជ មេដាយមាស៦ ប្រាក់១ និងសាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជ មេដាយមាស៤ ប្រាក់២។ ក្រៅពីនេះក៏មានសាលាគុនមួយចំនួនទៀតដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធមួយចំនួន ខណៈសាលាគុនល្បុក្កតោចំនួន៧ មិនដណ្តើមបានមេដាយសោះ ក្នុងចំណោមសាលាគុនចូលរួមសរុបចំនួន២៤ មកពី១០រាជធានី-ខេត្ត៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖