+855 16 757 168     samnob@keiladaily.com
KD Logo

ឯកឧត្តម ស សុខា៖ ប៉េតង់កម្ពុជាជាខ្លាកំណាចមួយនៅអាស៊ី និងពិភពលោក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 167

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាលើកឡើងថា ប្រភេទកីឡាប៉េតង់កម្ពុជា អាចចាត់ទុកថាជាខ្លាកំណាចមួយ នៅអាស៊ី និងពិភពលោក។ នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងឱកាសបើកការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តមប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបន្ថែមទៀតថា ក្នុងដំណើរការអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះ មិនមែនត្រឹមតែការខិតខំរបស់ថ្នាក់ដឹកនាំសហព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែការចូលរួមខិតខំរបស់កីឡាករ កីឡារិនី តាមបណ្តាក្លឹបរាជធានី-ខេត្តទាំងអស់ គឺជាចំណែកដ៏សំខាន់ផងដែរ។ ចាប់តំាងពីការកកើតសហព័ន្ធកាលពីឆ្នាំ១៩៩២ ក្រោមការដឹកនាំគ្រប់គ្រងអភិវឌ្ឍរបស់សម្តេចវិបុលបញ្ញា សុខ អាន និងសម្តេចក្រឡាហោម ស ខេង បានកសាងសមិទ្ធផលជាច្រើន រហូតមកដល់បច្ចុប្បន្ន បានធ្វើឲ្យវិស័យកីឡាប៉េតង់ពីបាតដៃទទេ ហើយអាចចាត់ទុកថា ជាខ្លាកំណាចមួយ នៅអាស៊ី និងពិភពលោក។ ដូច្នេះហើយឯកឧត្តមប្រធានសហព័ន្ធក៏បានជំរុញទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តការខិតខំដើម្បីបន្តការអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លា ហើយតាមរយៈការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំដ៏ធំមួយនេះ ក៏ជាការផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីតាមបណ្តារាជធានី-ខេត្ត ដើម្បីបានបង្ហាញសមត្ថភាព គុណភាពបច្ចេកទេស និងរកបានធនធានថ្មីៗបន្ថែមទៀតផងដែរ។



ឯកឧត្តមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០កន្លងមក សហព័ន្ធបានធ្វើកិច្ចការធំៗដូចជា រៀបចំការប្រកួតកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» ក៏ដូចជាការរៀបចំនូវរចនាសម្ព័ន្ធ ការតាមដានសកម្មភាពហ្វឹកហាត់ទំាងនេះ ទីពហុកីឡដ្ឋានជាតិនេះក្តី ក៏ដូចជានៅតាមបណ្តាខេត្តនានា ដែលនេះការងារស្នូលនៃការពង្រឹងគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ នៅក្នុងឆ្នាំ២០២១នេះដែរ សហព័ន្ធក៏ពិនិត្យលើការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ ស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម ជាពិសេសគឺដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គឺជាការសន្សំធនធានមនុស្សប្រកបដោយសក្តានុពលក្នុងដំណើរពោរពេញទៅដោយសុទិដ្ឋិឆ្ពោះទៅកាន់ព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ហើយសង្ឃឹមថា ឆ្នាំ២០២៣ កម្ពុជាច្បាស់នឹងក្លាយជាមហាអំណាចលើប្រភេទកីឡាប៊ូល និងប៉េតង់ ជាក់ជាមិនខាន។ ការប្រកួតកីឡាប៉េតង់ថ្នាក់ជាតិប្រចាំឆ្នាំ២០២០នេះ មានវិញ្ញាសាដាក់ឲ្យប្រកួតចំនួន៦ ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសុរបចំនួន៤៥២នាក់ ក្នុងនោះមានកីឡាករ២៨០នាក់ កីឡាការិនី ៧០នាក់ (សរុប៣៥០នាក់)។ ចំពោះវិញ្ញាសាទាំងអស់ចំនួន៦នេះ ត្រូវប្រកួតតាមរូបមន្តវិលជុំ ដែលសរុបចំនួន ៣៧០ប្រកួត៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖