+855 16 757 168     samnob@keiladaily.com
KD Logo

អគ្គលេខាធិការសហព័ន្ធតុងហ្គីលម៉ូដូជឿជាក់ថា ជើងឯកថ្នាក់ជាតិនឹងសម្រិតសម្រាំងបានកីឡាករ កីឡាការិនីឆ្នើមៗបន្ថែម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 163

ការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បានដំណើរការប្រកួតហើយ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយតំណាងសហព័ន្ធចាត់ទុកថា ជើងឯកថ្នាក់ជាតិនេះនឹងសម្រិតសម្រាំងបាននូវកីឡាករ កីឡាការិនីឆ្នើមៗ សម្រាប់ក្រុមជម្រើសជាតិត្រៀមប្រកួតប្រជែងមេដាយលើឆាកអន្តរជាតិនានា។

លោក ចំរើន សុផល អគ្គលេខាធិការសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាបញ្ជាក់ថា តាមពិតព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិ ស្ថិតក្នុងគម្រោងឆ្នាំ២០២០ ប៉ុន្តែបានពន្យារពេលមកដល់ពេលនេះ ដោយសារវិបត្តិជំងឺកូវី-១៩។ ទោះជាយ៉ាងនេះ ក៏ការប្រកួតជើងឯកថ្នាក់ជាតិកីឡាតុងហ្គីលម៉ូដូឆ្នាំ២០២០ ទទួលបានការចូលរួមពីកីឡាករ កីឡាការិនី មកពីបណ្តាក្លឹបរាជធានី-ខេត្ត បានច្រើនជាងបណ្តាឆ្នាំមុនៗដែរ ដោយមានកីឡាករ៧៣នាក់ កីឡាការិនី៣១នាក់ សរុបចំនួន១០៤នាក់ មកពី១២ក្លឹប។

លោកអគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា ការប្រកួតឆ្នាំនេះទទួលបានខេត្តចំនួន៣បន្ថែម ដូចជាខេត្តបាត់ដំបង សៀមរាប និងខេត្តកំពត ដែលធ្វើឲ្យការប្រកួតប្រជែងមេដាយលើវិញ្ញាសានីមួយៗ (១៦វិញ្ញាសា) កាន់តែខ្លាំងក្លា ហើយលោកជឿជាក់យ៉ាងមុតមាំថា តាមរយៈព្រឹត្តិការណ៍ប្រកួតដ៏ធំប្រចាំឆ្នាំនេះ នឹងបង្កើនបាននូវគុណភាពបច្ចេក ទេសរបស់កីឡាករ កីឡាការិនីកាន់តែប្រសើរ ដើម្បីឲ្យសហព័ន្ធកាន់តែមានលទ្ធផលជ្រើសរើសអត្តពលិកឆ្នើមៗ សម្រាប់ក្រុមជម្រើសជាតិ ត្រៀមឆ្ពោះទៅប្រកួតប្រជែងលើឆាកអន្តរជាតិកាន់តែរីកចម្រើន និងដណ្តើមបានកិត្តិយសជូនជាតិផងដែរ។ ការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះ ទទួលបានថវិកាគំាទ្រប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយជំរុញឲ្យគុណភាព ក៏ដូចជាដំណើរការអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះកាន់តែរីកចម្រើន។



ជាប្រភេទកីឡាសក្តានុពលមួយផងដែរ តុងហ្គីលម៉ូដូ ធ្លាប់បានប្រជែងមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីលើឆាកអន្តរជាតិ ជាពិសេសគឺធ្លាប់ឈ្នះមេដាយពីការប្រកួតជើងឯកពិភពលោកយកមកជូនជាតិ ជាបន្តបន្ទាប់ នាពេលកន្លងមក។ សម្រាប់ឆ្នាំ២០២១នេះ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ការប្រកួតកីឡាតុងហ្គីលម៉ូដូអន្តរជាតិ សហព័ន្ធមិនទាន់ច្បាស់នូវការចូលរួមប្រកួតប្រជែងមេដាយ នៅឡើយទេ ប៉ុន្តែក្នុងពេលដែលស្ថានភាពល្អប្រសើរឡើងវិញ នោះសហព័ន្ធនឹងបញ្ជូនក្រុមជម្រើសជាតិរបស់ខ្លួនចូលរួមជាបន្តបន្ទាប់ជាក់ជាមិនខានឡើយ។ នេះជាការលើកឡើងបន្ថែមរបស់លោក ចំរើន សុផល អគ្គលេខាធិការសហព័ន្ធ។

សូមបញ្ជាក់ថា ការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ធ្វើឡើងរយៈពេល៤ថ្ងៃ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដោយមាន១៦វិញ្ញាសា ដូចជាវិញ្ញាសាមេគុនឯកត្តជនបុរស-នារី, សម្តែងបច្ចេកទេសពិសេសបុរស-នារី២នាក់ កុមារចំនួន៣នាក់ និងសម្តែងជាក្រុម៤នាក់។ ចំណែកវិញ្ញាសាប្រយុទ្ធឯកត្តជន ផ្នែកនារី មានប្រភេទទម្ងន់៤៥ គីឡូក្រាម, ៥០គីឡូក្រាម, ៥៥ គីឡូក្រាម, ៦០គីឡូក្រាម និងប្រភេទទម្ងន់សេរី។ ចំពោះផ្នែកបុរស មានប្រភេទទម្ងន់ ៥៥គីឡូក្រាម ៦០គីឡូក្រាម ៦៥គីឡូក្រាម ៧០គីឡូក្រាម និងប្រភេទទម្ងន់សេរី និងផ្នែកប្រយុទ្ធជាក្រុមកុមារអាយុ១៤ឆ្នាំ៣នាក់៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖